មាន​អ្វី​កើត​ឡើង ពេល​ដែល​ប្រទេស​ជប៉ុន​មាន​យុវជន​ “ទាត់ខ្យល់” ​ដល់​រាប់​លាន​នាក់?​

មនុស្ស​ដែល​មិន​ធ្វើ​ការងារ​អ្វី​សោះ​ នៅ​ប្រទេស​ជប៉ុន​ត្រូវ​បាន​គេ​ហៅថា​ក្រុម​ NEET ឬ​ជា​ភាសា​ជប៉ុន​ហៅថា​ Neeto។​ NEET ជា​ពាក្យ​កាត់​មក​ពី​​ភាសា​អង់គ្លេស​ថា​ Not in Education Employment or Training​ សំដៅ​លើ​បុគ្គល​ដែល​មិន​ស្ថិត​ក្នុង​ស្ថានភាព​ការសិក្សា​ ធ្វើការ​ ឬ​ហាត់​ការ​អ្វី​ឡើយ។​ ចុះ​ បច្ចុប្បន្ន​នេះ​ ប្រទេស​ជប៉ុន​មាន​ក្រុម​ NEET ​ច្រើន​កម្រិត​ណា?​

ភាគ​ច្រើន​ នៅ​ក្នុង​ប្រទេស​ជប៉ុន​ក្រុម​ NEET​ នេះ​មាន​អាយុ​ជា​មធ្យម​ចន្លោះ​ពី​ 18-34​ ឆ្នាំ​ដែល​ជា​វ័យ​ស្ថិត​ក្នុង​ការ​សិក្សា​ ឬ​វ័យ​ចាប់​ផ្តើម​ចូល​ធ្វើការ។​ ប៉ុន្តែ​មនុស្ស​ទាំង​នេះ​ បែរ​ជា​នៅ​តែ​ផ្ទះ​ លេង​ហ្គេម​ ឬ​ដេកស៊ី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។​ អ្នក​ខ្លះ​ដល់​ថ្នាក់​ កុហក​មិត្តភ័ក្ដិ​ កុហក​អ្នក​ផ្ទះ​ថា​ មាន​ការងារ​ល្អ​ខ្ពង់ខ្ពស់​ ព្រលឹម​បាត់​ព្រលប់​ចូល​ ប៉ុន្តែ​ការ​ពិត​ទៅ​លេង​ហ្គេម​ ឬ​ទៅ​តូប​ហ្គេម​ពេញ​មួយ​ថ្ងៃ។

ក្រុម​ NEET ​ទាំង​នេះ​ នៅ​តែ​ផ្ទះ​ ចាំ​ដេក​ស៊ី​ចាយ​លុយ​ឪពុក​ម្តាយ។​ បើ​អ្នក​ណា​ដែល​គ្រួសារ​មាន​ជីវភាព​ធូរធារ​ ពួក​គេ​អាច​មាន​លុយ​ចេញ​ទៅ​ចាយ​វាយ​នៅ​ខាង​ក្រៅ។​ តែ​បើ​គ្រួសារ​ខ្លះ​ ឪពុក​ម្តាយ​ចូល​និវត្តន៍​ ហើយ​អាស្រ័យ​តែ​លើ​ប្រាក់​សោធន​និវត្តន៍ តែ​ប្រាក់​នេះ​​បាន​មិន​ច្រើន​ទេ​ ដែល​តម្រូវ​ឱ្យ​ឪពុក​ម្តាយ​ទាំង​នោះ​ត្រូវ​ចេញ​ទៅ​រក​ការងារ​ធ្វើ​បន្ថែម​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​កូន។​

មូលហេតុ​ដែល​ក្លាយ​ខ្លួន​ជា​ក្រុម​ NEET​ មាន​ច្រើន​ប្រការ​ រួម​មាន ៖

.​ មក​ពី​មាន​ភាព​ធុញទ្រាន់​នឹង​ជីវិត​ការងារ​ដែល​ស្មុគស្មាញ​ និង​សែន​តានតឹង​របស់​សង្គម​ការងារ​ក្នុង​ប្រទេស​ជប៉ុន។​

.​ មាន​អារម្មណ៍​អស់​សង្ឃឹម​ក្នុង​ជីវិត​ការសិក្សា​ ត្រូវ​គេ​បន្តុះ​បង្អាប់​ក្នុង​ថ្នាក់​រៀន​ពី​មុន​មក​ ធ្វើឱ្យ​មនុស្ស​ជា​ច្រើន​សុខ​ចិត្ត​ដក​ខ្លួន​ចេញ​ពី​សង្គម។​

៣.​ ការ​ចិញ្ចឹម​បីបាច់​របស់​គ្រួសារ​មួយ​ចំនួន​ដែល​ទម្រើស​កូន​ តាម​ចិត្ត​កូន​ខ្លាំង​ពេក​ ធ្វើឱ្យ​កូនៗ​មិន​អាច​សម្រប​ខ្លួន​តាម​លក្ខខណ្ឌ​ជីវិត​ក្នុង​សង្គម​បាន។​

ក្រុម​ NEET​ ដែល​សម្ងំ​តែ​ក្នុង​ផ្ទះ​មិន​ចេញ​ក្រៅ​សោះ​យូរៗ​ទៅ​ ប្រឈម​នឹង​ក្លាយ​ទៅ​ជា​ ហ៊ិគិកូម៉ូរិ​ (Hikikomori)​ ឬ​បុគ្គល​ដែល​មិន​ចេញ​ទៅ​ក្រៅ​ជួប​គេ​ជួប​ឯង​ក្រៅ​ពី​សមាជិក​គ្រួសារ​ដែល​ខ្លួន​រស់នៅ​ជាមួយ​​លើស​​ ៦​ ខែ​។​ បើ​សួរ​ថា​ក្រុម​ NEET​ នេះ​មាន​ច្រើន​កម្រិត​ណា​ទៅ​ នៅ​ក្នុង​ប្រទេស​ជប៉ុន?​ ចម្លើយ​គឺ​មិន​អាច​បញ្ជាក់​បាន​យ៉ាង​ច្បាស់លាស់​នោះ​ទេ​ ដោយសារ​តែ​ក្រុម​ NEET​ ភាគ​ច្រើន​មិន​ទទួល​ស្គាល់​ថា​ខ្លួន​ស្ថិត​ក្នុង​ប្រភេទ​នេះ​ទេ។​ ប៉ុន្តែ​គេ​ក៏​បាន​ប៉ាន់ប្រមាណ​ថា​ អាច​មាន​យ៉ាង​ហោច​ណាស់​ ៦​ សែន​ ៥​ ម៉ឺន​នាក់។​ ខាង​អង្គការ​ OECD​ ក៏​បាន​ប៉ាន់ស្មាន​ដែរ​ថា​ អាច​មាន​ក្រុម​ NEET ច្រើន​ជាង​ ១​ លាន​នាក់​ទូទាំង​ប្រទេស​ជប៉ុន។​

ក្រៅ​ពី​ក្រុម​ NEET ​ ហើយ​ ក្នុង​ប្រទេស​ជប៉ុន​នៅ​មាន​មនុស្ស​មួយ​ក្រុម​ទៀត​ហៅ​ថា​ Freeter​ ឬ​ជា​ភាសា​ជប៉ុន​ហៅថា​ ហ្រ្វីតៈ​ (Freeta)

Freeta​ មក​ពី​ការ​រួម​បញ្ចូល​គ្នា​នៃ​ពាក្យ​ភាសា​អង់គ្លេស​ថា​ Free​ រួម​ជាមួយ​នឹង​ពាក្យ​ភាសា​អាល្លឺម៉ង់​ Arbeiter​ មានន័យ​ថា​ អ្នក​ធ្វើការ។​ ពេល​រួម​បញ្ចូល​គ្នា​ទៅ​ មាន​ន័យ​ថា​ អ្នក​ធ្វើការ​ជា​រយៈៗ​ (បើ​និយាយ​ឱ្យ​ស្រួល​ស្តាប់​ទៅ​ មាន​អី​ធ្វើ​ហ្នឹង​ឱ្យ​តែ​បាន​លុយ)។​ ភាគច្រើន​ការងារ​របស់​ Freeter​ មិន​សូវ​មាន​គុណភាព​ និង​ទទួល​បាន​ប្រាក់ឈ្នួល​អប្បបរមា​ ដូចជា​ ការងារ​ក្នុង​ផ្សារ​ទំនើប​ ឈរ​ចែក​ផលិតផល​សាកល្បង​ ឬ​ធ្វើការ​ក្នុង​ភោជនីយដ្ឋាន។​

មូលហេតុ​ដែល​ពួក​គេ​ក្លាយ​ជា​ Freeter​ ដោយសារ​​នឿយហត់​នឹង​ភាព​តានតឹង​ក្នុង​ការងារ​ពេញ​ម៉ោង​ ទើប​ដាក់​ពាក្យ​លា​ឈប់​ហើយ​ចេញ​មក​ធ្វើ​ការងារ​តូចតាច​វិញ។​ មនុស្ស​ក្រុម​នេះ​ មាន​ទំនោរ​ផ្លាស់​ប្តូរ​ការងារ​គ្រប់​ពេល​វេលា​ អ្នក​ខ្លះ​សុខ​ចិត្ត​រង់ចាំ​ការងារ​ក្នុង​ក្តី​ស្រមៃ​រហូត​ដល់​មិន​ព្រម​ធ្វើ​ការងារ​ពេញ​ម៉ោង​ផ្សេង​ទៀត។​ Freeter​ ខ្លះ​នៅ​ផ្ទះ​ជាមួយ​ឪពុក​ម្តាយ​ តែ​ក៏​មាន​មិន​តិច​នាក់​ដែរ​ដែល​ចេញ​ទៅ​រក​បន្ទប់​ជួល​តម្លៃ​ថោកៗ​នៅ​ម្នាក់ឯង​ព្រោះ​ក្រុម​គេ​នៅ​មាន​ចំណូល​ខ្លះ​ដែរ។​ អ្នក​ខ្លះ​និយម​ផ្លាស់​ទីលំនៅ​ជា​រឿយៗ​តាម​ការ​ផ្លាស់​ប្តូរ​របស់​ការងារ។​ ចំនួន​ Freeter​ ក៏​ពិបាក​ក្នុង​ការ​ប៉ាន់ស្មាន​ដែរ​ ព្រោះ​ដូច​ដែល​រៀបរាប់​ខាង​លើ​ គឺ​ក្រុម​គេ​មិន​ទទួល​ស្គាល់​ខ្លួនឯង។​ ប៉ុន្តែ​ក៏​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ត្រួសៗ​ថា​មាន​ Freeter​ ប្រហែល​ ១០​ លាន​នាក់​នៅ​ក្នុង​ប្រទេស​ជប៉ុន។​

ស្ថានភាព​ក្នុង​សង្គម​ជប៉ុន​ដែល​ពោរពេញ​ដោយ​ក្រុម​ NEET និង​ Freeter​ បាន​បង្ក​បញ្ហា​សេដ្ឋកិច្ច​ជា​ច្រើន

បើ​យក​ចំនួន​ក្រុម​ NEET និង​ Freeter​ រួម​បញ្ចូល​គ្នា​ នឹង​ឃើញ​ថា​ មាន​ច្រើន​ដល់​ទៅ​ ១១​ លាន​នាក់​ ឬ​ ស្មើ​នឹង​ 8%​ នៃ​ប្រជាជន​ជប៉ុន​ ឬ​ស្មើ​នឹង​ 15%​ នៃ​មនុស្ស​វ័យ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន។​ ស្ថានភាព​ក្នុង​សង្គម​ជប៉ុន​ដែល​ពោរពេញ​ដោយ​ក្រុម​ NEET និង​ Freeter​ បាន​បង្ក​បញ្ហា​សេដ្ឋកិច្ច​ជា​ច្រើន​ ដូចជា​ ធ្វើ​ឱ្យ​សហគ្រិន​កាន់​តែ​លំបាក​ក្នុងការ​ស្វែងរក​បុគ្គលិក​ ទាំង​ដែល​ជប៉ុន​កំពុង​ខ្វះខាត​កម្លាំង​ពលកម្ម​ស្រាប់​ទៅ​ហើយ។​ អាជីវកម្ម​ជា​ច្រើន​អាច​នឹង​ត្រូវ​បិទ​ ឬ​ប្តូរ​ទីតាំង​ទៅ​វិនិយោគ​ទៅ​ប្រទេស​ផ្សេងៗ។​

តម្លៃ​នៃ​ផលិតផល​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន​ក៏​កំពុង​ធ្លាក់​ទៅ​ៗ​ដែរ។​ នៅ​ឆ្នាំ​ 1995​ GDP​ របស់​ប្រទេស​ជប៉ុន​មាន​ចំនួន​ 5.4​ ទ្រី​លាន​ដុល្លារ​ដែល​ធ្លាប់​ច្រើន​ជាង​ GDP​ របស់​ប្រទេស​ផ្សេង​ទៀត​ក្នុង​អាស៊ី​បូក​បញ្ចូល​គ្នា​ទៀត។​

ប៉ុន្តែ​ជិត​ ៣០​ ឆ្នាំ​ក្រោយ​មក​ GDP​ របស់​ជប៉ុន​មាន​ចំនួន​ ៥​ ទ្រីលាន​ដុល្លារ​ (ឆ្នាំ​ 2020) ដែល​ស្ទើរតែ​មិន​ខុស​គ្នា​ពី​ GDP​ កាល​ពី​ឆ្នាំ​ 1995​ ឡើយ។​ អាច​និយាយ​បាន​ថា​ សេដ្ឋកិច្ច​របស់​ជប៉ុន​ស្ទើរតែ​នៅ​នឹង​មួយ​កន្លែង​អស់​រយៈពេល​ជិត​ ៣០​ ឆ្នាំ​មក​ហើយ​ រហូត​ដល់​មនុស្ស​លើ​លោក​ស្គាល់​ជប៉ុន​ក្នុង​ឈ្មោះ​ថា​ “៣​ ទសវត្ស​ដែល​សាបសូន្យ”។​

កត្តា​សំខាន់ៗ​ដែល​ធ្វើឱ្យ​កើត​មាន​ “៣​ ទសវត្ស​ដែល​សាបសូន្យ”​ នេះ​គឺ​មក​ពី​ចំនួន​ប្រជាជន​ធ្លាក់ចុះ​ និង​ឈាន​ចូល​ដល់​សង្គម​មនុស្ស​ចាស់។​ នៅ​ប្រទេស​ជប៉ុន​ មាន​មនុស្ស​ចាស់​អាយុ​លើស​ពី​ 65​ ឆ្នាំ​ស្មើនឹង​ 28.4%​ នៃ​ប្រជាជន​សរុប​ (2020)។​ នៅ​មាន​បញ្ហា​ស្មុគស្មាញ​ជាង​នេះ​គឺ​ មាន​មនុស្ស​វ័យ​ធ្វើការ​មិន​តិច​ទេ​ដែល​ក្លាយ​ទៅ​ជា​ក្រុម​ NEET។​ នៅ​ពេល​ខ្វះ​កម្លាំង​ពលកម្ម​ ធ្វើឱ្យ​ការ​ប្រមូល​ពន្ធ​សម្រាប់​ចំណាយ​លើ​ផ្នែក​ផ្សេងៗ​មាន​ការ​កាត់បន្ថយ។​ ការ​ចិញ្ចឹម​មនុស្ស​ចាស់​ជរា​នៅ​ប្រទេស​ជប៉ុន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មាន​ការ​កើន​ឡើង។​ បន្ទុក​របស់​គ្រួសារ​ដែល​ត្រូវ​ចិញ្ចឹម​ក្រុម​ NEET​ ជា​បន្ទុក​ធ្ងន់​ណាស់។​ អ្នក​ខ្លះ​អាយុ​ដល់​លេខ​ ៤​ ហើយ​ប៉ុន្តែ​នៅ​តែ​ពឹង​លើ​លុយ​ឪពុក​ម្តាយ។​ អ្នក​ខ្លះ​ទៀត​ ឪពុក​ម្តាយ​ក៏​ចូល​និវត្តន៍​ទៅ​ហើយ។​

នៅ​ពេល​ដែល​ប្រជាជន​មាន​ចំណូល​មិន​គ្រប់គ្រាន់​ មនុស្ស​មួយ​ចំនួន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ ដែល​បង្ក​ជា​បញ្ហា​សង្គម​ថែម​ទៀត។​ ក្រុម​ NEET​ និង​ Freeter​ ភាគ​ច្រើន​មាន​ទំនោរ​ទៅ​រស់នៅ​ម្នាក់ឯង​ មិន​ចង់​រៀបការ​មាន​គ្រួសារ​ឡើយ។​ អត្រា​កំណើត​របស់​ជប៉ុន​ដែល​កំពុង​ធ្លាក់ចុះ​ស្រាប់​ហើយ​ កាន់​តែ​ធ្លាក់​បន្ថែម​ទៀត។​

បញ្ហា​កំពុង​កើត​ឡើង​បែប​នេះ តើ​រដ្ឋាភិបាល​ជប៉ុន​មាន​ដំណោះស្រាយ​បែប​ណា?

រដ្ឋាភិបាល​បាន​មើល​ឃើញ​ចំណុច​នេះ​ ហើយ​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​ក្រុម​ NEET​ និង​ Freeter​ តាំង​ពី​ឆ្នាំ​ 2004​ ដោយ​មាន​ការ​រៀបចំ​កម្មវិធី​ Job Education​ ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​សាសា​ដើម្បី​ឱ្យ​សិស្ស​ និស្សិត​បាន​យល់​បន្ថែម​ និង​មាន​ទំនោរ​ល្អ​ចំពោះ​ពិភព​ការងារ​នៅ​ជប៉ុន​នា​ពេល​អនាគត។​ ក្រៅ​ពី​នេះ​ក៏​មាន​ការ​បន្ថែម​កិច្ចប្រតិបត្តិការ​រវាង​សាកលវិទ្យាល័យ​ និង​ភាគ​ធុរកិច្ច​ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​សិស្ស​ និស្សិត​បាន​ចុះ​កម្មសិក្សា​ និង​ស្វែងយល់​ពី​ជីវិត​ការងារ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន រួម​ទាំង​រៀបចំ​ជំរំ​យុវជន​ឱ្យ​ពួក​គេ​ជួប​ជាមួយ​អ្នកដទៃ​ដើម្បី​បណ្តុះ​ជំនាញ​សង្គម​ឱ្យ​កាន់​តែ​ប្រសើរ។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ មើល​ទៅ​បញ្ហា​ទាំង​នេះ​ទំនង​ជា​មិន​ធូរស្រាល​ឡើយ​ ព្រោះ​ទស្សនៈ​ធ្វើ​ការងារ​នៅ​ជប៉ុន​មាន​ភាពមោះមុត​ ត្រូវ​លះបង់​ឱ្យ​ក្រុមហ៊ុន​និង​ការងារ​ខ្លាំង​ពេក។​ នេះ​ជា​មូលហេតុ​ដែល​ជំរុញ​ឱ្យ​មនុស្ស​ជំនាន់​ថ្មី​ជ្រើសរើស​ក្លាយ​ខ្លួន​ជា​ក្រុម​ NEET និង​ Freeter។​ ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​រក្សា​សេដ្ឋកិច្ច​ជប៉ុន​ឱ្យ​ដើរ​ទៅ​មុខដូចជា​ ការ​ពន្យារ​អាយុ​ចូល​និវត្តន៍​ដល់​ 65​ ឆ្នាំ​ ដើម្បី​បាន​ពន្ធ​ប្រាក់​បៀវត្ស​ និង​ទទួល​បុគ្គលិក​បរទេស​បន្ថែម​ដើម្បី​ជំនួស​បុគ្គលិក​ដែល​បាត់បង់​ទៅ​ (មនុស្ស​ចាស់​ និង​អ្នក​បោះបង់​ការងារ)។​

នេះ​ក៏​ជា​រឿង​ដែល​គួរ​ឱ្យ​គិត​ដែរ​ថា​ តើ​សង្គម​ជប៉ុន​នឹង​ទៅ​ជា​យ៉ាង​ណា​បន្ទាប់​ទៀត?​ ជាពិសេស​នៅ​ឆ្នាំ​ 2050​ ឬ​ 30​ ឆ្នាំ​ទៅ​មុខ​ទៀត​ ប្រទេស​ជប៉ុន​មាន​មនុស្ស​ចាស់​អាយុ​លើស​ពី​ 65​ ឆ្នាំ​ ឬ​ស្មើ​នឹង​ 37.6%​ នៃ​ប្រជាជន​សរុប ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជប៉ុនផលិត «ទូទឹកកកក្លាសេមនុស្ស» ដើម្បីទប់ទល់នឹងកម្ដៅដែលកើនឡើងដល់ ៤០ អង្សាសេ

បញ្ហាកម្ដៅឡើងខ្លាំង បានរុញច្រានឱ្យក្រុមហ៊ុនមួយនៅជប៉ុនផលិតទូរទឹកកកសម្រាប់ក្លាសេមនុស្ស លក់ចេញក្នុងតម្លៃ ៩ ៣០០ ដុល្លារអាមេរិក ដោយមានអតិថិជនគោលដៅជាអ្នកធ្វើការតាមការដ្ឋានសំណង់ រោងចក្រ និងឃ្លាំង

អ្នកដឹកនាំរឿង Odyssey៖ ភាពយន្តខ្លាំងមិនបាច់ពឹង CG ជីវិតពិតមិនបាច់ពឹងស្មាតហ្វូន

អ្នកគាំទ្រភាពយន្តហូលីវូដភាគច្រើនអាចនឹងចងចាំហើយថាភាពយន្តរបស់ Christopher Nolan ដែលជាផលិតករ អ្នកដឹកនាំ និងជាអ្នកនិពន្ធពីក្រោយភាពយន្តធំៗដូចជា The Odyssey, Oppenheimer និង Interstellar... គឺ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់