កិច្ចប្រជុំពិភាក្សាលើការរៀបចំទីតាំងកំពង់ផែទេសចរណ៍កម្សាន្តទូក តាមបណ្ដោយដងទន្លេមេគង្គ និងទន្លេសាប ធ្វើឡើងនៅថ្ងៃនេះ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងធំៗជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។

នាព្រឹកមិញនេះ មានវត្តមានឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ព្រមទាំងសហការីជាច្រើនរូបទៀត ដែលមកពីតាមបណ្ដាក្រសួងនានាចូលរួមការប្រជុំនោះ។
គោលបំណងរៀបចំយុទ្ធសាស្ត្រយូរអង្វែងនេះឡើង គឺដើម្បីកៀរគរវិនិយោគ និងបង្កើនចំណូលពីតំបន់ដងទន្លេមេគង្គ និងបឹងទន្លេសាប ដោយផ្ដោតលើការសាងសង់ផែមួយចំនួនតាមដងទន្លេ ជំរុញបង្កើតសកម្មភាពសេដ្ឋកិច្ចនានា និងជំរុញទាក់ទាញវិស័យទេសចរណ៍។ មិនតែប៉ុណ្ណោះគម្រោងនេះ បើសម្រេចបាន អាចបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេមេគង្គ និងបឹងទន្លេសាប ឲ្យកាន់តែមានភាពរីកចម្រើន ធូរធារ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាខាងលើរវាងក្រសួងធំៗជាច្រើននោះ បានធ្វើឡើងនាថ្ងៃ ៨ ខែមេសា ឆ្នាំ ២០២៥ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕






រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរទេសចរណ៍ខេត្តបាត់ដំបង


























Account
Security
Favourite Content