កាលពីរសៀល ថ្ងៃអាទិត្យទី ០៤ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន លោក ឃឹម ហ្វីណង់ អភិបាលរងខេត្តសៀមរាប បានចែករំលែករូបភាពជិត ២០ សន្លឹកដោយបង្ហាញពីសកម្មភាពដង្ហែទីមោងដ៏គួរឱ្យទាក់ទាញ និងចាប់អារម្មណ៍។
អភិបាលរងខេត្តសៀមរាប រូបនេះបានសរសររៀបរាប់ដូច្នេះថា៖ «ឆ្លៀតទស្សនាមើលបងប្អូនសហគមន៍កំពង់ភ្លុកដង្ហែសាកល្បងទីងមោងកាន់ដោយដៃ រូបសត្វស្លាបជិតផុតពូជនិងត្រីកម្រៗ ធ្វើពីវល្លិរពាក់ ឫស្សី និងក្រដាស់ ដើម្បីលើកកម្ពស់ការយល់ដឹងពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅក្នុងសហគមន៍ និងការអភិរក្សជីវៈចម្រុះនៅតាមដងបឹងទន្លេសាប។ ការដង្ហែទីងមោងនេះគឺជាផ្នែកមួយនៃកម្មវិធីជាច្រើនទៀត ដែលសហគមន៍កំពង់ភ្លុកគ្រោងនឹងរៀបចំឡើង នៅក្នុងព្រឹត្តិការណ៍ទេសចរណ៍បរិស្ថាន បុណ្យឆ្លងសាលាឆទាន ឆ្លងស្ពានមាត់ទន្លេ នាថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីអបអរសាទរទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក»។
លោកបន្តរៀបរាប់៖ «ពិតជាគួរឱ្យស្ងើចសរសើរគំនិតច្នៃប្រឌិត និងសកម្មភាពដើម្បីប្រយោជន៍រួមរបស់បងប្អូនសហគមន៍កំពង់ភ្លុកណាស់ ឃើញហើយធ្វើឱ្យមានសង្ឃឹមយ៉ាងខ្លាំងចំពោះអនាគតដ៏ស្រស់ស្អាតរបស់សហគមន៍មួយនេះ»។
គួរបញ្ជាក់ថា ការដង្ហែនេះគឺជាត្រៀមខ្លួនសម្រាប់ ប្រារព្ធព្រឹត្ដិការណ៍ទេសចរណ៍បរិស្ថានប្រចាំ ២០២៣ និងដើម្បីអបអរសាទរទិវាបរិស្ថានជាតិ និងពិភពលោក ក្រោមប្រធានបទ «ស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប»។
ជាមួយគ្នានេះ ព្រឹត្ដិការណ៍នៅថ្ងៃទី១៧ និង១៨ ខែមិថុនាខាងមុខ ប្រជាសហគមន៍ ក៏នឹងប្រារព្ធរួមគ្នានូវពិធីបុណ្យសមុទ្រទឹកសាបផងដែរដើម្បីគោរពទៅដល់ទឹកទន្លេសាបដ៏ធំល្វឹងល្វើយ ដែលបានផ្តល់ផលចម្រុះដល់ប្រជាសហគមន៍ទាំងរដូវប្រាំង និងវស្សា៕

































Account
Security
Favourite Content