ភាពយន្តចុងក្រោយពីចក្រវាល Marvel គឺ “Thunderbolts” បានជាប់ចំណាត់ថ្នាក់លេខ១ លើតារាងចំណូលភាពយន្ត Box Office ដោយអាចរកចំណូលបាន ១៦២ លានដុល្លារពីការបញ្ចាំងនៅរោងភាពយន្តជុំវិញពិភពលោកកាលពីចុងសប្តាហ៍កន្លងទៅ។

ក្រុមហ៊ុន Walt Disney ដែលជាអ្នកចែកចាយរឿងនេះបានឱ្យដឹងថា ភាពយន្ត “Thunderbolt” អាចរកចំណូលបាន ៧៦ លានដុល្លារ ពីការបញ្ចាំងនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា ខណៈចំណូលពីប្រទេសផ្សេងៗគឺប្រមាណ ៨៦ លានដុល្លារ។
ចូលរួមសម្តែងដោយ Florence Pugh, David Harbor និង Sebastian Stan ភាពយន្ត Thunderbolts មានសាច់រឿងនិយាយពីកងកម្លាំងពិសេសមួយក្រុមដែលត្រូវរួបរួមគ្នាដើម្បីកម្ចាត់ Super Villain ហើយព្រឹត្តិការណ៍ក្នុងរឿងនេះនឹងក្លាយជាព្រឹត្តិការណ៍យោងសម្រាប់ភាពយន្តថ្មីរបស់ Marvel មួយចំនួនទៀតដូចជាភាពយន្ត The Fantastic Four: First Steps ដែលត្រៀមចេញបញ្ចាំងនៅខែកក្កដា និងភាពយន្ត Avengers: Doomsday ដែលត្រៀមចេញបញ្ចាំងនៅរដូវក្ដៅឆ្នាំក្រោយ។
មិនត្រឹមតែអាចរកចំណូលបានច្រើន ប៉ុន្តែភាពយន្ត Thunderbolts ក៏ទទួលបានការវាយតម្លៃវិជ្ជមានច្រើនបំផុតដែរសម្រាប់ខ្សែភាពយន្តក្នុងចក្រវាល Marvel ឬ MCU គិតចាប់តាំងពីភាពយន្ត Spider-Man: No Way Home កាលពីឆ្នាំ២០២១។ ជាក់ស្ដែងនៅលើគេហទំព័រ Rotten Tomatoes អ្នកវិភាគ ៨៨ ភាគរយ និង អ្នកទស្សនារួច ៩៤ ភាគរយបានវាយតម្លៃវិជ្ជមានសម្រាប់ភាពយន្តនេះ។
បន្ទាប់ពី “Thunderbolts” ភាពយន្តដែលរកចំណូលបានខ្ពស់លំដាប់ទី២នៅសប្ដាហ៍ចុងក្រោយនេះគឺភាពយន្តបែបរន្ធត់ “Sinners” ដែលអាចរកបាន ៣៣ លានដុល្លារទៀតកាលពីចុងសប្ដាហ៍កន្លងទៅ ធ្វើឱ្យចំណូលសរុបរបស់ខ្លួនកើនឡើងដល់ ១៧៩ លានដុល្លារ។ ចំណែកភាពយន្តបែបវីដេអូហ្គេមរឿង “A Minecraft Movie” បានជាប់ចំណាត់ថ្នាក់លេខ៣ ជាមួយចំណូល ១៣,៧ លានដុល្លារទៀតក្នុងសប្ដាហ៍ថ្មី ធ្វើឱ្យចំណូលសរុបកើនឡើងដល់ ៣៩៨ លានដុល្លារ ៕





















































Account
Security
Favourite Content