ជាថ្មីម្ដងទៀត ក្រុមចម្រៀងខេប៉ុប Stray Kids បានបង្ហាញឱ្យឃើញពីប្រជាប្រិយភាពដ៏ខ្លាំងក្លារបស់ខ្លួនដោយអាចលក់អាល់ប៊ុមចម្រៀងរបស់ខ្លួនដាច់ជាង ២ លានបន្ទះក្នុងសប្ដាហ៍ដំបូង។

កាលពីថ្ងៃទី ១៩ ខែកក្កដា ក្រុមចម្រៀងខេប៉ុបកំពុងល្បីពីផលិតកម្ម JYP គឺ Stray Kids បានធ្វើការវិលត្រលប់មកវិញជាមួយមីនីអាល់ប៊ុមថ្មីមានចំណងជើងថា “ATE” និងបទចម្រៀងនាំមុខមានចំណងជើងថា “Chk Chk Boom” ។ រយៈពេលត្រឹមតែប្រាំថ្ងៃក្រោយមក គេហទំព័រ Hanteo Chart បានប្រកាសនៅថ្ងៃទី ២៤ ខែកក្កដានេះថា អាល់ប៊ុម “ATE” អាចលក់ដាច់សរុប ២ លានបន្ទះ។
គួរបញ្ជាក់ថា “ATE” គឺជាអាល់ប៊ុមទីបួនជាប់ៗគ្នារបស់ Stray Kids ដែលអាចលក់បានច្រើនជាង ២ លានបន្ទះក្នុងសប្តាហ៍ដំបូងនៃការចេញផ្សាយ បន្ទាប់ពីអាល់ប៊ុម “MAXIDENT” អាល់ប៊ុម “★★★★★ (5-Star)” និងអាល់ប៊ុម “ROCK-STAR”។
ចំណែកឯវីដេអូចម្រៀងបទ “Chk Chk Boom” ដែលជាបទចម្រៀងនាំមុខក្នុងអាល់ប៊ុមថ្មីនេះក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ខណៈមានការចូលរួមសម្ដែងពីតារាសម្ដែងភាពយន្ត “Deadpool & Wolverine” គឺតារាសម្ដែង Ryan Reynolds និង Hugh Jackman ដោយក្នុងរយៈពេល ៥ ថ្ងៃ វីដេអូនេះមានអ្នកចូលទស្សនាជាង ៤៧ លានដងនៅលើយូធូប។
ព្រមជាមួយការចេញអាល់ប៊ុមថ្មី ក្រុមចម្រៀងបុរសរបស់ផលិតកម្ម JYP មួយនេះក៏បានប្រកាសនូវការប្រគំតន្ត្រីទេសចរណ៍ពិភពលោកថ្មីផងដែរ គឺការប្រគំតន្ត្រី “dominATE” ដោយបានប្រកាសអំពីកាលបរិច្ឆេទរៀបចំនៅទីក្រុងចំនួន ១២ នៅទ្វីបអាស៊ី និងអូស្ត្រាលីរួចរាល់ ហើយនឹងប្រកាសនៅអាមេរិក និងអឺរ៉ុបនៅពេលក្រោយ។


បង្កើតឡើងដោយ JYP Entertainment ក្រុម Stray Kids មានសមាជិកសរុបប្រាំបីនាក់ ដែលត្រូវបានជ្រើសរើសចេញពីកម្មវិធីប្រលងអាយដល Stray Kids កាលពីឆ្នាំ២០១៧។ ពួកគេចាប់ផ្ដើមទទួលបានប្រជាប្រិយភាពខ្លាំងក្រោយចេញបទចម្រៀង “God’s Menu” នៅឆ្នាំ២០២០។
ថ្មីៗនេះដែរ Stray Kids ក៏បានចេញបទចម្រៀងភាសាអង់គ្លេសមានចំណងជើង “Lose My Breath” ជាមួយតារាចម្រៀងអាមេរិក Charlie Puth ហើយកាលពីថ្ងៃទី១៤ ខែកក្កដាកន្លងទៅនេះ ពួកគេបានតំណាងក្រុមខេប៉ុបឡើងសម្ដែងនៅឆាកមហោស្រពតន្ត្រីអង់គ្លេស BST Hyde Park នៅទីក្រុងឡុងដ៍ និងមហោស្រពតន្ត្រី I-Days Milano នៅទីក្រុង Milan ប្រទេសអ៊ីតាលី កាលពីថ្ងៃទី១២ ខែកក្កដានេះដូចគ្នា ៕


























































Account
Security
Favourite Content