នៅសល់មិនប៉ុន្មានថ្ងៃទៀត បុណ្យចូលឆ្នាំថ្មីប្រពៃណីចិននឹងឈានចូលមកដល់។ ជាទូទៅបងប្អូនប្រជាជនខ្មែរភាគច្រើនតែងតែមានជាការរៀបចំចំណីអាហារ ភេសជ្ជៈ និងគ្រឿងសក្ការៈបូជាដើម្បីទទួលបុណ្យចូលឆ្នាំចិន។ ក្នុងនោះដែរ ទឹកតែក៏ជាភេសជ្ជៈមួយដែលភាគច្រើនគេមិនអាចរំលងនោះទេ។ ដូច្នេះថ្ងៃនេះយើងសូមណែនាំតែ ៥ ប្រភេទខាងក្រោមនេះដែលសក្ដិសមសម្រាប់ការទទួលបុណ្យចូលឆ្នាំចិន ក៏ដូចជាល្អចំពោះសុខភាពផងដែរ៖
១. តែខ្មៅ (Keemun Tea)
តែខ្មៅ ឬ Keemun Tea គឺជាប្រភេទតែដែលមានជាតិកាហ្វេអ៊ីនជួយជំរុញខួរក្បាល ការគិត និងការចង់ចាំឱ្យកាន់តែប្រសើរឡើង។ ជាមួយអាស៊ីតអាមីណូ សារធាតុ polyphenols និង pectin នៅក្នុងតែខ្មៅអាចការបន្ថយភាពនឿយហត់ បំបាត់ការស្រេកទឹក សម្រួលដល់តម្រងនោម និងការបន្ទោរបង់ផងដែរ។ លើសពីនេះ សារធាតុ polyphenols ក៏អាចជួយកាត់បន្ថយការរលាក ការរំលាយអាហារ ល្អសម្រាប់ស្រទាប់ក្រពះ និងព្យាបាលរបួសនៅត្រង់នោះដែរ។
២. តែប៊ីលូឈុន (Biluochun Tea)
ការទទួលទានតែប៊ីលុនឈុនអាចសម្រួលការការនោម ព្យាបាលស្នាមជាំ ជំរុញការគិត និងបំបាត់ភាពនឿយហត់។ សារធាតុ flavonoids , catechin, beta-carotene, វីតាមីន C និងវីតាមីន E ដែលនៅក្នុងតែប៊ីលូឈុននឹងជួយកាត់ពន្យឺតភាពចាស់ ការពារជំងឺមហារីកផ្សេងៗ ការពារជំងឺសរសៃឈាមបេះដូង កាត់បន្ថយការឡើងជាតិខ្លាញ់ និងសម្ពាធឈាម។ តែប៊ីលូឈុនក៏អាចជួយបង្កើនស្រទាប់ការពារធ្មេញ ប្រឆាំងបាក់តេរី ប្រឆាំងរ៉ាឌីកាល់សេរី សម្រួលដល់ចរន្តឈាម កាត់បន្ថយការកកស្ទះ និងបន្ទាបហានិភ័យនៃជំងឺលើសឈាម ក៏ដូចជាជំងឺសរសៃឈាមបេះដូងផងដែរ។
៣. តែឡុងជីង (Longjing Tea)
តែឡុងជីងមានផ្ទុក L-theanine អាចជួយបន្ធូរអារម្មណ៍ បង្កើនភាពស្រស់ស្រាយ និងភាពស្វាហាប់។ ជាមួយនឹង catechins និង polyphenols អាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកប្រភេទផ្សេងៗ បន្ទាបសម្ពាធឈាម និងកាត់បន្ថយសម្ពាធឈាមផងដែរ។ មិនតែប៉ុណ្ណោះ តែឡុងជីងក៏អាចជួយរក្សាកម្រិតកូឡេស្ដេរ៉ូលក្នុងសរសៃឈាម កាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺសរសៃឈាមខួរក្បាលផងដែរ។ លើសពីនេះ សារធាតុ fluorine នៅក្នុងតែឡុងជីងអាចជួយកាត់បន្ថយក្លិនមាត់មិនល្អ និងការពុកធ្មេញថែមទៀតផង។
៤. តែភូអ៊ឺ (Pu’er Tea)
ការផឹកតែភូអ៊ឺបានរួមចំណែកដល់ការកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងកូឡេស្ដេរ៉ូលអាក្រក់ ឬ LDL (ជំងឺដែលទាក់ទងនឹងការធាត់) ហើយបន្ថែមមកវិញនូវកូឡេស្ដរ៉ូលល្អ។ វាក៏អាចជួយសម្រួលដល់លំហូរឈាម ប្រឆាំងនឹងការឈឺក្បាល និងឈឺក្បាលប្រកាំងដោតបញ្ជូនអុកស៊ីសែនបន្ថែមទៅកាន់ខួរក្បាល។ លើសពីនេះទៀត ការផឹកតែភូអ៊ឺអាចជួយការពារការរីកលូតលាស់នៃកោសិកាមហារីក និងរារាំងការរីករាយនៃកោសិកាផងដែរ។ ជាមួយនឹងវីតាមីន C នៅក្នុងនោះនឹងជួយការពារជំងឺផ្ដាសាយ និងជួយបន្ធូរភាពតានតឹងទៀតផង។
៥. តែអ៊ូឡុង (Oolong Tea)
តែអ៊ូឡុងមានផ្ទុកជាតិកាហ្វេអ៊ីនអាចបន្ថយកម្រិតជាតិស្ករក្នុងឈាម បន្ទាបហានិភ័យនៃជំងឺមហារីក និងជំងឺផ្សេងៗទៀត។ លើសពីនេះ តែអ៊ូឡុងក៏ជួយជំរុញប្រព័ន្ធភាពស៊ាំ ប្រឆាំងជំងឺគ្រុនផ្ដាសាយ សម្រួលបញ្ហាហើមពោះ ការច្រាលអាស៊ីតក្រពះ ល្អសម្រាប់សុខភាពលំពែង គេងលក់ស្រួល និងការរំលាយអាហារយ៉ាងមានប្រសិទ្ធភាព។ នៅក្នុងតែអ៊ូឡុងក៏មាន L-Theanine ដែលជួយសម្រួលអារម្មណ៍ គ្រប់គ្រង និងបន្ធូរភាពតានតឹងផងដែរ៕

























Account
Security
Favourite Content