អានហើយ​ឈប់​ចាញ់​បោក​អ្នក​លក់! ​យុទ្ធសាស្ត្រ​​លក់ និង​ដាក់ថ្លៃ​ ១០​យ៉ាង ដែល​​អ្នក​ទិញ​ជាប់​អន្ទាក់​អ្នក​លក់​​ញឹក​បំផុត​​

នៅ​លើ​ទីផ្សារ​ មាន​ផលិតផល​ និង​ សេវា​កម្ម​ច្រើន​ប្រភេទ​ ដែល​ទំនិញ​នីមួយៗ​មាន​យុទ្ធ​សាស្ត្រ​កំណត់​តម្លៃ​ខុសៗ​គ្នា​។ ប៉ុន្តែ​ថ្ងៃ​នេះ AMS មាន​យុទ្ធសាស្ត្រ​​ ១០​ យ៉ាង​ដែល​ចង់​ចែក​រំលែក​ឱ្យ​ប្រិយមិត្ត​បាន​ដឹង ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រិយមិត្ត​ជា​អ្នក​លក់​ និង​អ្នក​ទិញ​ផង​ដែរ៖​

យុទ្ធសាស្ត្រ​ទី​ ១០៖​ “Cost plus pricing”​ កំណត់​តម្លៃ​តាម​ដើមទុន​របស់​ផលិតផល​
នេះ​ជា​យុទ្ធសាស្ត្រ​សាមញ្ញ​បំផុត​ហើយ​ក៏​ស្មុគស្មាញ​បំផុត​ដែរ។​ ដំបូង​គណនា​ថ្លៃដើម​ក្នុង​មួយ​ឯកតា​របស់​ទំនិញ​ បន្ទាប់​មក​បូក​បន្ថែម​ប្រាក់​ចំណេញ​ដែល​ចង់​បាន​ នោះ​នឹង​រក​ឃើញ​តម្លៃ​លក់។​ ដើមទុន​ទាំងនោះ​អាច​រួម​មាន​ថ្លៃ​ផលិត​ ថ្លៃ​វេចខ្ចប់​ ថ្លៃ​ដឹក​ជញ្ជូន​ ថ្លៃ​ជួល​កន្លែង​លក់ និង​ថ្លៃ​ធ្វើ​ទីផ្សារ​ជា​ដើម។​ តួយ៉ាង​ កាហ្វេ​មួយ​កែវ​ត្រូវ​ចំណាយ​ដើមទុន​ជា​មធ្យម​ ៤០០០៛​ ដូច្នេះ​បើ​ម្ចាស់​យីហោ​ចង់​ចំណេញ​ ២០០០៛​ គេ​នឹង​កំណត់​តម្លៃ​លក់​ ៦០០០៛។​

យុទ្ធសាស្ត្រ​ទី​ ៩៖​ “Seasoning pricing”​ ការកំណត់​តម្លៃ​តាម​រដូវ​កាល​
វិធី​នេះ​ស័ក្ដិសម​នឹង​អនុវត្ត​ជាមួយ​ផលិតផល​ និង​សេវាកម្ម​ដែល​មាន​ការលក់​ទាក់ទង​នឹង​រដូវ​កាល។​ ជា​ឧទាហរណ៍​ នៅ​ថ្ងៃ​ឈប់​សម្រាក​ ឬ​បុណ្យ​ជាតិ​ ផ្ទះ​សំណាក់​ សណ្ឋាគារ​នឹង​ឡើង​ថ្លៃ​ដោយសារ​អតិថិជន​មាន​តម្រូវការ​ខ្ពស់​ជាង​ធម្មតា​ ហើយ​ពួកគេ​សុខចិត្ត​ចំណាយ​ក្នុង​តម្លៃ​ខ្ពស់​ជាង​ធម្មតា។​ ផ្ទុយ​ទៅ​វិញ​ប្រសិនបើ​នៅ​ក្នុង​រដូវ​កាល​ដែល​មាន​តម្រូវការ​ទាប​ នោះ​វា​នឹង​មាន​តម្លៃ​ថោក​ជាង​ពេល​ធម្មតា​ រួម​ជាមួយ​នឹង​កម្ម​វិធី​ប្រូម៉ូសិន​ផ្សេងៗ​ ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អតិថិជន។​ ការកំណត់​តម្លៃ​នេះ​ក៏​អាច​ធ្វើ​សម្រាប់​ការលក់​ប្រចាំ​ថ្ងៃ​បាន​ដែរ។​ ដូចជា​រោង​កុន​ដែល​នៅ​តាម​ផ្សារទំនើប​ ចាប់​ពី​ម៉ោង​ ១០​ ដល់​ម៉ោង​ ១១​ព្រឹក​ តម្លៃ​សំបុត្រ​កុន​នឹង​ថោក​ជាង​ធម្មតា​ ឬ​មាន​ប្រូម៉ូសិន​ ដោយសារ​ជា​ពេល​ដែល​ផ្សារ​ទើប​នឹង​បើក​ មិន​សូវ​មាន​អតិថិជន​ច្រើន។​

យុទ្ធសាស្ត្រ​ទី​ ៨៖​ “Skimming Pricing”​ ការកំណត់​តម្លៃ​ទំនិញ​ដែល​ទើប​នឹង​ចេញ​ថ្មី​
ទំនិញ​ដែល​ចេញ​ក្រោយ​គេ​បង្អស់​ មាន​តម្លៃ​កាន់តែ​ថ្លៃ។​ វិធី​នេះ​ភាគច្រើន​ប្រើ​ជាមួយ​ឧបករណ៍​អេឡិកត្រូនិក​ និង​ផលិតផល​ IT ផ្សេងៗ​ ដែល​ជា​ផលិតផល​មាន​ការប្រកួតប្រជែង​គ្នា​ត្រង់​ភាពច្នៃប្រឌិត​ថ្មីៗ។​ ដោយសារ​ភាពថ្មី​ស្រឡាង​ បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​ គ្មាន​គូប្រជែង​ គ្មាន​ការចម្លង​ម៉ូដែល​ ធ្វើ​ឱ្យ​ផលិតផល​ទាំងនេះ​មាន​តម្លៃ​ខ្ពស់​ ជួយ​ឱ្យ​អ្នក​ផលិត​ទទួល​បាន​ប្រាក់​ចំណេញ​បាន​លឿន។​ ទន្ទឹម​នឹងនេះ​ អ្នក​ផលិត​ត្រូវ​បញ្ចេញ​ម៉ូដែល​ថ្មី​ដែល​ល្អ​ជាង​ និង​ទំនើប​ជាង​មុន​ដើម្បី​ដាក់​លក់​ជំនួស​ផលិតផល​ចាស់​ ហើយ​តម្លៃ​របស់​ផលិត​ពី​មុន​នោះ​នឹង​ធ្លាក់ចុះ​ទៅ​តាម​ពេល​វេលា។​

យុទ្ធសាស្ត្រ​ទី​ ៧៖​ “Penetration pricing”​ ការកំណត់​តម្លៃ​ទំនិញ​ថ្មី​ផ្ទុយ​ពី​ Skimming Pricing​
វា​ជា​ការកំណត់​តម្លៃ​ផលិតផល​ថ្មី​ឱ្យ​​ទាប​ជាង​ធម្មតា​ ដើម្បី​ឱ្យ​ផលិតផល​បាន​ជ្រៀត​ចូល​ក្នុង​ទី​ផ្សារ។​ នៅ​ពេល​ដាក់​លក់​ដំបូង​ អ្នក​ផលិត​សុខ​ចិត្ត​ខាតដើម​ ប៉ុន្តែ​ក្រោយ​មក​នឹង​ដាក់​លក់​ក្នុង​តម្លៃ​ធម្មតា​វិញ​ក្រោយ​ពេល​ផុត​ប្រូម៉ូសិន។​ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ជ្រៀត​ចូល​ទៅ​ក្នុង​ទីផ្សារ​ ឱ្យ​អតិថិជន​ចាប់​អារម្មណ៍​លើ​អ្វី​ដែល​ពួក​គេ​មិន​ធ្លាប់​បាន​ប្រើប្រាស់​ពី​មុន​មក។​ ម្យ៉ាង​ទៀត​ជា​ផលិតផល​ដែល​មិន​សូវ​មាន​ភាព​ខុសគ្នា​ជាមួយ​ផលិតផល​ដែល​មាន​នៅ​លើ​ទីផ្សារ​ស្រាប់​ ចាំ​បាច់​ត្រូវ​កំណត់​តម្លៃ​ឱ្យ​ទាប​ជាង​អ្នក​ដទៃ។​ ដូចជា​ កាហ្វេ​ ទឹកត្រី​ អាហារសម្រន់​ និង​វីតាមីន​ផ្សេងៗ។​ ហើយ​ក៏​ជា​ឱកាស​ដែល​អតិថិជន​សាក​ប្រើ​ហើយ​ អាច​ក្លាយ​មក​ជា​អតិថិជន​ជា​ប្រចាំ​បាន។​

យុទ្ធសាស្ត្រ​ទី​ ៦៖​ “Product set pricing”​ ការកំណត់​តម្លៃ​ផលិតផល​ជា​ឈុត​

ជា​យុទ្ធសាស្ត្រ​បុរាណ​បំផុត​ និង​ពេញ​និយម​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​ចំណី​អាហារ​ ជាពិសេស​ Fast Food។​ អ្នក​ផលិត​កំណត់​តម្លៃ​អាហារ​ជា​ឈុត​ឱ្យ​ថោក​ជាង​ការទិញ​រាយ​ ធ្វើឱ្យ​អតិថិជន​គិត​ថា​ទិញ​ជា​ឈុត​ចំណេញ​ជាង។​ ការ​ដាក់​លក់​បែប​នេះ​ ទោះបីជា​ចំណេញ​តិច​ ប៉ុន្តែ​អាច​លក់​បាន​ក្នុង​បរិមាណ​ច្រើន​ ហើយ​ជា​រួម​នឹង​ទទួល​បាន​ចំណូល​ច្រើន​ ដែល​បង្កើន​ឱកាស​ទទួល​បាន​ប្រាក់កម្រៃ។​ អ្វី​ដែល​កាន់តែ​ពិសេស​គឺ​ អ្នកលក់​អាច​លាយ​បញ្ចូល​ទំនិញ​ដែល​មិន​សូវ​ពេញ​និយម​ ឬ​ទំនិញ​ដែល​ចំណេញ​ច្រើន​ចូល​គ្នា​ដើម្បី​បន្ថែម​ប្រាក់កម្រៃ។​ ប៉ុន្តែ​ក៏​គួរ​ប្រយ័ត្ន​ដែរ​ ប្រសិន​បើ​អតិថិជន​យល់ថា​តម្លៃ​មិន​សមរម្យ​ ភោជនីយដ្ឋាន​នឹង​បាត់បង់​ឱកាស​នេះ។​

យុទ្ធសាស្ត្រ​ទី​ ៥៖ ​ “Pricing by type of customer”​ ការ​កំណត់​តម្លៃ​តាម​ប្រភេទ​អតិថិជន​
ម្ចាស់​អាជីវកម្ម​ប្រើ​វិធីសាស្ត្រ​នេះ​ ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​អតិថិជន​តាម​រយៈ​ការបញ្ចុះ​តម្លៃ​ ឬ​ ផ្តល់​សិទ្ធិ​ពិសេស​អ្វី​មួយ។​ ឧទាហរណ៍​ ថ្ងៃ​ទិវា​កុមារ​ សួន​កម្សាន្ត​បើក​ឱ្យ​កុមារ​ចូល​លេង​ដោយ​សេរី​

ដោយ​មិន​គិត​ថ្លៃ​ ប៉ុន្តែ​កុមារៗ​ត្រូវ​មក​ជាមួយ​អាណាព្យាបាល​ដែល​ត្រូវ​បង់ថ្លៃ​ចូល​ទស្សនា​ និង​បង់ថ្លៃ​គ្រឿង​កម្សាន្ត​ដែល​កុមារ​មិន​អាច​លេង​ម្នាក់​ឯង​បាន។​ ជាពិសេស​កន្លែង​នេះ​ក៏​មាន​លក់​អាហារ​ ភេសជ្ជៈ​ និង​ការចំណាយ​ផ្សេងៗ​ជាច្រើន​ ហេតុនេះ​ហើយ​អាណាព្យាបាល​កុមារ​គឺ​ជា​គោលដៅ​ពិត​ប្រាកដ​របស់​សួន​កម្សាន្ត។​

យុទ្ធសាស្ត្រ​ទី ៤៖​ “Geographical pricing”​ ការ​កំណត់​តម្លៃ​តាម​ភូមិសាស្ត្រ​
វិធី​នេះ​ជា​ការកំណត់​តម្លៃ​អាស្រ័យ​លើ​វត្ថុ​ធាតុ​ដើម​ ឬ​ផលិតផល​ពិបាក​រក​នៅ​ក្នុង​តំបន់​ណា​មួយ។​ ឧទាហរណ៍​ នៅ​តាម​ខេត្ត​ដែល​ឆ្ងាយ​ពី​សមុទ្រ​ គ្រឿង​សមុទ្រ​ប្រាកដ​ជា​មាន​តម្លៃ​ខ្ពស់។​ ឬ​បើ​អ្នក​ទៅ​តាម​កោះ​ សូម្បី​តែ​បាយ​ពង​ទា​ចៀន​ក៏​ថ្លៃ​ជាង​ធម្មតា​ដែរ។​ មូលហេតុ​ដែល​តម្លៃ​ថ្លៃ​ជាង​ធម្មតា​ ដោយសារ​ត្រូវ​ចំណាយ​លើ​ថ្លៃ​ដឹកជញ្ជូន​ និង​មធ្យោបាយ​ដឹកជញ្ជូន​ ជាហេតុ​ដែល​អ្នក​លក់​មិន​អាច​រ៉ាប់រង​ដើមទុន​នេះ​តែ​ម្នាក់​ឯង​បាន។​

យុទ្ធសាស្ត្រ​ទី ៣៖​ “Performance based pricing”​ ការ​កំណត់​តម្លៃ​ផ្អែក​លើ​លទ្ធផល​ការងារ​
ជា​ការ​កំណត់​តម្លៃ​ទៅ​តាម​ការអនុវត្ត​ជាក់​ស្តែង​ ឧទាហរណ៍​ថា​ Lisa​ ចង់​លក់​សំលៀក​បំពាក់​ដោយ​ជួល​ Page Facebook​ របស់​ Rose​ ឱ្យ​ផ្សព្វ​ផ្សាយ​ផលិតផល។​ អតិថិជន​ដែល​មក​ពី​ Page របស់​Rose​ ត្រូវ​បង្ហាញ​កូដ​ដើម្បី​ទទួល​បាន​ការបញ្ចុះ​តម្លៃ។​ បន្ទាប់​មក​ Lisa​ នឹង​ផ្ដល់​ប្រាក់​កម្រៃ​ដល់​ Rose​ទៅ​តាម​កិច្ចសន្យា។​ នេះ​មាន​ន័យ​ថា​ Rose​ នឹង​ទទួល​ប្រាក់​កម្រៃ​កាន់​តែ​ច្រើន​ នៅ​ពេល​មាន​អតិថិជន​ជា​ច្រើន​ទិញ​ផលិតផល​ដោយ​ប្រើ​ប្រាស់​កូដ​បញ្ចុះ​តម្លៃ​របស់​នាង។​

យុទ្ធសាស្ត្រ​ទី ២៖​ “Optional pricing”​ ការកំណត់​តម្លៃ​អាស្រ័យ​លើ​ជម្រើស​បន្ថែម​
វា​ជា​យុទ្ធសាស្ត្រ​ដែល​មាន​បំណង​ចង់​បង្កើន​ការលក់​ដោយ​លះបង់​ប្រាក់​ចំណេញ​ខ្លះៗ។​ វិធី​សាស្ត្រ​នេះ​ប្រើ​នៅ​ពេល​ដែល​អតិថិជន​ទិញ​ផលិត​ចម្បង​មួយ​ហើយ​ នឹង​ទទួល​បាន​ការផ្ដល់​ជូន​នូវ​ជម្រើស​បន្ថែម​ចំពោះ​ផលិតផល​ផ្សេង​ទៀត​ដើម្បី​ជំរុញ​ឱ្យ​អតិថិជន​ចំណាយ​កាន់​តែ​ច្រើន​ ប៉ុន្តែ​នៅ​តែ​មាន​អារម្មណ៍​ថា​ចំណេញ។​ ឧទាហរណ៍​នៅ​ពេល​ទិញ​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ លោក​អ្នក​នឹង​ទទួល​បាន​សិទ្ធិ​ទិញ​ស្រោម​ទូរស័ព្ទ​ ទិញ​កាស​ដោយ​ទទួល​បាន​ការបញ្ចុះ​តម្លៃ​ ៥០% ។​

យុទ្ធសាស្ត្រ​ទី ១​ ៖​ “Value based pricing”​ ការកំណត់​តម្លៃ​ផ្អែក​លើ​គុណតម្លៃ​របស់​ផលិតផល​
យើង​សង្កេត​ឃើញ​វិធី​នេះ​និយម​ប្រើ​លើ​ផលិតផល​ប្រណីតៗ​ដូចជា​ កាបូប​ល្បីៗ​ ឬ​នាឡិកា​ប្រណិត។​ នៅ​ពេល​ផលិតផល​មាន​គុណតម្លៃ​កាន់តែ​ខ្លាំង​ តម្លៃ​លក់​នឹង​កាន់តែ​ខ្ពស់​ ធ្វើឱ្យ​អ្នកលក់​ទទួល​បាន​កម្រៃ​ច្រើន។​ ប៉ុន្តែ​វិធី​នេះ​មិនមែន​អ្នកណា​ក៏​អាច​ធ្វើ​បាន​ទេ​ ទាល់តែ​ផលិតផល​នោះ​មាន​គុណភាព​ មាន​ស្តង់ដារ​ខ្ពស់​ ផលិត​​ពី​វត្ថុ​ធាតុ​ដើម​ល្អ​ ជា​ផលិតផល​ពិបាក​រក​ទិញ។​ សូម្បី​តែ​ពេល​ខ្លះ​មាន​លុយ​ក៏​មិន​អាច​ទិញ​បាន​ផង។​ ម្យ៉ាង​ទៀត​វាត្រូវ​តែ​ជា​ផលិតផល​ដែល​ផ្តល់​កិត្តិយស​ដល់​អ្នក​ប្រើ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម