ប្រាសាទ សែងភូវាំង ជាប្រាសាទបុរាណមួយដែលមានរចនាបថស្រដៀងទៅនឹងគោបុរៈទី៣នៃប្រាសាទព្រះវិហារ។ ប្រាសាទមួយនេះស្ថិតនៅក្បែរវាលស្រែល្វឹងល្វើយដាច់កន្ទុយភ្នែកនៃភាគខាងកើតជើងភ្នំជីសូរ។

ប្រសិនបើអ្នកឈរសម្លឹងមើលពីលើកំពូលភ្នំជីសូរអ្នកប្រាកដជាបានឃើញប្រាសាទតូចៗចំនួន ២ នោះគឺប្រាសាទសែនត្មុល និងប្រាសាទសែនរវាំង ឬសែនភូវាំង ដែលប្រាសាទទាំងពីរនេះជាគោបុរៈ ឬខ្លោងទ្វារនៃប្រាសាទភ្នំជីសូរ។ ទាំងប្រាសាទសែនត្មុល និងប្រាសាទសែនភូវាំង ត្រូវបានកសាងឡើងក្នុងរាជព្រះបាទសូរ្យ វរ្ម័នទី១ នាសតវត្សរ៍ទី១១ ដើម្បីឧទ្ទិសថ្វាយព្រហ្មសាសនា។ ប្រាសាទទាំងពីរស្ថិតនៅក្នុងភូមិដក់ពរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។



ប្រសិនបើធ្វើដំណើរចុះពីប្រាសាទភ្នំជីសូរគឺត្រូវឆ្លងកាត់ប្រាសាទសែនត្មុលជាមុនទើបដល់ខ្លោងទ្វារមួយទៀតឈ្មោះថាប្រាសាទសែនភូវាំង។ នៅខាងមុខប្រាសាទក៏មានស្រះទឹកបុរាណដែលអ្នកភូមិហៅតៗគ្នាស្រះស្រង់ ឬទន្លេអ៊ុំដែលអាចឱ្យទេសចរទស្សនាកម្សាន្តបាន។
យ៉ាងណាមិញ សម្រាប់ទេសចរដែលមានបំណងចង់ទៅទស្សនាប្រាសាទបុរាណចំណាស់មួយនេះត្រូវធ្វើដំណើរតាមផ្លូវដែលមានសភាពរាងតូចចង្អៀតដោយសារជាផ្លូវដែលអ្នកភូមិធ្វើដំណើរដោយម៉ូតូ កង់ឬថ្មើរជើងទៅកាន់ស្រែចម្ការរបស់ពួកគាត់ ប៉ុន្តែសងខាងផ្លូវអមដោយវាលស្រែបៃតងស្រស់គួរជាទីគយគន់៕
រូបភាព ៖ បណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា

























Account
Security
Favourite Content