ស្ថិតនៅភូមិស្លា ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ ប្រាសាទភ្នំជីសូរគឺជាបុរាណឋានចំណាស់មួយ ដែលត្រូវកសាងឡើង នៅដើមស.វទី ១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី ១ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទភ្នំជីសូរ ដែលសាងសង់ពីថ្មភក់ និងលីប៉ូនីត ស្ថិតលើខ្នងភ្នំកម្ពស់មានបណ្តោយ ៦០ ម៉ែត្រ ទទឹង ៥០ ម៉ែត្រ ដែលមានកំពស់ ១៣០ ម៉ែត្រ និងមានថែវពីរជាន់ព័ន្ធជុំវិញ។
នៅក្នុងប្រាសាទភ្នំជីសូរ មានសិលាចារឹក២។ សិលាចារឹកទី១ និយាយពីការថ្វាយគ្រឿងសក្ការៈបូជានានា ចំពោះអាទិទេពនៅលើភ្នំដែលមានឈ្មោះថា សូរ្យបព៌ត ដែលមានន័យថា ភ្នំសូរ្យ នៅក្នុងឆ្នាំ ១០១៩ នៃគ.ស។ ចំណែកឯសិលាចារឹកមួយទៀតគឺសិលាចារឹកទី២ នោះ បានអធិប្បាយពីរាជវង្សរបស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលជាអយ្យការអយ្យកោរបស់ព្រះអង្គគឺជាកូនចៅរបស់ស្ដេចហិន្យវរ្ម័ន។ ប្រាសាទ ភ្នំជីសូរ ក៏មានរឿងព្រេងនិទានតំណាលតៗគ្នាដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ។

បច្ចុប្បន្ន ភ្នំជីសូរ រួមទាំងប្រាសាទភ្នំជីសូរ បានក្លាយជារមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តរបស់ខេត្តតាកែវ។ មណ្ឌលនេះបាន និងកំពុងឆ្លុះបញ្ជាំងនូវប្រាសាទបុរាណដែលមានកេរ្តិ៍ដំណែលវប្បធម៌ អរិយធម៌បេតិកភ័ណ្ឌជាតិខ្មែរ គួបផ្សំនឹងទស្សនីយភាពធម្មជាតិ ព្រមទាំងសមិទ្ធិផលសង្គមផ្សេងៗទៀតក្នុងនោះមានជាអាទិ៍ គឺវត្តភ្នំជីសូរ។ ក្រៅពីនោះគេឃើញមាន រូងវិមានច័ន្ទ ស្ថិតនៅប្រមាណ ១៥០ ម៉ែត្រ ពីខាងត្បូង ប្រាសាទភ្នំជីសូរ។ រូងធម្មជាតិនេះមានតាំងពីយូរយារណាស់មកហើយ។ វាជាទីស្ងាត់សម្រាប់ពួកសមណៈព្រាហ្មណ៍តាំងសមាធិ ឬសម្រាប់អ្នកធ្វើធូតង្គដើរចង្រ្គមភាវនាធម៌។ កាលពីសម័យសង្រ្គាមក្នុងឆ្នាំ ១៩៧០ មានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងបណ្តាលឲ្យរូងនោះ ត្រូវបិទជិតដោយដុំថ្មធំៗ មិនអាចចេញចូលបានបន្តទៀតឡើយ។
នៅលើខ្នងភ្នំ ក្រៅពីប្រាសាទ គេឃើញមាន វត្តភ្នំជីសូរ ដែលបានកសាងក្នុងឆ្នាំ ១៩១៧ ដែលមានចៅអធិការវត្តគ្រប់គ្រងតាំងពីដើមរៀងមកមាន ៥ អង្គ។ វត្តនេះត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីក្នុងសង្គ្រាម ១៩៧០ ហើយចាប់ផ្តើមកសាងជាថ្មីក្នុងឆ្នាំ ១៩៧៩ តរៀងមក។

យ៉ាងណាសម្រាប់អ្នកភ្នំពេញ ដើម្បីអាចទៅទស្សនាប្រាសាទភ្នំជីសូរ គឺត្រូវធ្វើដំណើរ តាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និងប្រាសាទនាងខ្មៅ មានចំងាយ ៦២ គីឡូម៉ែត្រ ដោយប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ឆ្វេងចូលតាមផ្លូវកៅស៊ូមានចម្ងាយ ៥ គីឡូម៉ែត្រ ពីផ្លូវជាតិទើបអាចទៅដល់ភ្នំមួយនេះ៕




























Account
Security
Favourite Content