តាមសេចក្តីប្រកាសរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២៨ មិនា ឆ្នាំ២០២៣ បានឲ្យដឹងថា មន្ទីរ និងរដ្ឋបាលខេត្ត បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុងច្បារមន និងសមាគមគោលឿនខេត្តកំពង់ស្ពឺ រៀបចំ ព្រឹត្តិការណ៍ប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៣។

ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ វេលា ម៉ោង ៨:០០នាទីព្រឹក ស្ថិតនៅលើដីឡូត៍ លោកជំទាវ ជិន សុវណ្ណឌី សង្កាត់រការធំ ក្រុងច្បារមន តាមបណ្តោយ ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៣-៤៤ ទល់មុខស្ថានីយប្រេងឥន្ធនៈ PTT។
នេះជាលើកទី៧ ដែលពិធីប្រណាំងរទេះសាឡីគោលឿនត្រូវបានរៀបចំឡើង ខណៈឆ្នាំ២០២០-២០២១ មិនអាចរៀបចំបាន ដោយសារកូវីដ១៩។ បើតាមសារព័ត៌មាន Fresh News លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំនេះ មានរទេះគោ ៣០នឹមចូលរួម។ ក្នុងនោះ នៅថ្ងៃប្រកាសលទ្ធផល គេនឹងប្រគល់ជ័យលាភី ដល់នឹមលេខ១ លេខ២ និងលេខ៣ ខណៈនឹមលេខ៤ និងលេខ៥ ទទួលបានរង្វាន់កិត្តិយស។
សេចក្តីប្រកាស ខាងលើក៏បានអំពាវនាវ ដល់សាធារណជន និងប្រជាជនខេត្តកំពង់ស្ពឺ ដើម្បីចូលរួមទស្សនាកម្សាន្ត លើកទឹកចិត្តនិងលើកកម្ពស់ អភិរក្សនូវប្រពៃណីដ៏ល្អនៃការប្រណាំងរទេះសាឡីគោលឿន ដែលមានតាំងពីយូរលង់ណាស់មកហើយ៕



























Account
Security
Favourite Content