អាកាសធាតុប្រែប្រួលមិនទៀងបែបនេះ សម្រាប់អ្នកមានស្បែកមុខមុនពិតជាពិបាកមែនទែន។ ជាមួយគ្នានេះ មុនអាចបណ្ដាលមកពីទម្លាប់នៃការថែរក្សាស្បែក ប៉ុន្តែរបបអាហារក៏ជាមូលហេតុមួយក្នុងចំណោមនោះផងដែរ។ ដូច្នេះហើយថ្ងៃនេះយើងនឹងចែករំលែកនូវអាហារ ៥ ប្រភេទដែលអ្នកកើតគួរនៅឱ្យឆ្ងាយ៖
១. ចំណី ឬអាហារលឿន
អាហារសម្រន់មានជាតិស្ករ អាហារកែច្នៃ និងកាបូអ៊ីដ្រាតចម្រាញ់គឺសុទ្ធតែស្ថិតនៅក្នុងក្រុមអាហារដែលមានបរិមាណ glycerin ខ្ពស់។ នៅពេលយើងទទួលទានអាហារប្រភេទនេះ កម្រិតជាតិស្ករក្នុងឈាមនឹងកើនឡើងភ្លាមៗដែលបណ្ដាលឱ្យកើតមុនបានយ៉ាងងាយ។ មិនតែប៉ុណ្ណោះ វាក៏អាចមានហានិភ័យនៃជំងឺរ៉ាំរ៉ៃមួយចំនួនរួមទាំងជំងឺមហារីកផងដែរ។ ដូច្នេះយើងគួរប្ដូរមកញ៉ាំអាហារណាដែលមានជាតិស្ករទាប ឬបន្លែផ្លែឈើវិញ។
២. ទឹកដោះគោ និងសូកូឡា
ទឹកដោះគោគ្រប់ប្រភេទអាចបង្កើនហានិភ័យនៃការឡើងមុនបានយ៉ាងងាយរួមទាំងបណ្ដាលឱ្យកាន់តែធ្ងន់ធ្ងរផងដែរ។ ក្រៅពីទឹកដោះគោ ការញ៉ាំសូកូឡាច្រើនក៏អាចនាំឱ្យឡើងមុនបានដូចគ្នាព្រោះវាមានជាតិស្ករច្រើន។ ដូច្នេះជំនួសឱ្យការញ៉ាំទឹកដោះគោ និងសូកូឡា យើងអាចទទួលទានជាទឹកផ្លែឈើស្រស់វិញ។
៣. ស្វាយទុំ
ស្វាយទុំគឺជាផ្លែឈើមួយប្រភេទដែលមានទទួលបានការពេញនិយមយ៉ាងខ្លាំងពីមនុស្សជាច្រើន ប៉ុន្តែមិនមែនសម្រាប់អ្នកកើតមុនឡើយ។ ការទទួលទានផ្លែឈើមួយប្រភេទនេះច្រើនពេកអាចធ្វើឱ្យអរម៉ូនមានអតុល្យភាពជួយបង្កើនការផលិតជាតិខ្លាញ់ដែលបណ្ដាលឱ្យស្ទះរន្ធញើស។ ដូច្នេះជាជម្រើសល្អប្រសិនបើយើងអាចកាត់ញ៉ាំប្រភេទផ្លែឈើដែលមានជាតិស្ករខ្ពស់បែបនេះ។
៤. អាហារមានជាតិសរសៃទាប
ជាតិសរសៃគឺជាសារធាតុសំខាន់ជាងគេក្នុងការរក្សារាងកាយ និងសុខភាពស្បែក។ ដូច្នេះយើងគួរតែទទួលទានអាហារដែលមានជាតិសរសៃខ្ពស់ឱ្យបានច្រើនដោយសារវាមិនត្រឹមតែជួយជំរុញការរំលាយអាហារប៉ុណ្ណោះទេ វាថែមទាំងជួយរក្សាកម្រិតជាតិស្ករក្នុងឈាម និងការពារការកើតមុនទៀតផង។
៥. អាហារមានកាបូអ៊ីដ្រាតខ្ពស់
របបអាហារដែលមានកាបូអ៊ីដ្រាតខ្ពស់ដូចជាអង្ករ នំប៉័ង ឬផាស្ដាជាដើមនឹងធ្វើឱ្យជាតិស្ករក្នុងឈាមកើនឡើងយ៉ាងរហ័ស។ មិនតែប៉ុណ្ណោះ វាក៏ធ្វើឱ្យអរម៉ូនអតុល្យភាព ជំរុញការផលិតជាតិខ្លាញ់ និងមានឱកាសខ្ពស់ក្នុងការកើតមុនផងដែរ។ ដូច្នេះយើងគួរជ្រើសរើសអាហារណាដែលមានប្រូតេអ៊ីន និងបន្លែឱ្យបានច្រើនវិញទើបអាចធានានូវសុខភាពស្បែក៕