ជាទូទៅក្រោយលាងសម្អាតមុខរួចហើយ តើប្រិយមិត្តជ្រើសរើសប្រើ “ក្រដាស” ឬ ”កន្សែង” ដើម្បីជូតមុខឱ្យបានស្អាតល្អ មិនកកិតស្បែក និងកាត់បន្ថយការឡើងមុន?

មែនទែនទៅ ក្រដាសគឺត្រូវបានផលិតឡើងមកដោយឆ្លងដំណាក់កាលនៃការផលិតត្រឹមត្រូវជាងកន្សែង ព្រមទាំងមានការកម្ចាត់មេរោគផងដែរ។ ថ្វីត្បិតតែការប្រើប្រាស់ក្រដាសល្អជាងការប្រើកន្សែងពិតមែន ប៉ុន្តែប្រភេទក្រដាសដែលសក្ដិសមសម្រាប់ស្បែកមុខគឺក្រដាសកប្បាស ឬអាចហៅថាជា cotton tissue។

ការប្រើប្រាស់ក្រដាសកប្បាសមានសាច់ទន់ហើយអាចជួយកាត់បន្ថយភាពកកិត មិនធ្វើឱ្យឆ្កូតមុខ មិនរមាស់លើផ្ទៃមុខ មិនធ្វើឱ្យមុខរលាក និងកាត់បន្ថយបញ្ហាឡើងមុនជាដើម។ ជាមួយគ្នានេះ ការប្រើប្រាស់ក្រដាសកប្បាសជូតមុខគឺត្រូវតែមានការរក្សាទុកឱ្យបានល្អ និងការពារមិនឱ្យធូលី ឬមេរោគមិនល្អចូលមកទំបាននោះទេ បើមិនដូច្នោះទេវានឹងធ្វើឱ្យមុខឡើងរោល កើតមុនបានយ៉ាងងាយ។

ជាពិសេសអ្នកមានបញ្ហាមុខឡើងមុន ឬងាយឡើងមុនចាំបាច់ក្រដាសដែលប៉ះលើផ្ទៃមុខគឺត្រូវតែស្អាត មិនមានជាប់កម្ទេចធូលី ឬគ្រឿងសម្អាង និងទន់។ ប្រសិនបើក្រដាសនោះមិនស្អាតនោះទេ វានឹងបង្កឱ្យស្បែកកាន់រលាកខ្លាំងជាងមុនថែមទៀត។ លើសពីនេះ ក៏ត្រូវផ្ដោតនៅលើការលាងសម្អាតមុខផងដែរដោយប្រើហ្វូមណាដែលមានសាច់ស្រាលដើម្បីកម្ចាត់ភាពកខ្វក់ ប្រេង និងបាកតេរីតោងជាប់ស្បែកមុខផងដែរ។

ក្នុងន័យនេះមិនមែនមានន័យថាការប្រើកន្សែងមកជូតមុខមិនល្អនោះទេ ពោលគឺវាអាចជួយសន្សំសំចៃ និងងាយស្រួលបោកគក់។ ប៉ុន្តែវាអាចនឹងមានហានិភ័យខ្ពស់ដែលធ្វើឱ្យស្បែកមុខងាយឡើងមុន ឆាប់រលាកដោយសារកម្លាំងកកិត និងសាច់កន្សែង ឆាប់ឡើងជាំ ជាពិសេសមេរោគជាច្រើននឹងតាងជាប់កន្សែងនៅពេលដែលហាលវានៅខាងក្រៅ ៕

























Account
Security
Favourite Content