ជាការពិតមួយចំណែកនៃបញ្ហាគឺអាចបណ្ដាលមកពីយើងខ្លួនឯងដែលធ្វើឡើងមកដោយមិនដឹងខ្លួន។ ជាក់ស្ដែងតាមរយៈពាក្យសម្ដីដែលយើងនិយាយមកក៏អាចប្រែក្លាយឱ្យរឿងតូចមួយទៅជាបញ្ហាឈឺក្បាលសម្រាប់ខ្លួនឯងដែរ។ ដូច្នេះហើយថ្ងៃនេះ AMS នឹងមកចែករំលែកជូនប្រិយមិត្តនូវពាក្យមួយចំនួនដែលគួរតែគិតមែនទែនមុនពេលនិយាយ៖
១. ចូលចិត្តត្អូញត្អែរថាអយុត្តិធម៌
ចំណុចមួយដែលត្រូវតែចងចាំគឺជីវិតរបស់យើងមិនមានយុត្តិធម៌ឡើយ ពោលត្រូវតែមានភាពលម្អៀងដោយជៀសមិនបាននោះទេ។ នៅពេលណាយើងកាន់តែត្អូញត្អែរ និងទាមទារច្រើនពេក វានឹងកាន់តែធ្វើឱ្យក្លាយជាមនុស្សដែលមានការគិតក្មេងខ្ចី និងទន់ខ្សោយជាមិនខាន។ ដូច្នេះជំនួសឱ្យការនិយាយពាក្យថាអយុត្តិធម៌ យើងគួរតែយកពេលនោះទៅកែលម្អខ្លួនឯងឱ្យមានសមត្ថភាពខ្លាំងជាងមុន ដើម្បីបង្ហាញទៅគេថាយើងមិនមែនជាមនុស្សអន់ឡើយ។
២. មិនអីទេ
ជាធម្មតានៅពេលដែលអ្នកណាម្នាក់មកពឹងពាក់យើងឱ្យធ្វើរឿងអ្វីមួយហើយ យើងក៏ច្រើនតែប្រើពាក្យថា “មិនអីទេ” ដើម្បីជាការគួរសមក្រោយពេលគេនិយាយអរគុណមកកាន់យើងវិញ។ ប៉ុន្តែការនិយាយពាក្យថា “មិនអីទេ” ញឹកញាប់សម្រាប់មនុស្សមិនចេះក្រែងចិត្តគឺប្រៀបដូចជាការផ្ដល់ឱកាសឱ្យពួកគេកេងចំណេញផលប្រយោជន៍ពីយើងបានរហូត។ ដូច្នេះបន្ទាប់ពីជួយអ្នកដទៃហើយ យើងគួរតែព្យាយាមប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់ណាមួយដើម្បីឱ្យគេបានដឹងពីការខិតខំយ៉ាងលំបាករបស់យើង ជាជាងលាក់ទុកការលំបាកតែម្នាក់ឯង។
៣. មិនទទួលយកគំនិតអ្នកដទៃ
ការប្រកាន់យកតែគំនិតខ្លួនឯងជាធំមិនត្រឹមតែធ្វើឱ្យរាំងស្ទះការងារប៉ុណ្ណោះទេ ប៉ុន្តែក៏សាងជាភាពមិនពេញចិត្តបណ្ដាលឱ្យរកាំរកូសជាមួយមនុស្សជុំវិញខ្លួនទៀតផង។ ដូច្នេះយើងគួរតែគិតឡើងវិញ រៀនយកគំនិតអ្នកដទៃមកគិតប្រៀបធៀបថាមួយណាល្អជាងដើម្បីកែលម្អ និងឆ្ពោះទៅរកគោលដៅរួមមួយដែលរឹតតែល្អប្រសើរ៕