ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីបច្ចេកវិទ្យាបានកើនឡើងជិត ២០០% ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដែលជាកំណើនច្រើនជាងមហាសេដ្ឋីពីវិស័យផ្សេងៗទាំងអស់។

យោងតាមសារព័ត៌មាន Fortune ដែលដកស្រង់របាយការណ៍ក្រុមហ៊ុនស៊ើបការណ៍ទិន្នន័យ Altrata បង្ហាញថាបច្ចុប្បន្នមាន “កំពូលមហាសេដ្ឋី” ដែលមានទ្រព្យលើស ៥០ ពាន់លានដុល្លារចំនួន ២៩ នាក់ ដែលភាគច្រើនរស់នៅក្នុងសហរដ្ឋអាមេរិក ហើយទទួលបានភាពជោគជ័យខ្លាំងដោយសារការរីកច្រើននៃបច្ចេកវិទ្យា AI ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
របាយការណ៍នេះបានបញ្ជាក់ថា “វិស័យបច្ចេកវិទ្យាមានភាពលេចធ្លោក្នុងចំណោមមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ពិភពលោក ដោយការរីកចម្រើននៃ AI បានជំរុញឱ្យមានការកើនឡើងយ៉ាងខ្លាំងសម្រាប់ទ្រព្យសកម្មរបស់បុគ្គលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដូចជា Elon Musk, Larry Ellison, Mark Zuckerberg, Jeff Bezos និង Larry Page”។
ក្នុងនោះ លោក Elon Musk ដែលជាមហាសេដ្ឋីមានបំផុតលើពិភពលោកមានទ្រព្យសម្បត្តិសុទ្ធចំនួន ៤៨២ ពាន់លានដុល្លារ ដោយសារភាពជោគជ័យរបស់ក្រុមហ៊ុន Tesla និង SpaceX។ ទ្រព្យសម្បត្តិរបស់លោកអាចកើនឡើងបន្ថែមទៀតបន្ទាប់ពីម្ចាស់ភាគហ៊ុនផ្សេងៗយល់ព្រមអនុម័តកញ្ចប់ប្រាក់បៀវត្សរ៍បំបែកកំណត់ត្រាចំនួន ១ ពាន់ពាន់លានដុល្លារសម្រាប់លោក។
សហស្ថាបនិក Google លោក Larry Page បានក្លាយជាអ្នកមានបំផុតលំដាប់ទីពីរលើពិភពលោកបន្ទាប់ពីការដាក់ឱ្យដំណើរការម៉ូដែល AI Gemini 3 របស់ Google នៅពាក់កណ្តាលខែវិច្ឆិកា ដែលបានជួយឱ្យក្រុមហ៊ុនមេ Alphabet ទទួលបានភាពនាំមុខគេក្នុងការប្រណាំងប្រជែងផ្នែកបច្ចេកវិទ្យាឡើងវិញ។ ទ្រព្យសម្បត្តិរបស់លោក Page បានឈានដល់ ២៥៨.៨ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ២ ខែធ្នូ។ នេះបើយោងតាមសារព័ត៌មានពាណិជ្ជកម្ម Forbes។
សហស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison ដែលជាអ្នកមានបំផុតទីបីរបស់ពិភពលោកជាមួយទ្រព្យសម្បត្តិសុទ្ធប្រមាណ ២៥២.៣ ពាន់លានដុល្លារ ក៏បានទទួលបានប្រាក់ចំណេញយ៉ាងច្រើននៅឆ្នាំនេះផងដែរ ដោយសារភាគហ៊ុន ៤០% របស់លោកនៅក្នុងក្រុមហ៊ុន Software ផ្តោតលើ AI ដែលលោកបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៧។
សេចក្ដីរាយការណ៍ពី International Business Times បានឱ្យដឹងផងដែរថា មហាសេដ្ឋីមានទ្រព្យច្រើនចំនួនប្រាំបីនាក់ក្នុងចំណោមដប់នាក់បានបង្កើតទ្រព្យសម្បត្តិរបស់ពួកគេជាចម្បងក្នុងវិស័យបច្ចេកវិទ្យា AI, Cloud និងវេទិកាឌីជីថលផ្សេងៗដែលកំពុងវ៉ាមុខឧស្សាហកម្មប្រពៃណី។
តាមរយៈនវានុវត្តន៍ដែលកំពុងបង្កើនល្បឿន និងទីផ្សារហិរញ្ញវត្ថុនៅតែរឹងមាំ អ្នកវិភាគជាច្រើនព្យាករថាទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីមានបំផុតលើពិភពលោកនឹងបន្តកើនឡើង។
របាយការណ៍របស់ Altrata ក៏បានកត់សម្គាល់ផងដែរថា មហាសេដ្ឋីក្រុមនេះគ្រប់គ្រងទ្រព្យសម្បត្តិសរុបប្រមាណ ៤.១៣ ទ្រីលានដុល្លារ ដែលស្មើនឹងតម្លៃទីផ្សាររបស់ Nvidia ដែលជាក្រុមហ៊ុនមានតម្លៃបំផុតរបស់ពិភពលោក ៕























Account
Security
Favourite Content