មុនបញ្ចប់ឆ្នាំ ២០២៥ នៅក្នុងខែ ធ្នូ នេះ សារព័ត៌មាន BBC Travel បានកំណត់ថា ទីក្រុងភ្នំពេញ រាជធានីនៃព្រះរាជាណាចក្រកម្ពុជា គឺជាគោលដៅទេសចរណ៍ឆ្នើម ដែលភ្ញៀវទេសចរគួរមកទស្សនាក្នុងឆ្នាំ ២០២៦ ក្នុងចំណោមទីតាំងទាំង ២០ នៅជុំវិញពិភពលោក។

សារព័ត៌មានសញ្ជាតិអង់គ្លេសមួយនេះ បានផ្ដើមថា នេះគឺជាយុគសម័យថ្មីសម្រាប់រាជធានីនៃប្រទេសកម្ពុជា ដែលបានបើកទទួលភាពច្នៃប្រដិត្ឋ និងប្រកបដោយចីរភាព ដែលបានផ្លាស់ប្ដូរមុខមាត់ថ្មីនៃទីក្រុង។
ជាក់ស្ដែង BBC រៀបរាប់ថា អាកាសយានដ្ឋានអន្តរជាតិតេជោដែលទើបតែបើកដំណើរការ បានផ្សាភ្ជាប់អន្តរជាតិមកកាន់ប្រទេសកម្ពុជាកាន់តែប្រសើរជាងមុន ជាមួយនឹងជើងហោះហើរថ្មីពី អារ៉ាប់រួម តួកគី ចិន និងជប៉ុនជាដើម ខណៈនៅក្នុងព្រលានយន្តហោះ ក៏មានតម្កល់ព្រះពុទ្ធបដិមានកម្ពស់ ៩ម៉ែត្រជូនភ្ញៀវទស្សនា និងគោរពផងដែរ។


បន្ថែមពីនេះ BBC ក៏បានណែនាំភ្ញៀវទេសចរឱ្យមកដើរកម្សាន្តនៅឯ “ផ្លូវថ្មើរជើងចតុមុខ” ស្ថិតនៅតាមបណ្ដោយតីរវិថីព្រះស៊ីសុវត្ថិជាប់នឹងមាត់ទន្លេ ដោយថាទីនេះជាទីប្រជុំនៃម្ហូបអាហារតាមដងផ្លូវបែបខ្មែរ ផលិតផលសិប្បកម្មក្នុងស្រុក និងការប្រគំតន្ត្រីនៅរៀងរាល់ចុងសប្ដាហ៍។
សារព័ត៌មាននេះក៏បានសរសើរដល់ស្នាដៃរបស់ស្ថាបត្យករឆ្នើមរបស់កម្ពុជា គឺលោក វណ្ណ ម៉ូលីវណ្ណផងដែរ ដែលនៅសេសសល់ពាសពេញទីក្រុងភ្នំពេញ ខណៈលំនៅដ្ឋានរបស់លោកផ្ទាល់ដែលស្ថិតនៅតាមបណ្ដោយមហាវិថីម៉ៅសេទុង បានក្លាយជាហាងកាហ្វេ និងសារមន្ទីរខ្នាតតូច។


ធ្វើដំណើរប្រមាណ ៦ម៉ោងពីភ្នំពេញ BBC ក៏បានណែនាំភ្ញៀវទេសចរដែលចង់ផ្សារភ្ជាប់ជាមួយធម្មជាតិឱ្យទៅលេងខេត្តមណ្ឌលគីរីដូចគ្នា ដោយណែនាំឱ្យភ្ញៀវដើរទស្សនាធម្មជាតិតាមរយៈមុគ្គទ្ទេសក៏ក្នុងស្រុក Jahoo wildlife tours និងគម្រោងជ្រលងដំរីដែលជាទីកន្លែងជួយសង្គ្រោះសត្វដំរី។
ក្រៅពីទីក្រុងភ្នំពេញ ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា BBC Travel ក៏បានណែនាំគោលដៅទេសចរណ៍ផ្សេងទៀតផងដែរ តួយ៉ាងដូចជា ខេត្ត Ishikawa ប្រទេសជប៉ុន ទីក្រុង Oulu ប្រទេសហ្វាំងឡង់ និងទីក្រុង Abu Dhabi របស់អារ៉ាប់រួមផងដែរ៕


























Account
Security
Favourite Content