ការញ៉ាំបន្លែភាគច្រើនគឺត្រូវចម្អិនជាមុនសិន។ ប៉ុន្តែសម្រាប់បន្លែមួយចំនួន បើសិនជាញ៉ាំឆៅអាចនឹងល្អជាងពេលឆ្អិន។ ជាពិសេសសម្រាប់អ្នកតមអាហារ យើងសូមចែករំលែកនូវបន្លែទាំង ៣ ខាងក្រោមនេះព្រោះវាអាចជួយជំរុញការសម្រកគីឡូ ផ្ដល់សារធាតុចិញ្ចឹម និងការពារជំងឺផ្សេងៗផងដែរ៖
១. ប្រូខូលី ឬផ្កាខាត់ណាខៀវ
អំឡុងពេលសម្រកទម្ងន់ភាគច្រើនមនុស្សយើងមានទំនោរជ្រើសរើសញ៉ាំអាហារណាដែលមានប្រូតេអ៊ីនខ្ពស់ដូចជាសាច់ទ្រូងមាន់ ឬស៊ុតជាដើម។ បន្ថែមពីលើនេះ ការទទួលទានបន្លែបៃតងដូចជាប្រូខូលី ឬផ្កាខាត់ណាខៀវក៏មានប្រតេអ៊ីនខ្ពស់ណាស់ដែរ។
យោងតាមគេហទំព័រ Health and Social Service បានលើកឡើងថាការទទួលទានប្រូខូលីគឺមានអត្ថប្រយោជន៍ជាងពេលឆ្អិន។ ប៉ុន្តែសម្រាប់អ្នកមិនចេះ ឬមិនចង់ញ៉ាំឆៅក៏អាចយកទៅស្រុះបន្តិចបាន។ ក្រៅពីប្រូតេអ៊ីន ប្រូខូលីក៏មានផ្ទុកនូវវីតាមីន C ប៉ូតាស្យូម និង goitrin ដែលអាចជួយការពារក្រពេញទីរ៉ូអ៊ីត។
២. ម្ទេសប្លោកក្រហម
ម្ទេសប្លោកក្រហមគឺជាប្រភពនៃសារធាតុចិញ្ចឹម វីតាមីន A និងវីតាមីន C ដែលរាងកាយយើងត្រូវការប្រចាំថ្ងៃ។ វាត្រូវបានគេចាត់ទុកជាបន្លែមួយប្រភេទដែលសក្ដិសមសម្រាប់អ្នកសម្រកទម្ងន់។ ផ្អែកលើគេហទំព័រ Healthline បានបង្ហាញថាការទទួលទានម្ទេសប្លោកក្រហមឆៅអាចជួយបង្កើនជាតិដែកក្នុងរាងកាយបានយ៉ាងល្អ។
លើសពីនេះ ម្ទេសប្លោកក្រហមក៏មានគុណសម្បត្តិក្នុងការពង្រឹងសុខភាពភ្នែក និងកាត់បន្ថយហានិភ័យនៃជំងឺស្លេកស្លាំងផងដែរ។
៣. ខ្ទឹមក្រហម
ខ្ទឹមក្រហមសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រឆាំងការរលាកផ្សេងៗក្នុងរាងកាយ។ មិនតែប៉ុណ្ណោះ ការញ៉ាំខ្ទឹមក្រហមឆៅក៏អាចជួយការពារជំងឺមហារីកសួត និងក្រពេញប្រូស្ដាតផងដែរ។
យោងតាមគេហទំព័រ Healthline ដដែលបានបង្ហាញថាការញ៉ាំខ្ទឹមក្រហមឆៅបែបនេះអាចជួយការពារការប្រមូលផ្ដុំជាតិខ្លាញ់ និងកាត់បន្ថយខ្លាញ់ដែលមានក្នុងរាងកាយទៀតផង។ ដូច្នេះទើបគេចាត់ទុកខ្ទឹមក្រហមគឺជាជម្រើសមួយទៀតសម្រាប់អ្នកសម្រកទម្ងន់៕























































Account
Security
Favourite Content