ទម្លាប់នៃការរស់នៅប្រចាំថ្ងៃក៏បានរួមចំណែកក្នុងការថែរក្សាស្បែកឱ្យមានសភាពម៉ត់ និងទន់ភ្លឺរលោងផងដែរ។ ដូច្នេះថ្ងៃនេះ យើងសូមណែនាំនូវទម្លាប់ទាំង ៦ នេះគួរធ្វើនៅព្រឹក។ ប្រសិនបើយើងអាចរក្សាទម្លាប់ទាំងនេះបាននឹងជួយឱ្យស្បែកកាន់តែភ្លឺរលោងជារៀងរាល់ថ្ងៃ៖
១. ហាត់ប្រាណតិចៗ
ការធ្វើលំហាត់ប្រាណតិចៗក្រោយពេលងើបពីគេងអាចនឹងជួយឱ្យសាច់ដុំមានភាពបត់បែន បញ្ចេញញើស ជំរុញចរន្តឈាម និងបន្សាបជាតិពុលក្នុងរាងកាយផងដែរ។ លើសពីនេះ ការហាត់ប្រាណតិចៗបែបនេះក៏អាចបង្កើនការផលិត fibroblasts ដែលជាកោសិកាជួយបង្កើតខូឡាជែនដើម្បីពន្យឺតភាពចាស់ផងដែរ។
ជាមួយគ្នានេះ យើងក៏ត្រូវផឹកទឹកឱ្យច្រើនដែរ ដើម្បីជួយប្រព័ន្ធឈាមដំណើរការល្អ ស្បែកមានសំណើម និងពណ៌ផ្កាឈូកធម្មជាតិទៀតផង។
២. ម៉ាស្សាមុខថ្នមៗពេលលាងសម្អាត
ការលាងមុខក្រោយភ្ញាក់ពីគេងអាចជួយកម្ចាត់ជាតិពុល និងជាតិខ្លាញ់ចេញពីរន្ធញើស ធើ្វឱ្យស្បែកស្អាត ក៏ដូចជាមានសុខភាពល្អផងដែរ។ វាត្រូវបានគេណែនាំឱ្យជ្រើសរើសប្រភេទហ្វូមលាងមុខណាដែលមានសាច់ទន់ មិនស្ងួត និងផ្ដល់សំណើមដល់ស្បែក។
ស្របពេលលាងមុខ យើងគួរបន្ថែមជាមួយនឹងចលនាម៉ាស្សាជារាងរង្វង់ថ្នមៗ ដើម្បីជួយជំរុញចរន្តឈាម បង្កើនប្រសិទ្ធភាពលាងជម្រះឱ្យកាន់តែជ្រៅ និងធ្វើឱ្យស្បែកកាន់តេរលោងជាងមុន។
៣. ប្រើ toner ដែលមាន pH-balanced
បន្ទាប់ពីលាងមុខរួច ការប្រើប្រាស់ toner ដើម្បីផ្ដល់សំណើម និងរក្សាតុល្យភាពនៃកម្រិត pH នៅលើស្បែកមុខរបស់យើង។ ជាមួយគ្នានេះ វាក៏អាចជួយផ្ដល់សំណើម និងធ្វើឱ្យកាន់តែមានភាពងាយស្រួលសម្រាប់ស្បែកក្នុងការស្រូបយកសារធាតុចិញ្ចឹមពីផលិតផលថែរក្សាស្បែកដែលយើងនឹងប្រើនូវជំហានក្រោយៗទៀតផងដែរ។
៤. ផឹកទឹកក្ដៅឧណ្ហៗ ១ កែវក្រោយក្រោកពីគេង
បន្ទាប់ពីគេងអសរយៈពេលជាច្រើនម៉ោងនឹងធ្វើឱ្យរាងកាយ និងស្បែកចាប់ផ្ដើមខ្សោះជាតិទឹក។ ដូច្នេះជាជម្រើសល្អគឺយើងគួរញ៉ាំទឹកស្អាតមួយពែងក្រោយក្រោកពីគេង។ ជាពិសេស វានឹងរឹតតែប្រសើរជាងហ្នឹងទៀត ប្រសិនបើយើងញ៉ាំអាចញ៉ាំទឹកក្ដៅឧណ្ហៗព្រោះវាអាចជួយសម្រួលដល់ការរំលាយអាហារ ពង្រឹងសុខភាពស្បែក កម្ចាត់ជាតិពុល ក៏ដូចជាជំរុញរាងកាយទាំងមូលមានភាពស្រស់ស្រាយផងដែរ។
៥. កំណត់ពេលប្រើទូរសព្ទក្រោយក្រោកពីគេង
ទម្លាប់នៃការប្រើទូរស័ព្ទក្រោយភ្ញាក់ពីគេងពេលព្រឹកនឹងបំផ្លាញភ្នែក និងពន្លឿនភាពចាស់ទៀតផងដោយសារពន្លឺពណ៌ខៀវ។ ជាមួយគ្នានេះដែរ ពន្លឺពណ៌ខៀវដែលចេញពីអេក្រង់ទូរសព្ទនឹងបង្កើនល្បឿនដំណើរការអុកស៊ីតកម្មនៃស្បែកដែលអាចជំរុញឱ្យស្បែកឆាប់ចាស់ មានស្នាមជ្រីវជ្រួញ និងបាត់បង់ភាពបត់បែនតាមបែបធម្មជាតិផងដែរ។
៦. ញ៉ាំអាហារមានជាតិសរសៃខ្ពស់នៅពេលព្រឹក
អាហារពេលព្រឹកគឺពិតជាមានសារៈសំខាន់មែនទែនក្នុងចំណោមរបបអាហារទាំងបីពេល។ ការរំលងអាហារពេលព្រឹកនឹងធ្វើឱ្យប៉ះពាល់ដល់ការរំលាយអាហារ បាត់បង់សារធាតុចិញ្ចឹមសំខាន់ វីតាមីន និងអាហារូបត្ថម្ភផ្សេងទៀតរបស់រាងកាយផងដែរ។
យោងតាមគេហទំព័រ Forklift & Palate ចុះផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០២០ បានបង្ហាញអាហារពេលព្រឹកគួរតែចាប់ពីចន្លោះម៉ោង ៦ ទៅម៉ោង ១០។ វានឹងរឹតតែជួយដល់សុខភាពស្បែកស្រស់ស្អាត ក្មេងជាងវ័យក៏ដូចជារាងកាយទាំងមូល ប្រសិនបើយើងទទួលទានអាហារសម្បូរជាតិសរសៃព្រោះវាអាចជួយពន្លឿនការរំលាយអាហារ កម្ចាត់ និងបន្សាបជាតិពុលថែមទៀតផង៕

























Account
Security
Favourite Content