ក្នុងស្មារតីចូលរួមលើកស្ទួយ ថែរក្សា ការពារ នូវសម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់ដូនតាខ្មែរ និងដើម្បីបង្ហាញឱ្យកូនខ្មែរ ក៏ដូចជាភ្ញៀវទេសចរបរទេសឱ្យបានឈ្វេងយល់ពីសិល្បៈ វប្បធម៌ អរិយធម៌ ដ៏រុងរឿងនៃប្រទេសកម្ពុជា «បុណ្យវប្បធម៌» ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងលើកដំបូងនៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ «បុណ្យវប្បធម៌» នេះ នឹងប្រព្រឹត្តិនៅថ្ងៃទី ២៨ និង ២៩ ខែតុលាខាងមុខនេះ នៅឯ F3 (Friends Futures Factory)។

«បុណ្យវប្បធម៌» នេះអាចនិយាយបានជាលើកទី១ ហើយ ដែលមានការរៀបចំជាពិសេស ក្រោមគំនិតផ្ដួចផ្ដើម ពីក្រុមយុវជនវ័យក្មេង សភាយុវជន (Youth Assembly) ដោយមានការគាំទ្រយ៉ាងពេញទំហឹងពី ស.ស.យ.ក ខេត្តស្វាយរៀង។ ពិធីបុណ្យវប្បធម៌ នឹងបើកឱ្យសាធារណជន ភ្ញៀវទេសចរ សិស្ស និស្សិត ប្រជាពលរដ្ឋទូទៅ ចូលទស្សនាដោយសេរី ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៩យប់។

ក្នុងនោះនឹងមានការបង្ហាញជូនដល់អ្នកចូលរួមគ្រប់រូប បានទស្សនា បានសិក្សាឈ្វេងយល់អំពី ទម្រង់សិល្បៈ វប្បធម៌ ស្នាដៃហត្ថកម្ម សិប្បកម្ម ការធ្វើបទបង្ហាញផ្សេងៗ ដែលទាក់ទងនឹងស្នាដៃសិល្បៈវប្បធម៌ខ្មែរ ពីសំណាក់អ្នកជំនាញ។ បន្ថែមលើពីនេះក៏នឹងមានការប្រគុំតន្ត្រី បុរាណ សម័យ និងការសម្ដែងផ្ទាំងទស្សនីយភាពសិល្បៈរបាំផ្សេងៗជាច្រើនទៀត។ ក្រៅពីនេះក៏មានតូចលក់អាហារឆ្ងាញ់ៗជាច្រើនរាប់មិនអស់។
ដូច្នេះកុំភ្លេចទៅចូលរួមឱ្យបានច្រើនកុះករ នៅថ្ងៃទី២៨ និង ២៩ ខែតុលា ឆ្នាំ ២០២៣ នេះ នៅក្នុងកម្មវិធីដ៏សប្បាយរីករាយ «បុណ្យវប្បធម៌» ដើម្បីចូលរួមចំណែកលើកស្ទួយ ថែរក្សា ការពារ និងជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវកេរមរតកវប្បធម៌ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ៕


























Account
Security
Favourite Content