ខេត្តដែលប្រមូលផ្តុំទៅដោយប្រាសាទរាប់រយ បានត្រៀមខ្លួនរួចជាស្រេចក្នុងបើកទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិនាឱកាសបុណ្យអុំទូកខាងមុខនេះ។ ចាំអីទៀត បបួលគ្នាឲ្យហើយទៅ ដើរលេងកាត់ស្ត្រេស សាកថ្មជីវិតឲ្យពេញៗ ត្រៀមស្វាគមន៍ឆ្នាំ ២០២៤។





ឆ្នាំណាក៏ដូចឆ្នាំណា សៀមរាបមិនដែលរំលងការរៀបតុបតែងភ្លើងពណ៌ មើលទៅទាក់ទាញ ជាពិសេសក្នុងពិធីបុណ្យជាតិធំៗតែម្តង។ ជាក់ស្តែងនៅសល់មិនប៉ុន្មានថ្ងៃទៀត ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឈានមកដល់ ក្រឡែកមកមើលការរៀបចំរបស់ខេត្តមួយនេះ ពិតជាប្លែក និងត្រជាក់ភ្នែកជាមួយការតុបតែងលម្អដោយភ្លើងគោម បើកបំភ្លឺចាំងចែងស្ទើរគ្រប់កន្លែង ពិសេសនៅតាមដងវិថីធំៗ និងស្ពានជាច្រើនកន្លែង។

នៅមិនអស់ទេ ផាប់ស្ត្រីត កន្លែងដែលមិនគួររំលងពេលរាត្រីក៏មានការរៀបចំមិនធម្មតាដែរ ជាមួយការចងគោមបំភ្លឺពន្លឺពណ៌លឿងឆ្អិនឆ្អៅចាំងសាច់សខ្ចីដល់ភ្ញៀវទេសចរដែលដើរកំសាន្តនៅតាមដងផ្លូវ។ រីឯតាមហាងអាហារ ហាងលក់ទំនិញ និងហាងវត្ថុអនុស្សាវរីយ៍ ត្រូវបានប្រើ concept ពណ៌លឿងទុំ ធ្វើឲ្យតំបន់ទេសចរពេលរាត្រីមួយនេះកាន់តែស្រស់ស្អាតដូចសួគ៌ឋានយ៉ាងដូច្នោះដែរ។

យ៉ាងណាមិញ បើបានទៅដល់សៀមរាបហើយអត់បានដើរមើលប្រាសាទ ញ៉ាំអាហារតាមតំបន់ ដូចអត់សមទេ ត្រូវអត់? ចឹងហើយ ក្រោកពីព្រឹកជិះមើលប្រសាទ ជាមួយទេសភាពតាមដងផ្លូវ ដើមឈើធំៗ ខ្យល់ធ្លាក់ត្រជាក់ដល់បេះដូង ថាមើល៍ គួរគេងដល់ម៉ោង ១១ ថ្ងៃត្រង់អត់? និយាយពីរសជាតិអាហារតាមតំបន់វិញ ទៅសាកទៅ ពិតជាមិនខកបំណងឡើយ ហើយជាប់ចិត្តក៏ផ្តាំប្រាប់តៗគ្នាឲ្យទៅជួយគាំទ្រផងណា។
សៀមរាប ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដែលទេសចរជាតិ និងអន្តរជាតិមិនដែលរំលងក្នុងការចូលមកទស្សនា មិនថាថ្ងៃបុណ្យជាតិធំៗ ឬថ្ងៃចុងសប្តាហ៍ ក៏ព្រោះតែតំបន់នេះមានបេតិកភណ្ឌជាតិដ៏អស្ចារ្យនោះគឺប្រាសាទអង្គរវត្ត៕


























Account
Security
Favourite Content