ទឹកតេអាលច ជារមណីយដ្ឋានទេសចរធម្មជាតិមួយកន្លែងក្នុងខេត្តក្រចេះ។ បច្ចុប្បន្ន ទីកន្លែងកម្សាន្តដែលមានទឹកហូរថ្លាមើលឆ្លុះដល់បាតមួយនេះត្រូវបានរៀបចំកែលម្អបន្ថែមកន្លែងអង្គុយលេងយ៉ាងស្រស់ស្អាតដែលអាចអ្នកទេសចរសម្រាកបានយ៉ាងត្រជាក់ចិត្ត។

តាមរយៈរូបភាពដែលបង្ហោះនៅលើអាខោនផ្លូវការរបស់មន្ទីរទេសចរណ៍ខេត្តក្រចេះបានបង្ហាញនូវផ្ទាំងទស្សនីយភាពត្រជាក់ភ្នែកនៃតំបន់ទេសចរណ៍ធម្មជាតិមួយកន្លែងដែលស្ថិតនៅ ភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។ បច្ចុប្បន្ន រមណីយដ្ឋានមួយនេះត្រូវបានកែលម្អយ៉ាងស្រស់ស្អាតដោយមានការរៀបចំដាក់នូវកញ្ចុះសម្រាប់អង្គុយលេងយ៉ាងច្រើនជាប់និងផ្ទៃទឹកតែម្ដងដោយកូនតូបតូចៗ មានគម្លាតឆ្ងាយល្មមពីគ្នា។
ក្រៅពីនេះ អ្នកទេសចរទៅកម្សាន្តនៅ ទឹកតេអាលច ក៏អាចងូតទឹកលេងកម្សាន្តបានដែរព្រោះថាទឹកនៅទីនោះត្រជាក់ និងថ្លាល្អ ហើយមិនសូវបារម្ភបញ្ហាគ្រោះថ្នាក់ ព្រោះទាក់រាក់ៗ។ មិនតែប៉ុណ្ណោះ តំបន់កម្សាន្តនាពេលចុងសប្ដាហ៍ និងថ្ងៃឈប់សម្រាកដ៏ពេញនិយមក្នុងខេត្តក្រចេះមួយនេះ ក៏មានការលក់ចំណីអាហារឆ្ងាញ់ៗដែលចម្អិនដោយអ្នកភូមិផងដែរ។





សម្រាប់ទេសចរចង់ទៅកម្សាន្តនៅតំបន់ធម្មជាតិដ៏ស្រស់ស្អាតមួយនេះអាចធ្វើដំណើរលើកំណាត់ផ្លូវលេខ៧ ចម្ងាយ ៣០ គីឡូម៉ែត្រ ពីទីរួមខេត្ត ទើបអាចទៅដល់រមណីយដ្ឋាន ទឹកតេអាលច ដែលស្ថិតនៅក្នុង ភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ៕
ប្រភពរូបភាព៖ មន្ទីរទេសចរណ៍ខេត្តក្រចេះ

























Account
Security
Favourite Content