ជាប្រពៃណីទំនៀមទម្លាប់របស់ប្រជាជនខ្មែរ ដែលជាពុទ្ធសាសនិកជន ឱ្យតែដល់រដូវកាន់បិណ្ឌចាប់ពីថ្ងៃ ១រោច ខែភទ្របទ រហូតដល់ថ្ងៃ ១៥ រោច ខែភទ្របទ តែងនាំគ្នាធ្វើចង្ហាន់ទៅវត្តអារាមប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ដើម្បីឧទ្ទិសទៅដល់ញាតិកាទាំង ៧សណ្ដានដែលបានចែកឋានទៅ។ ជានិច្ចកាលមុខម្ហូបពេញនិយមជាងគេ សម្រាប់យកទៅវត្តគេច្រើនឃើញមាន ម្ហូប ២ មុខ មិនដែលខាននោះ គឺឆាមីសួ និងខជើងជ្រូក ស្ទើរគ្រប់វត្តអារាម ព្រោះម្ហូបទាំងពីរមុខនេះមានរឿងនិទានដំណាលទាក់ទងនឹងប្រេត។ យ៉ាងណាមិញក៏នៅមានមុខម្ហូបផ្សេងៗទៀត ដែលយើងគួរចម្អិនទៅវត្ត មានរសជាតិឆ្ងាញ់ និងប្លែកពីគេ។ ក្នុងនោះរួមមាន៖
១.បង្គារស្រុះជ្រលក់ជាមួយទឹកត្រីកោះកុង
មុខម្ហូបនេះសាមញ្ញ ងាយចម្អិន មានរសជាតិឆ្ងាញ់ និងមិនពិបាកបកសំបកដូចជាក្ដាមនោះទេ។

២.ពងទាចៀនត្រីប្រម៉ា
ជំនួសដោយប្រហុកខ្ទិះ អាចទ្រលាន់ គួរសាកចម្អិនមុខម្ហូបនេះ ដោយចៀនជាបន្ទះៗ លាយសាច់ជ្រូក ត្រីប្រម៉ា និងពងទា រសជាតិឆ្ងាញ់ ងាយចម្អិន និងផ្ទាប់ជាមួយបន្លែស្រស់មានតាសក់ ត្រប់ស្រួយ ស្ពៃក្ដោប កាន់តែឆ្ងាញ់។

៣.ឆាបន្លែគ្រប់មុខជាមួយគ្រឿងសមុទ្រ
ម្ហូបនេះមិនសាំញ៉ាំច្រើន ងាយចម្អិន ហើយរសជាតិឆ្ងាញ់ មិនទ្រលាន់។ បន្លែមានដូចជា ការ៉ុត ខ្ទឹមបារាំង ម្ទេសប្លោក ស្ពៃ ខាត់ណា ជាដើម។ គ្រឿងសមុទ្រ មានមឹក និងបង្គាស្រស់ ជាដើម។

៤.បង្កងអប់មីសួរ
ជំនួសឆាមីសួ គួរសាកធ្វើមីសួ អប់ជាមួយបង្កង ឬ បង្គារក៏បាន។ ម្ហូបនេះក៏មិនមានអ្វីស្មុគស្មាញច្រើន ចម្អិនលឿន ហើយមានរសជាតិឈ្ងុយឆ្ងាញ់។

៥.ឆាមឹកម្រេចខ្ចី
ឆាមឹកម្រេចខ្ចីក៏ជាមុខម្ហូបដ៏ឆ្ងាញ់ពិសារហើយមិនពិបាកធ្វើ មឹកស្រស់ ឆាជាមួយម្រេច លាយបន្លែតិចៗ មានដូចជាការ៉ុត បន្ថែមជាមួយជីវ៉ាន់ស៊ុយ គឺអេមខ្លាំង។

៦.ឆាខ្ញីសាច់មាន់ស្រែ ឬ សាច់គោស្រែ
ជ្រើសរើសយកមាន់ស្រែសាច់ខ្ចី និងសាច់ចំឡកសាច់គោ ឆាជាមួយខ្ញី ងាយធ្វើហើយឆ្ងាញ់ខ្លាំង មិនទ្រលាន់ទេ។

៧.សម្លស្ងោជ្រក់មាន់ស្រែ
មុខម្ហូបនេះ ពេញនិយមសម្រាប់ប្រជាជនខ្មែរ តែមិនសូវមានអ្នកធ្វើយកទៅវត្តទេ។ សាច់មាន់ស្រែ យកមកស្ងោជ្រក់បែបនេះឆ្ងាញ់ ជូរជ្រះមាត់ មិនទ្រលាន់៕



























Account
Security
Favourite Content