កម្មវិធី «កម្មវិធីវនយាត្រា» រដូវកាលទី១ បានឈានចូលមកដល់ភាគទី១២ និងបិទបញ្ចប់តំបន់ទី៣ របស់ខ្លួនកាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនាកន្លងទៅនេះ។ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ឬ ពី១ភាគទៅ ១ភាគ កម្មវិធីមួយនេះតែងតែនាំអារម្មណ៍អ្នកទស្សនាឱ្យស្គាល់កន្លែងកម្សាន្តថ្មីៗ ក៏ដូចជាណែនាំឱ្យអ្នកទស្សនាជ្រាបកាន់តែច្បាស់ពីធនធានធម្មជាតិ និងជីវចម្រុះនៅកម្ពុជា។
ផ្ទុយពីតំបន់មុនៗ «កម្មវិធីវនយាត្រា» តំបន់ទី៣ ដែលចាប់ផ្តើមពី ភាគទី៩-១២ បានបង្វែរបេសកកម្មរបស់ខ្លួនទៅដល់ដែនដីដ៏ពិសិទ្ធនៃខេត្តប៉ៃលិន។ ក្នុងបេសក្ខកម្មតំបន់ទី៣ នេះ គោលដៅចម្បងរបស់ «កម្មវិធីវនយាត្រា» គឺការទាញចំណាប់អារម្មណ៍អ្នកទស្សនាមកស្វែងយល់ពិសោធន៍បែបផ្សងព្រេងឡើងភ្នំ ឆ្ពោះទៅកាន់ផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនៃទឹកធ្លាក់ក្បាលដំរី។
ជាមួយគ្នានេះ តំបន់ទី៣ នឹងគាស់រំលើងពីសក្តានុពលទេសចរណ៍របស់ខេត្តប៉ៃលិន និងបង្ហាញពីទិដ្ឋភាពការរស់នៅរបស់អ្នកស្រុកទីនោះ។ ជាក់ស្តែងនៅក្នុងភាគទី ៩ អ្នកទស្សនានឹងបានឃើញពីរបៀបដែលអ្នកខេត្តប៉ៃលិន រែងរកត្បូង និងអាចស្វែងយល់ពីតម្លៃនៃត្បូងដែលជាធនធានកម្រមួយនេះថែមទៀតផង។ គួរជម្រាបថា តំបន់ទី៣ បានបង្ហាញពីសកម្មភាព និងទិដ្ឋភាពដ៏អស្ចារ្យជាច្រើនផ្សេងទៀតនៃភូមិភាគខាងលិចនៃប្រទេសកម្ពុជាមួយនេះ។ សម្រាប់អ្នកមិនទាន់បានទស្សនា លោកអ្នកអាចទស្សនាវីដេអូទាំង ៤ ភាគនៅខាងក្រោម ឬចូលទៅទស្សនាលើទំព័រហ្វេស AMS Infotainment និងក្រសួងបរិស្ថានបានផងដែរ៕