ដ្បិតថាស្ថិតនៅក្នុងព្រៃជ្រៅបន្តិចក្តីតែ «ប្រាសាទដំរីក្រាប» ដែលស្ថិតនៅលើខ្នងភ្នំគូលែន នៅតែអាចទាក់ទាញភ្ញៀវទេសចរ ឱ្យចូលកម្សាន្ត និងបន់ស្រន់ស្ទើររៀងរាល់ថ្ងៃ។ ការបន់ស្រន់សុំសេចក្តីសុខ នៅទីកន្លែងសក្ការបូជានៃប្រាសាទនេះ កើតឡើងតាំងពីយូរលង់ណាស់មកហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន។

ស្ថិតនៅមិនឆ្ងាយពីស្រះដំរី ប្រាសាទដំរីក្រាបមានទីតាំងនៅលើភ្នំគូលែនក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម ស្រុកស្វាយលើ ខេត្តសៀមរាប។ ប្រាសាទនេះ ត្រូវបានសង់ឡើងក្នុងអំឡុងសតវត្សរ៍ទី ៩ នៃអាណាចក្រខ្មែរ ហើយបើទោះបីរងការបែកបាក់ដោយអន្លើក៏ពិតមែន តែប្រាសាទមួយនេះនៅតែបង្អួតសម្រស់យ៉ាងស្រស់ត្រកាល រួមផ្សំជាមួយធម្មជាតិខៀវខ្ចី ដែលអាចទាក់ទាញដល់ភ្ញៀវទេសចរចូលកម្សាន្តជាហូរហែរ។
តាមស្លាកណែនាំនៅទីតាំងប្រាសាទបានរៀបរាប់ថា ប្រាសាទដំរីក្រាប កសាងអំពីឥដ្ឋ មានតួប៉មបីសង់លើខឿនថ្មបាយក្រៀមតែមួយ និងមានកំពែងថ្មបាយក្រៀមសង់ព័ទ្ធជុំវិញ។ តួប៉មពីរនៅសងខាងតួប៉ម កណ្ដាលបានរលំបាក់សល់ត្រឹមមេទ្វារ និងមួយទៀតត្រឹមខឿន រីឯតួប៉មកណ្តាលមាន សភាពល្អច្រើន ហោជាងធ្វើពីឥដ្ឋបាក់បែកផ្នែកខ្លះ និងមានបន្សល់ស្លាកស្នាមបិទ បាយអ ហើយនៅផ្នែកខ្លះនៃតួប្រាសាទមានក្បាច់លម្អផ្សេងៗ។ យើងឃើញមាន បំណែកផ្តែរ បំណែកជើងទម្រស្នាណាទ្រូនី និងសសរពេជ្ររាង៨ជ្រុងចំនួន២នៅល្អ ស្ថិតក្នុងតួប៉មកណ្តាល។ ចំណែកគោបុរៈកសាងពីឥដ្ឋ សព្វថ្ងៃនៅសល់តែគ្រឹះ និងផ្តែរ ទ្វារឆ្លាក់មិនទាន់រួចដែលស្ថិតនៅក្បែរនោះ។ ប្រាសាទនេះពី ដើមមានដម្កល់រូបព្រះវិស្ណុនៅក្នុងតួនីមួយៗ៕
រូបភាព៖ Man Angkor



























Account
Security
Favourite Content