ពោតបារាំងគឺជាបន្លែមួយប្រភេទដែលបងប្អូនប្រជាជនខ្មែរនិយមញ៉ាំក្នុងពេលបច្ចុប្បន្នជាអន្លក់ ដាក់ក្នុងសម្ល ឬញ៉ាំជាមួយសាច់អាំងជាដើម។ ប្រសិនសិនបើយើងមើលទៅផ្លែឈើពោតបារាំងពិតជាមានរូបរាងតូច ប៉ុន្តែសម្បូរដោយសារធាតុចិញ្ចឹម និងគុណតម្លៃសម្រាប់សុខភាពច្រើនមែនទែន។ ដូច្នេះថ្ងៃនេះយើងនឹងចែករំលែកនូវអត្ថប្រយោជន៍ទាំង ៧ របស់ពោតបារាំងចំពោះសុខភាពដូចខាងក្រោម៖
១. ពង្រឹងសុខភាពឆ្អឹង

យោងតាមអ្នកជំនាញអាហារូបត្ថម្ភបានបង្ហាញថាបរិមាណដ៏ច្រើននៃវីតាមីន K និង folate ដែលជាសារធាតុសកម្មមានមុខងារជួយលើកកម្ពស់សុខភាពឆ្អឹង បង្កើនដង់ស៊ីតេឆ្អឹង និងការពារជំងឺពុកឆ្អឹងផងដែរ។ ជាពិសេសវាល្អបំផុតសម្រាប់មនុស្សចាស់។
២. ការពារភាពស្លេកស្លាំង
វីតាមីន K វីតាមីន B ជាតិដែក ស័ង្កសី ប៉ូតាស្យូម និងម៉ង់ហ្គាណែសដែលនៅក្នុងផ្លែពោតបារាំងគឺសុទ្ធសឹងជាសារធាតុសំខាន់ៗដែលជួយបង្កើនកោសិកាឈាមក្រហមក្នុងរាងកាយ។ ដូច្នេះប្រសិនបើចង់ការពារភាពស្លេកស្លាំង យើងគួរតែញ៉ាំពោតបារាំងឱ្យបានញឹកញាប់។
៣. ជួយព្យាបាលក្អក និងឈឺបំពង់ក

យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភបានលើកឡើងថាទឹកពោតបារាំងត្រូវបានគេចាត់ទុកជាឱសថដ៏ល្អសម្រាប់ព្យាបាលការឈឺបំពង់ក និងក្អក។ ចំពោះលក្ខណៈសម្បត្តិរបស់ទឹកពោតបារាំងគឺអាចប្រឆាំងនឹងបាក់តេរី ព្រមទាំងសម្លាប់មេរោគដែលបង្កឱ្យរមាស់ក ឬឈឺកបានយ៉ាងល្អ។
៤. កម្ចាត់កូឡេស្តេរ៉ូលមិនល្អចេញ
ធម្មជាតិរបស់ផ្លែពោតបារាំងគឺជាអាហារដែលសម្បូរដោយជាតិសរសៃរលាយ ដូច្នេះវាមានសមត្ថភាពខ្ពស់ក្នុងការកាត់បន្ថយកូឡេស្តេរ៉ូលមិនល្អចេញពីរាងកាយបានយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ ការញ៉ាំផ្លែពោតបារាំងជាប្រចាំ ឬញឹកញាប់ក៏អាចជួយការពារប្រព័ន្ធសរសៃឈាមបេះដូងបានដែរ។
៥. ជំរុញប្រព័ន្ធរំលាយអាហារ

ជាតិសរសៃដែលនៅក្នុងពោតបារាំងមិនត្រឹមតែអាចគ្រប់គ្រងនូវកម្រិតកូឡេស្តេរ៉ូលក្នុងឈាមបានប៉ុណ្ណោះទេ វាថែមទាំងជួយសម្រួលដល់ការទល់លាមកផងដែរ។ បន្ថែមលើនេះ ពោតបារាំងបានដើរតួជាថ្នាំបញ្ចុះកាកសំណល់បែបធម្មជាតិ និងបណ្ដេញជាតិពុលផងដែរ។
៦. កាត់បន្ថយរោគសញ្ញាជំងឺហឺត
ពោតបារាំងមានផ្ទុកនូវបរិមាណវីតាមីន C ខ្ពស់ និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលសារធាតុទាំងនេះមានសមត្ថភាពក្នុងការបន្ធូរបន្ថយបញ្ហាផ្លូវដង្ហើមដូចជាជំងឺហឺតជាដើម។ ដូច្នេះប្រសិនបើរោគសញ្ញាផ្លូវដង្ហើមណាមួយកើតឡើង យើងអាចប្រើប្រាស់ពោតបារាំងជាជំហានបឋមបាន។
៧. ជំនួយស្បែក
មិនគ្រាន់តែល្អសម្រាប់សុខភាពទេ ពោតបារាំងក៏ផ្ដល់អត្ថប្រយោជន៍ខ្លាំងដល់ការថែរក្សាសម្រស់ផងដែរ។ ជាក់ស្ដែងសរធាតុប្រឆាំងអុកស៊ីតកម្មនៃផ្លែពោតបារាំងអាចជួយបន្សុទ្ធឈាម ព្យាបាលមុន និងជំងឺស្បែកផ្សេងៗធ្វើឱ្យស្បែកមានភាពភ្លឺថ្លាសុខភាពល្អ៕






















Account
Security
Favourite Content