តាមរយៈជំនួបទ្វេភាគីរវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេច ហ៊ុន សែន និង លោកប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី នៅថ្ងៃទី ១៦ខែមករា ២០២៣ នេះ ថ្នាក់ដឹកនាំនៃប្រទេសទាំង២ បានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការជាច្រើន។ ក្នុងនោះកិច្ចសហប្រតិបត្តិការដ៏គួរឲ្យចាប់អារម្មណ៍មួយគឺការលើកលែងទិដ្ឋាការសម្រាប់ប្រជាជននៃប្រទេសទាំងពីររយៈពេល ៣០ក្នុងការធ្វើដំណើរដោយសេរីក៏ត្រូវបានឯកភាព។

ក្នុងសន្និសីទរួមរវាងប្រទេសទាំងពីរ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «សម្តេចនិងប្រធានាធិបតីម៉ាលឌីវ បានផ្ដោតការយកចិត្តទុកដាក់ទៅលើការជំរុញកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍មិនគ្រាន់តែតភ្ជាប់រវាងប្រជាជនម៉ាលឌីវទៅកាន់កម្ពុជា និងប្រជាជនកម្ពុជាមកកាន់ម៉ាល់ឌឺវប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺផ្ដោតទៅលើអ្នកទេសចរទស្សនកិច្ចនៅកម្ពុជាតាមប្រាសាទនានាក៏ប៉ុន្តែបន្ទាប់ទៅគេអាចមកកាន់ម៉ាល់ឌីវដើម្បីងូតទឹកនិងលំហែកាយនៅមាត់សមុទ្រ ឬក៏អ្នកមកដល់ម៉ាល់ឌីវគឺអាចមុជទឹកនិងលំហែកាយនៅទីនេះហើយក៏ចង់ទៅមើលប្រាង្គប្រាសាទ គេអាចធ្វើដំណើរទៅកម្ពុជា ដូច្នេះយើងក្លាយទៅជាកញ្ចប់ទេសចរណ៍រួម ដែលអាចប្រើប្រាស់វីហ្សាមួយគោលដៅពីរប្រទេសដែលយើងនឹងសិក្សាបញ្ហានេះបន្តទៀត។»
ចំណែកលោក អ៊ីប្រាហ៊ីម ម៉ូហាមេដ សូលី មានប្រសាសន៍ថា «ខ្ញុំមានការរីករាយ ដែលយើងអាចសម្រេចបាននូវកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ រវាងប្រទេសយើងទាំងពីរ ប្រជាជនម៉ាល់ឌីវ និងប្រជាជនកម្ពុជា នឹងអាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការ សម្រាប់រយៈពេល ៣០ថ្ងៃ»។
ព័ត៌មានខ្លះដែលយើងគួរដឹងពីប្រទេសម៉ាល់ឌីវ
ប្រទេសម៉ាល់ឌីវ ដែលគេស្គាល់ថាជាកោះដ៏ស្រស់ស្អាតបំផុតមួយនៅលើផែនដី ប្រជុំទៅដោយកោះផ្កាថ្មតូចៗជាច្រើន ហើយក៏មានរីសតជាច្រើននៅជាប់មាត់សមុទ្រ ដែលសុទ្ធតែមានភាពស្រស់ស្អាត និងទាក់ទាញបំផុត។ ម៉ាល់ឌីវ មានប្រជាជនចំនួនជាង ៥៧មុឺន នាក់ និងមានភាសាផ្លូវការថា ឌីវី ឬ ម៉ាល់ឌីវៀន។ ចំណែកសាសនាវិញ ប្រទេសដែនកោះមួយនេះ យកសាសនាឥស្លាម គឺជាសាសនារបស់រដ្ឋ។ ប្រទេសនេះប្រជុំទៅដោយកោះផ្កាថ្មតូចៗ ឆ្នេរខ្សាច់ចំនួន ១២០០ និងមានឈ្មោះផ្លូវការ សាធារណរដ្ឋម៉ាល់ឌីវ ឬម៉ាល់ឌីវ និងមានរដ្ឋធានីឈ្មោះ Male៕



























Account
Security
Favourite Content