ជាទូទៅតាមទំនៀមទម្លាប់ខ្មែរយើង គេអាចទស្សន៍ទាយសំណាងរបស់មនុស្សម្នាក់តាមរបៀបផ្សេងៗពីគ្នាដូចជាប្រជ្រុយ ឬផ្នែកណាមួយលើរាងកាយជាដើម។ ជាក់ស្ដែង ជំនឿពីបុរាណគេជឿថាប្រសិនកន្លែងទាំង ៥ នេះនៅលើរាងកាយរបស់បុរសកាន់តែធំ កាន់តែសំណាងផងដែរ៖
១. បាតដៃ

នាពេលអនាគតមនុស្សប្រុសដែលមានបាតដៃធំត្រូវបានគេគិតទុកថាជាមនុស្សមានសំណាងណាស់។ ហើយគេក៏បានគិតទុកមុនទៀតថាមុនពេលឈានដល់អាយុ ៣៥ ឆ្នាំ ពួកគេអាចមានជីវភាពធូរធារ និងជីវិតពោរពេញដោយសុភមង្គលផងដែរ។ ជាពិសេសមនុស្សប្រុសដែលមានបាតដៃធំបែបនេះគឺតែងតែរស់នៅដោយមានភាពអធ្យាស្រ័យខ្ពស់ ចេះរាប់អានមនុស្ស ត្រៀមខ្លួនក្នុងជួយអ្នកដទៃ និងចេះមើលឃើញមនុស្សកំពុងលំបាកផងដែរ។
២. ច្រមុះ
បុរសដែលមានទម្រង់ច្រមុះធំ ឬមានសាច់ច្រើនគឺជាមនុស្សដែលរស់នៅដោយមានចិត្តទូលាយ និងមានទំនាក់ទំនងល្អជាមួយអ្នកនៅជុំវិញខ្លួនផងដែរ។ ជាមួយគ្នានេះ ពួកគេក៏ជាមនុស្សដែលមានបុគ្គលលក្ខណៈមុតមាំ ចេះឆក់ឱកាសដែលងាយនឹងជោគជ័យ ឆាប់ឡើងតំណែង ក៏ដូចជាមានជីវភាពកាន់តែប្រសើរទៀតផង។
ដោយសារ ចរិតទៀងត្រង់ និងចិត្តទូលាយនេះហើយទើបធ្វើឱ្យពួកគេទទួលបានការគោរពព្រមទាំងក្ដីស្រឡាញ់ពីមនុស្សជុំវិញខ្លួន។ មិនតែប៉ុណ្ណោះ បុរសដែលច្រមុះមានសាច់ច្រើនបែបនេះក៏មានសមត្ថភាពរក និងគ្រប់គ្រងលុយមិនធម្មតាឡើយ។
៣. ថ្គាម

ចំពោះមនុស្សប្រុសដែលមានថ្គាមធំវិញគឺត្រូវបានគេមានជំនឿថាជាអ្នកដឹកនាំម្នាក់នៅពេលអនាគត។ ពួកគេច្រើនតែចេះអត់ធ្មត់ និងស្មោះត្រង់ទើបនាំឱ្យអ្នកជុំវិញចូលចិត្តបង្ហាញការគោរពស្រឡាញ់។ គេបានទស្សន៍ទាយថាពួកគេអាចនឹងមានកន្លែង ឬតំណែងណាមួយខ្ពស់ក្នុងសង្គមអំឡុងឈានដល់វ័យកណ្ដាលផងដែរ។ ប្រសិនបើពួកគេហ៊ានស្វែងរកអ្វីដែលថ្មី និងមានឆន្ទៈក្នុងការពុះពារសម្រេចរឿងនោះ នោះគេប្រាកដជាកាន់តែជោគជ័យមិនខាន។
៤. ត្រចៀក
ជាធម្មតា ត្រចៀកមួយគូរបស់យើងត្រូវបានគេចាត់ទុកជាសញ្ញានាំទ្រព្យសម្បត្តិ។ ដូច្នេះមនុស្សដែលមានស្លឹកត្រចៀកធំគឺមានភាពវៃឆ្លាតពីកំណើត រហ័សរហួន និងចេះធ្វើអ្វីមួយដោយមានភាពប្រុងប្រយ័ត្ន។ ជាពិសេសអ្នកដែលមានត្រចៀកធំហើយក្រាស់គឺងាយនឹងជោគជ័យក្នុងអាជីពរបស់ពួកគេណាស់។
៥. គូទ
មនុស្សស្រីតែងតែចង់រកបុរសដែលមានភាពស្មោះត្រង់ធ្វើជាដៃគូជីវិត។ ដូច្នេះគេមានជំនឿតៗគ្នាថាមនុស្សប្រុសដែលមានគូទធំ ឬមានសាច់អាចនឹងមានភាពស្មោះត្រង់ខ្ពស់ ហើយទុកចិត្តបាន។ បើទោះបីជាមានអ្នកផ្សេង ឬជនទីបីប្រើល្បិចលួងលោមគេក៏ដោយ ក៏ពួកគេនឹងបដិសេធយ៉ាងដាច់ខាត ដើម្បីទុកចិត្តជូនមនុស្សជាទីស្រឡាញ់តែម្នាក់គត់៕

























Account
Security
Favourite Content