ត្រឹមមួយប៉ប្រិចភ្នែក ប្រាសាទខ្មែរ ២ នៅលើទឹកដីខេត្តព្រះវិហារ និងឧត្តរមានជ័យបានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការបាញ់ប្រហាររបស់ទ័ពសៀមមកលើដែនអធិបតេយ្យកម្ពុជា។ នេះបើតាមការបង្ហោះជូនដំណឹងលើផេកផ្លូវការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។


ការផ្ទុះអាវុធដោយកងកម្លាំងថៃនៅលើដែនអធិបតេយ្យកម្ពុជាបានកើតមានឡើងជាថ្មីម្ដងទៀតនាពេលទាបភ្លឺឈានចូលថ្ងៃទី ៨ ធ្នូ ២០២៥ ដោយបានសម្លាប់ជីវិតពលរដ្ឋស៊ីវិលស្លូតត្រង់ជាច្រើននាក់ និងបានបំផ្លាញសម្បត្តិជាតិកម្ពុជាចំនួន ២ នោះគឺប្រាសាទព្រះវិហារ ដែលមានទីតាំងស្ថិតក្នុងខេត្តព្រះវិហារ និងប្រាសាទតាក្របី ដែលស្ថិតក្នុងខេត្តឧត្តរមានជ័យ។
តាមរយៈការបង្ហោះជូនដំណឹងលើផេកផ្លូវការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានឱ្យដឹងថា នាវេលាម៉ោង ៧ ព្រឹកថ្ងៃទី ៨ ធ្នូ ២០២៥ យោធាថៃបានធ្វើការបាញ់ប្រហារមកលើតំបន់ជុំវិញ និងទីតាំងផ្ទាល់នៃប្រាសាទព្រះវិហារ ដោយបានបំផ្លាញអគារអភិរក្សរបស់គម្រោងអភិរក្សនិងជួសជុលគោបុរៈទី៥ នៃប្រាសាទព្រះវិហារ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា ដែលស្ថិតនៅបរិវេណគោបុរៈទី៥ បណ្ដាលឱ្យខូចខាតទាំងស្រុង ហើយក្នុងនោះក៏មានហេដ្ឋារចនាសម្ពន្ធអភិរក្សដទៃទៀតដែរ ។ តាមប្រភពដដែលបានឱ្យដឹងទៀតថា ឈានចូលដល់ថ្ងៃទី ៩ ធ្នូ ២០២៥ កងកម្លាំងថៃបានបាញ់ប្លោងមកលើប្រាសាទតាក្របីដែលបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ (មានវីដេអូ) ។




ចំពោះហេតុការណ៍នេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ និងសាហាវព្រៃផ្សៃរបស់កងទ័ពសៀមមកលើប្រាសាទខ្មែរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាកេរ្តិ៍ដំណែលដូនតាបានបន្សល់ទុក គឺជាការប្រមាថមើលងាយ និងមិនឱ្យតម្លៃដល់វប្បធម៌ អរិយធម៌ ដែលឈានដល់ការប្រមាថទៅដល់ជាតិសាសន៍នៃប្រទេសកម្ពុជាទាំងមូល៕
នេះជាវីដេអូភស្តុតាងដែលទ័ពសៀមបាញ់ប្លោងមកលើប្រាសាទតាក្របី ៖ https://www.facebook.com/100050393564193/videos/pcb.1410352707321168/25147397044945170
រូបភាព ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ


























Account
Security
Favourite Content