តាមរយៈរូបភាពជាច្រើនសន្លឹក បង្ហោះដោយទំព័រហ្វេសប៊ុកផេក មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញឱ្យឃើញពី ទិដ្ឋភាពភ្ញៀវទេសចរទស្សនាថ្ងៃរះនៅប្រាសាទអង្គរវត្តនាព្រឹក ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៤ យ៉ាងច្រើនកុះករ ។

តាមការបញ្ជាក់ពីមន្ទីរទេសចរណ៍ខេត្តសៀមរាប ឱ្យដឹងទៀតថា ក្នុង ១ ថ្ងៃភ្ញៀវទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរចន្លោះពី ១,៣០០ នាក់ ទៅ ១,៧០០ នាក់ ។ ដោយឡែក សម្រាប់ជើងហោះហើរ ចូលមកកាន់ខេត្តសៀមរាបមានចន្លោះពី ១៤-១៩ ជើង ក្នុងមួយថ្ងៃ។ ក្នុងនោះរួមមាន មកពីបាងកក (៥-៦ ជើងក្នុងមួយថ្ងៃ) ហូជីមីញ (៣ ជើងក្នុងមួយថ្ងៃ) ដាណាង(១ ជើងក្នុងមួយថ្ងៃ) ហាណូយ (២ ជើងក្នុងមួយថ្ងៃ) កូឡាឡាំពួរ (១ ជើងក្នុងមួយថ្ងៃ) សិង្ហបុរី (១ជើងក្នុងមួយថ្ងៃ) ភ្នំពេញ (២ជើងក្នុងមួយថ្ងៃ) និងក្រុងព្រះសីហនុ (១ជើងក្នុងមួយថ្ងៃ) ។



ដោយឡែកបើក្រឡេកទៅមើលកន្លែងលក់ប័ណ្ណចូលទស្សនាតំបន់ប្រាសាទអង្គរវិញ ក៏ឃើញថា មានភ្ញៀវទេសចរចម្រុះជាតិសាសន៍តម្រង់ជួរច្រើនគួរសម ដើម្បីរង់ចាំទិញសំបុត្រ។ នេះបញ្ជាក់ឱ្យឃើញថា ថ្វីបើមានការថយចុះភ្ញៀវក៏ពិតមែន ប៉ុន្តែមិនបានស្ងាត់ទាំងស្រុង ដូចការផ្សព្វផ្សាយពីបុគ្គលមួយចំនួន ចែកចាយលើបណ្ដាញសង្គមនោះទេ។


យ៉ាងណាមិញ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ក៏បានធ្វើការកែប្រែទៅលើសេវាជាច្រើន ដើម្បីសម្រួលភ្ញៀវទេសចរមកពីគ្រប់ប្រទេស។ ក្នុងនោះដែរ ប្រលានយន្តហោះថ្មីខេត្តសៀមរាប មានបុគ្គលិក រង់ចាំស្វាគមន៍យ៉ាងកក់ក្ដៅ ចំណែកឯហេដ្ឋារចនាសម្ព័ន្ធ ក៏ងាយស្រួលក្នុងការធ្វើដំណើរ។ ពិសេសនៅតាមតំបន់ប្រាសាទនានា គឺមានការយកចិត្តទុកដាក់ជាខ្លាំង លើការថែរក្សាសណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថានស្អាតជាប្រចាំ។ ក្នុងនោះដែរក្នុងនាមជាប្រជាជនលើទឹកដីប្រទេសកំណើតខ្លួន ក៏គួរគប្បីចូលរួមចំណែកគ្រប់រូបភាព ផ្សព្វផ្សាយ រឿងល្អៗ ទៅកាន់ពិភពលោក ជាជាងផ្សាយរឿងមិនល្អ នាំឱ្យប៉ះពាល់ប្រយោជន៍ជាតិ រួមគ្នាធ្វើដើម្បីប្រទេសជាតិយើងទាំងអស់គ្នា៕




























Account
Security
Favourite Content