ការពិតការបណ្ដុះបណ្ដាលថ្នាលធនធានមនុស្សត្រូវផ្ដោតសំខាន់លើកុមារតូចៗ ដោយក្នុងនោះការសិក្សាថ្នាក់មតេ្តយ្យគឺត្រូវបានមនុស្សជុំវិញពិភពលោកទទួលស្គាល់ថាជាការចាប់ផ្ដើមដ៏ល្អសម្រាប់កុមារតូចៗ។ ជាក់ស្ដែងនិយាយដល់រឿងប្រព័ន្ធអប់រំ មនុស្សភាគច្រើនអាចនឹងគិតវិស័យអប់រំក្នុងបណ្ដាប្រទេសឈានមុខ ឬប្រទេសមហាអំណាច។ ថ្ងៃនេះ AMS Infotainment នឹងលើកយកវិធីសាស្រ្តផ្សេងៗគ្នារបស់ ប្រទេសជឿនលឿនទាំង ៧ ដែលផ្ដោតលើការសិក្សាថ្នាក់មតេ្តយ្យ៖
១. សាលាមត្តេយ្យនៅសហរដ្ឋអាមេរិក

នៅសហរដ្ឋអាមេរិក ថ្នាក់មត្តេយ្យគឺជាពេលវេលាដ៏សំខាន់សម្រាប់ក្មេង ដែលគេផ្ដោតសំខាន់ទៅលើការសិក្សាភាសាអង់គ្លេស គណិតវិទ្យាមូលដ្ឋាន និងផ្នែកសង្គមភាវូបនីយកម្ម។ ការផោ្ដតសំខាន់ទៅការសិក្សាទាំង ៣ គឺជាការត្រៀមរៀបចំសម្រាប់កុមារមួយចំណែកឱ្យមានភាពងាយស្រួល មុនពេលដែលពួកគេចាប់ផ្ដើមការចូលរៀនថ្នាក់ទីមួយ។ ដោយសារតែសាលាមតេ្តយ្យភាគច្រើនស្ថិតនៅក្រោមប្រព័ន្ធអប់រំសាធារណៈ ដូច្នេះអាណាព្យាបាលមិនចាំបាច់បង់ថ្លៃសិក្សានោះទេ។ ប៉ុន្តែក្នុងនោះក៏មានសាលាឯនជនមានផ្ដល់ជូននូវសេវាកម្មពិសេសសមស្របជាមួយតម្រូវការឪពុកម្ដាយផ្សេងទៀត ដូច្នេះពួកគេអាចជ្រើសរើសរៀននៅទីនោះដោយបង់ប្រាក់បន្ថែម។
២. សាលាមត្តេយ្យនៅប្រទេសចិន

សាលាមត្តេយ្យក្នុងប្រទេសចិន គឺសម្រាប់កុមារអាយុក្រោមប្រាំមួយឆ្នាំ។ ដូចទៅនឹងសហរដ្ឋអាមេរិកដែរ ថ្នាក់មត្តេយ្យក្នុងប្រទេសចិនគឺជាការរួមបញ្ចូលគ្នាទាំងការថែទាំកុមារ និងការអប់រំក្នុងពេលតែមួយ។ សម្រាប់ការអប់រំកុមារ គឺគេផ្ដោតសំខាន់ទៅលើការរៀនអាន និងសរសេរភាសាចិន។
ជាងនេះទៅទៀត គេក៏មិនភ្លេចក្នុងការរៀនអំពីតួលេខ និងការចាប់ផ្តើមនៃគណិតវិទ្យាផងដែរ។ ជាមួយគ្នានេះដែរការច្រៀង និងរាំក៏ជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីសិក្សាដែលអនុញ្ញាតឱ្យកុមារអាចចូលរួមសម្តែងជាសាធារណៈបានដោយភាពក្លាហាន។ មិនត្រឹមប៉ុណ្ណេះ ការអប់រំរាងកាយក៏មានតម្លៃខ្លាំងនៅក្នុងកម្មវិធីសិក្សាដែរ ដូច្នេះការចំណាយពេលវេលានៅលើសួនកម្សាន្ដកុមារ គឺពិតជាមានសារៈសំខាន់ជាពិសេស។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ការសិក្សាថ្នាក់មត្តេយ្យគឺមិនគិតថ្លៃទេ ដោយសាលាមត្តេយ្យភាគច្រើននៅក្នុងប្រទេសចិនជាកម្មសិទ្ធិរបស់ប្រព័ន្ធអប់រំសាធារណៈដែលគ្រប់គ្រងដោយរដ្ឋ។
៣. សាលាមត្តេយ្យនៅប្រទេសបារាំង

ចំណែកឯសាលាមតេ្តយ្យនៅប្រទេសបារាំងវិញក៏មិនខុសគ្នាប៉ុន្មាននោះដែរ គឺសម្រាប់កុមារដែលមានអាយុពី ៣ ទៅ ៥ ឆ្នាំដោយក្នុងនោះគេផ្ដោតសំខាន់ទៅលើការរៀនអាន និងសរសេរ ខណៈចាប់ផ្ដើមការរៀនអំពីមេរៀនលេខក្នុងពេលតែមួយ។ ជាងនេះទៅទៀត គោលដៅចម្បងមួយរបស់សាលាមតេ្តយ្យនៅប្រទេសបារាំង គឺជួយឱ្យកុមារមានទំនាក់ទំនងល្អក្នុងសង្គម។
ក្នុងអំឡុងពេលរៀន គេក៏បានផ្ដល់ពេលវេលាឱ្យក្មេងៗបានសម្រាកគេងនៅពេលរសៀល បន្ទាប់មកពួកគេនឹងចូលរួមក្នុងសកម្មភាពបណ្ដុះបណ្ដាលផ្នែកសិល្បៈ, សិប្បកម្ម, លេងហ្គេម និងការរាំច្រៀងជាដើម។ មិនខុសពីសហរដ្ឋអាមេរិកនោះទេ ចំពោះសាលាមត្តេយ្យសាធារណៈនឹងមិនគិតថ្លៃទេ ខណៈដែលឪពុកម្តាយនៅតែមានជម្រើសដាក់កូនរៀននៅសាលាឯកជន។
៤. សាលាមត្តេយ្យនៅប្រទេសអាល្លឺម៉ង់

គិតត្រឹមឆ្នាំ ២០២៣ នៅក្នុងប្រទេសអាល្លឺម៉ង់ ឪពុកម្ដាយគ្រប់រូបនឹងទទួលបានប្រាក់ឧបត្ថម្ភ ២០០ អឺរ៉ូក្នុងមួយខែសម្រាប់កូនម្នាក់។ ដូច្នេះពួកគេភាគច្រើនបានជ្រើសរើសប្រើប្រាស់ប្រាក់ឧបត្ថម្ភទាំងនោះទិញសម្ភារៈសិក្សាឲ្យកូនៗនៅពេលចាប់ផ្ដើមចូលរៀនថ្នាក់មតេ្តយ្យ។
នៅប្រទេសមួយនេះ ការចុះឈ្មោះចូលរៀននៅសាលាមត្តេយ្យគឺមានការប្រកួតប្រជែងខ្លាំងណាស់ ដោយគ្រួសារជាច្រើនត្រូវរង់ចាំទៅតាមលេខរៀងដែលបានចុះក្នុងបញ្ជី។ ដូច្នេះជារឿយៗឪពុកម្ដាយទាំងអស់ត្រូវបានណែនាំឱ្យចុះឈ្មោះកូនចូលរៀនតាំងពីនៅក្នុងពោះមកម្ល៉េះ។
៥. សាលាមត្តេយ្យនៅប្រទេសកាណាដា

សម្រាប់មតេ្តយ្យសិក្សានៅកាណាដា គឺជាដំណាក់កាលដំបូងនៃការអប់រំនៅក្នុងប្រទេសធំបំផុតទី២លើពិភពលោកនេះ ហើយត្រូវបានផ្តល់ជូនដល់កុមារដែលមានអាយុចន្លោះពី ៤ ទៅ ៥ ឆ្នាំ មុនពេលពួកគេចាប់ផ្តើមសាលាបឋមសិក្សា។ ជាមួយគ្នានេះដែរការសិក្សាក៏មិនខុសពីសហរដ្ឋអាមេរិកដែរ ប៉ុន្តែភាពខុសគ្នានោះគឺមនុស្សជាច្រើននៅទីនោះជឿថាការសម្រាកត្រឹម ២០ ទៅ ៣០ នាទី គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ សាលាមតេ្តយ្យនៅកាណាដាខ្លះ បានអនុញ្ញាតឱ្យកុមារចំណាយពេលពេញមួយថ្ងៃនៅខាងក្រៅ។ តាមរយៈការនិទានរឿង និងការរៀនអំពីធម្មជាតិគឺជាមូលដ្ឋានគ្រឹះល្អៗសម្រាប់ក្មេងៗ និងជារបៀបនៃការអប់រំតាមបែបពិសេសផងដែរ។ សាលាមត្តេយ្យនៅប្រទេសកាណាដាគឺឥតគិតថ្លៃ និងជាសាធារណៈ។ ចំណែកឯថ្នាក់ pre-school និងការថែទាំគឺមានលក្ខណៈឯកជនដែលតម្រូវឱ្យមានការបង់ថ្លៃ។
៦. សាលាមត្តេយ្យនៅប្រទេសជប៉ុន

ទោះបីជាសាលាមតេ្តយ្យនៅប្រទេសជប៉ុនមិនមែនជាកាតព្វកិច្ចចាំបាច់ក៏ដោយ ក៏ប្រទេសជប៉ុនមានកម្មវិធីផ្សេងទៀតដែលគួរឱ្យចាប់អារម្មណ៍សម្រាប់កុមារតូចៗ។ ជារឿយៗគេផ្ដល់អាទិភាពទៅលើការអប់រំកាយច្រើនជាងអ្វីផ្សេងទៀត បែបនេះហើយទើបកុមារតូចៗចាប់ផ្ដើមដោយរត់ប្រហែល ២ ម៉ាយ ឬជាង ៣ គីឡូម៉ែត្រ។ លើសពីនេះ សាលាមត្តេយ្យក្នុងប្រទេសជប៉ុនបង្ហាត់បង្ហាញកុមារឱ្យស្គាល់បរិយាកាសដែលសម្បូរទៅដោយភាសាដោយមានគ្រូបង្រៀនចាំជួយក្មេងបង្កើនការយល់ដឹងពីវាក្យសព្ទ និងជំនាញសន្ទនារបស់ពួកគេ។
អ្វីដែលកាន់តែពិសេសគ្រូបង្រៀនថែមទាំងជួយជំរុញជំនាញសន្ទនារបស់សិស្សដោយការសួរសំណួរណាជំរុញឱ្យមានការគិតច្រើន។ លើសពីនេះកុមារនៅប្រទេសជប៉ុនត្រូវបានបង្រៀនយ៉ាងល្អអំពីការគោរពចំពោះអ្នកដទៃ ជាពិសេសឪពុកម្ដាយ និងចៅហ្វាយនាយ។ ដូច្នេះពួកគេនឹងរៀនធ្វើអ្វីដែលល្អបំផុតសម្រាប់គ្រួសារ និងក្រុមហ៊ុន។ លើសពីនេះ គេក៏ផ្ដោតនៅលើការលូតលាស់ក្នុងសង្គម ការអភិវឌ្ឍន៍ផ្នែកអារម្មណ៍ មិត្តភាព និងទំនួលខុសត្រូវផងដែរ។
៧. សាលាមត្តេយ្យនៅចក្រភពអង់គ្លេស

សាលាមត្តេយ្យនៅចក្រភពអង់គ្លេសត្រូវបានគេចាត់ហៅថាជាសួនកម្សាន្ដសម្រាប់កុមារ ហើយជាធម្មតាត្រូវដំណើរការ និងទទួលមូលនីធិក្នុងមូលដ្ឋាន។ ប៉ុន្តែពួកគេត្រូវតែបំពេញទៅតាមស្ដង់ដារសុខភាព និងសេវាសង្គមគួរឱ្យទុកចិត្តបំផុតដល់កុមារ។ សាលាខ្លះបានផ្ដល់ថ្នាក់រៀនដល់កុមារក្នុងមុខវិជ្ជាផ្សេងៗគ្នារួមមានទាំងការចម្អិនអាហារ ល្ខោន ភាសាបារាំង និងការហាត់យូហ្គាផងដែរ។ ជាពិសេសសម្រាប់កុមារដែលមានអាយុពី ៣ ទៅ ៤ ឆ្នាំមានសិទ្ធិទទួលបានរយៈពេល ១៥ ម៉ោងក្នុងមួយសប្ដាហ៍នៃការសិក្សាលើកដំបូងដោយឥតគិតថ្លៃទៀតផង។ ដូច្នេះប្រសិនបើឪពុកម្ដាយចង់បានច្រើនម៉ោង ពួកគេត្រូវតែបង់ប្រាក់សម្រាប់ម៉ោងបន្ថែម៕
























Account
Security
Favourite Content