រមណីយដ្ឋាន «ភ្នំឈ្ងោក» ជាទីតាំងប្រវត្តិសាស្ត្រល្បីឈ្មោះក្នុងខេត្តកំពត ដែលមានគុហា ឬ (រូងភ្នំ) តូចធំរាប់រយ ហើយនៅក្នុងរូងភ្នំក៏មានបង្កប់ប្រាសាទបុរាណដែលសាងសង់ឡើងពីឥដ្ឋ ដែលមានអាយុកាលរាប់រយឆ្នាំទៀតផង។


ប្រាសាទភ្នំឈ្ងោក ជាប្រាសាទចំណាស់មួយដែលស្ថិតនៅក្នុងរូងភ្នំនៃរមណីយដ្ឋានភ្នំឈ្ងោក ខេត្តកំពត។ ប្រាសាទមួយនេះសាងសង់ឡើងអំពីឥដ្ឋ នៅក្នុងរូងភ្នំថ្មកំបោរ ជាបន្ទប់មានរាងបួនជ្រុងស្មើ ដំបូលធ្វើឡើងជាបីថ្នាក់តាមទម្រង់ប្រាសាទនៃសិល្បៈឥណ្ឌាខាងត្បូង។ លក្ខណៈពិសេសនៃប្រាសាទមួយនេះ ត្រូវបានកត់សម្គាល់ថាជាប្រាសាទសង់គ្របពីលើលិង្គធម្មជាតិមួយដែលជាប្រភេទថ្មកំបោរ។ ប្រាសាទភ្នំឈ្ងោក គឺជាប្រាសាទឧទ្ទិសដល់ព្រហ្មញ្ញសាសនា (ព្រះឥសូរ) ត្រូវបានគេចាត់ទុកថាជាសំណង់ក្នុងរូងភ្នំចាស់ជាងគេនៅក្នុងសិល្បៈខ្មែរ (នៅមានរូបរាងល្អ)។
តាមការស្រាវជ្រាវរបស់អ្នកបុរាណវិទូ ភ្នំឈ្ងោកមានគុហា ឬរូងភ្នំកើតដោយធម្មជាតិ សរុប ១២១ គុហា ក្នុងនោះមានគុហាធំៗចំនួន៨ និងគុហាតូចៗចំនួន១១៣ ហើយផ្ទាំងផ្មធម្មជាតិដែលមាននៅខាងក្នុងរូងភ្នំមានសណ្ឋានរូបរាងដូចជាសត្វដំរី ឥន្ទ្រីយ៍ អណ្តើក ក្រពើ និងពស់ជាដើម។ រមណីយដ្ឋាន «ភ្នំឈ្ងោក» មានទីតាំងស្ថិតនៅភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត៕



រូបភាព ផ្ដល់ដោយ ក្រុមប្រមាញ់រូបភាពជីវចម្រុះ / ណុប វណ្ណារិទ្ធ


























Account
Security
Favourite Content