ប្រទេសកម្ពុជា បានឈានចូលដល់រដូវវស្សាម្ដងទៀតហើយ។ ទន្ទឹមគ្នានឹងទឹកភ្លៀងដែលស្រក់ចុះ ដក់តាមទីតាំងផ្សេងៗ វេលានេះក៏ជាដំណើរមកដល់នៃសត្វមូសដូចគ្នា។ ប្រាកដណាស់ មូសគឺជាសត្វមួយដែលបង្កការរំខានក្នុងជីវិតរស់នៅប្រចាំថ្ងៃ ព្រោះនៅពេលដែលវាខាំម្ដងៗអ្នកនឹងមានប្រតិកម្មរមាស់ភ្លាមៗ និងអាចឈានដល់ការកើតជំងឺផ្សេងៗ ដូចជា គ្រុនឈាមជាដើម។
អាស្រ័យហេតុនេះ AMS បានប្រមូលផ្ដុំនូវ ៥ វិធីសាស្រ្តធម្មជាតិ ដែលអ្នកមានកូនតូច មិនចង់ប្រើប្រាស់សារធាតុគីមី អាចយកទៅបណ្ដេញសត្វមូសបាន។
១. ជីរនាងវង ជីរអង្គាម និង ម្រះព្រៅ

ជីរមួយកូនថូ ដែលដាំនៅផ្ទះទុកសម្រាប់បង់សម្លនោះ ក៏អាចជាអ្នកជំនាញដៃមូសមួយដែលអ្នកតែងតែមើលរំលងដែរ។ ក្លិនឈ្ងុយរបស់រុក្ខជាតិស្លឹកប្រភេទនេះ គឺជាសត្រូវរបស់សត្វមូស។ អ្នកអាចដាំរុក្ខជាតិប្រភេទនេះនៅតាមជ្រុងផ្សេងៗនៃផ្ទះ ដើម្បីការពារសត្វមូសបាន ទុកជាផលចំណេញទាំងថវិកា និងសុវត្ថិភាពក្រុមគ្រួសារ។
២. ប្រេងស្លឹកគ្រៃ

ដ្បិតស្លឹកគ្រៃមានក្លិនក្រអូបប្រហើរដែលមនុស្សភាគច្រើននិយមចូលចិត្ត តែមូសមិនចូលចិត្តក្លិននេះឡើយ។ ដូច្នេះ អ្នកអាចប្រើប្រេងស្លឹកគ្រៃដែលអាចប្រើជាមួយទៀនក្រអូប ឬម៉ាស៊ីនចំណាយទឹក ដើម្បីដេញមូសបាន។ ក្នុងករណីដែលអ្នកត្រូវចេញទៅខាងក្រៅផ្ទះ ក៏អាចប្រើប្រាស់ប្រេងស្លឹកគ្រៃដែលអាចលាបលើខ្លួនបាន មកលាបលើស្បែកតិចៗក៏បានផលដូចគ្នា។
៣. សម្បកក្រូច

បើសិនជាអ្នក ជាអ្នកចូលចិត្តបរិភោគក្រូចស្រេច អ្នកប្រាកដជាពេញចិត្តនឹងចំណុចនេះ។ ក្លិនប្រេងដែលបង្កប់នៅក្នុងសម្បកក្រូច គឺជាអ្វីដែលមូសមិនហ៊ានចូលជិតទេ។ ដូច្នេះ អ្នកអាចច្របាច់សម្បកក្រូចឱ្យចេញក្លិនឆ្ងុយ រួចយកទៅដាក់នៅជ្រុងងងឹតនៅក្នុងផ្ទះបាន។ ក្នុងករណីដែលអ្នកចង់រក្សាទុកសំបកក្រូចឱ្យបានយូរ អ្នកអាចយកសម្បកក្រូចទៅហាលថ្ងៃឱ្យស្ងួតជាមុនសិន។ នៅពេលត្រូវការប្រើប្រាស់ សឹមយកមកដុតឱ្យចេញប្រេងឈ្ងុយពីសម្បកក្រូច។
៤. ខ្ទឹមស និងម្រេចខ្មៅ

គ្រឿងផ្សំងាយៗដែលមានគ្រប់ផ្ទះបាយ ដូចជា ខ្ទឹមស និងម្រេចខ្មៅ ក៏អាចយកមកប្រើប្រាស់ក្នុងការបណ្ដេញសត្វមូសតាមបែបធម្មជាតិដែរ។ អ្នកអាចបុកខ្ទឹមស និងម្រេចខ្មៅចូលគ្នាតិចៗ ល្មមចេញក្លិន រួចយកទៅដាក់នៅទីតាំងដែលសត្វមូសអាចនឹងសំងំនៅ ដើម្បីដេញឱ្យវាចេញពីទីតាំងនោះបាន។
៥. កាកកាហ្វេ

កាកកាហ្វេដែលសល់ពីការទទួលទានរាល់ថ្ងៃនេះ មិនមែនជាកាកសំណល់ឥតប្រយោជន៍នោះទេ ព្រោះក្រៅពីផលប្រយោជន៍ដែលទាក់ទងនឹងសម្រស់ កាកកាហ្វេក៏ជាអ្នកជំនាញក្នុងការដេញមូសមួយដែរ។ ក្រៅពីក្នុងផ្ទះ អ្នកអាចយកកាកកាហ្វេទៅរោយនៅគល់រុក្ខជាតិ ដែលជាជម្រករបស់មូស ឬតម្រងត្រងទឹកសល់ពីការស្រោចផ្កា ដែលជាទីតាំង មូសបន្តពូជជាដើម៕


























Account
Security
Favourite Content