មនុស្សភាគច្រើនតែងតែមានទម្លាប់ទិញផ្កាជូនមនុស្សជាទីស្រឡាញ់នៅថ្ងៃ ១៤ កុម្ភៈ ជាពិសេសផ្កាកុលាប។ ប៉ុន្តែដូចដែលយើងទាំងអស់គ្នាបានដឹងហើយថាផ្កាកុលាបមិនមែនមានតែពណ៌ក្រហមមួយនោះទេ។ ដូច្នេះមុននឹងទិញផ្កាកុលាបពណ៌ណាមួយជូនអ្នកណាម្នាក់ យើងគួរដឹងអំពីអត្ថន័យនៃពណ៌ប៉ុន្មាននេះសិន៖
១. ពណ៌ក្រហម
ផ្កាកុលាបពណ៌ក្រហមគឺពណ៌ដែលពេញនិយមបំផុតនៅក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់។ ពណ៌ក្រហមតំណាងឱ្យមនោសញ្ចេតនា ស្នេហា ភាពស្រស់ស្អាត និងភាពល្អឥតខ្ចោះ។ វាជាជំនឿតៗគ្នា ប្រសិនបើផ្កាកុលាបមានពណ៌រឹតតែក្រហមក្រមៅ មានន័យថាស្នេហានោះចាក់គ្រឹះជ្រៅខ្លាំងមែនទែនក្នុងបេះដូង។ ដូច្នេះការជូនផ្កាកុលាបក្រហមគឺវិធីល្អមួយដើម្បីបង្ហាញសេចក្ដីស្រឡាញ់ដោយផ្ទាល់។
២. ពណ៌ទឹកក្រូច
ពណ៌ទឹកក្រូចតំណាងឱ្យភាពរស់រវើក ភាពសំខាន់ ចំណង់ចំណូលចិត្ត និងក្ដីរំភើប។ ការជូនផ្កាកុលាបពណ៌ទឹកក្រូចទៅកាន់តែមនុស្សណាម្នាក់ប្រៀបដូចជាយើងកំពុងបង្ហាញការសរសើរដោយស្មោះចេញពីចិត្ត។ ប្រសិនបើរកឃើញអ្នកណាម្នាក់ហើយតែមិនហ៊ានសារភាព យើងអាចប្រើផ្កាកុលាបពណ៌ទឹកក្រូចដើម្បីជាជំនួយក្នុងការសារភាពបាន។
៣. ពណ៌លឿង

ពណ៌លឿងគឹជាពណ៌ដែលតំណាងឱ្យភាពកក់ក្ដៅ មិត្តភាព និងភាពសប្បាយរីករាយ។ ក្រៅពីស្នេហា អត្ថន័យមួយផ្សេងទៀតរបស់ផ្កាកូលាបពណ៌លឿងគឺជាការរំឭកឡើងវិញនូវពេលរីករាយ និងអនុស្សាវរីយ៍ល្អៗដែលបានសាងរួមគ្នាកន្លងមកផងដែរ។ ដូច្នេះការជូនផ្កាកូលាបពណ៌លឿងអាចប្រៀបដូចជាការបង្ហាញថារាល់អនុស្សាវរីយ៍ទាំងអស់មិនថាសប្បាយ ឬទុក្ខសោកនោះទេគឺយើងនៅតែចងចាំជានិច្ច។
៤. ពណ៌ស
អត្ថន័យនៃផ្កាកុលាបពណ៌សមានច្រើនដូចជាភាពស្មោះត្រង់ ភាពស្លូតត្រង់ ការដឹងគុណ និងរាបសាជាដើម។ ដូច្នេះការជូនផ្កាកូលាបពណ៌សត្រូវបានគេចាត់ទុកជានិមិត្តរូបនៃការចាប់ផ្ដើម និងភាពរីករាយជាមួយនឹងសេចក្ដីស្រឡាញ់មួយនេះផងដែរ។
៥. ពណ៌ផ្កាឈូក
ការជូនផ្កាកុលាបពណ៌ផ្កាឈូកគឺជាការដឹងគុណចំពោះអ្នកទទួល។ បើនិយាយក្នុងន័យស្នេហាវិញការជូនផ្កាកុលាបពណ៌ផ្កាឈូកគឺជាទង្វើដែលបង្ហាញអំពីការផ្ដល់តម្លៃទៅដល់មនុស្សជាទីស្រឡាញ់របស់យើង។ ប៉ុន្តែប្រសិនបើយើងប្រើកុលាបផ្កាឈូកស្រាលក៏ជាការបង្ហាញភាពរីករាយ និងភាពទន់ភ្លន់បន្ថែមពីលើនោះដែរ៕

























Account
Security
Favourite Content