Intermittent Fasting ឬការទទួលទានអាហារដោយមានពេលកំណត់ជាក់លាក់ គឺជាជម្រើសមួយដែលចង់អ្នកសម្រាករាងតែងលើកយកមកប្រើប្រាស់ដើម្បីអាចដល់គោលដៅដែលខ្លួនចង់បាន។ យ៉ាងណាមិញ មនុស្សមួយចំនួនមានចម្ងល់ថា ដើម្បីអាចទទួលបានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់ការធ្វើ Intermittent Fasting នេះ តើគួរបង្អត់អាហារពេលព្រឹក ឬក៏អាហារពេលល្ងាច ទើបល្អជាង?

យោងតាមលោកវេជ្ជបណ្ឌិត Pham Anh Ngan បានប្រាប់សារព័ត៌មាន VN Express ថា ការបង្អត់អាហារពេលព្រឹក ឬពេលល្ងាចសុទ្ធសឹងតែមានអត្ថប្រយោជន៍ និងហានិភ័យដូចគ្នា។ ការសិក្សាបង្ហាញថា ការបង្អត់អាហារពេលល្ងាច គឺជាវិធីសាស្រ្តកាត់បន្ថយការទទួលទានការឡូរីចូលទៅក្នុងរាងកាយ ជាជំនួយដល់ការសម្រកទម្ងន់។ តែទង្វើនេះ ក៏អាចបណ្តាលឱ្យរាងកាយខ្វះសារធាតុចិញ្ចឹម រំខានដល់ដំណេកព្រោះតែការឃ្លាន និងធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយជាដើម។
ដោយឡែកសម្រាប់ការបង្អត់អាហារពេលព្រឹកវិញ វាអាចជួយឱ្យរាងកាយរបស់បុគ្គលមួយចំនួនអាចផ្ដោតអារម្មណ៍បានល្អជាងមុននៅពេលថ្ងៃ តែការអាចធ្វើឱ្យរាងកាយឃ្លានខ្លាំង រហូតឈានដល់ការជ្រើសរើសជម្រើសអាហារមិនល្អសម្រាប់សុខភាពនៅអាហារពេលបន្ទាប់ ដូចជាអាហារដែលមានជាតិស្ករ និងជាតិខ្លាញ់ខ្ពស់ជាដើម។

ជារួម ការបង្អត់អាហារនៅពេលណាមួយ ក្នុងចំណោមអាហារទាំង ២ពេលនេះសុទ្ធសឹងតែមានគុណសម្បត្តិ និងគុណវិបត្តិដូចគ្នា។ ខណៈអ្នកចង់សម្រកគីឡូអាចជ្រើសរើសបង្អត់អាហារក្នុងពេលណាមួយ អាស្រ័យទៅលើភាពចាំបាច់ និងអំណោយផលសម្រាប់ការប្រើប្រាស់ជីវិតប្រចាំថ្ងៃ។
យ៉ាងណាមិញ អ្នកដែលមានបំណងចង់ស្រកទម្ងន់ គួរតែពិចារណាទៅលើរបបអាហារដែលមានបន្លែ ជាតិសរសៃ និងប្រូតេអ៊ីនខ្ពស់ ទន្ទឹមគ្នានឹងការកាត់បន្ថយការទទួលទានជាតិម្សៅ និងបង្កើតទម្លាប់នៃការហាត់ប្រាណ៕



























Account
Security
Favourite Content