Content Creator គឺជាអ្នកបង្កើតនូវមាតិកាផ្សេងៗដ៏សំបូរបែប ទៅតាមបែបផែន និងការចាប់យក Target Audience រៀងៗខ្លួន ដើម្បីទទួលបាននូវការគាំទ្រលើមាតិការបស់ពួកគេ តាមរយៈបណ្ដាញផ្សព្វផ្សាយសង្គមនានា។ ដោយឡែកថ្ងៃនេះ AMS Infotainment សូមចម្រាញ់យកអ្នកបង្កើតមាតិកា ផ្នែកចំណេះដឹងទូទៅ ចំនួន ៤រូប ដែលពួកគេសុទ្ធតែជាអ្នកមានសមត្ថភាពខ្ពស់នៅក្នុងការបង្កើតនូវមាតិកា ទាក់ទងនឹងចំណេះដឹង ការវិភាគ បែបស៊ីជម្រៅ ដោយមានអំណះអំណាង និងឯកសារយោងច្បាស់លាស់។ អ្នកទស្សនាតែងទទួលនបាននូវចំណេះដឹងល្អៗជាច្រើនពីពួកគេតាមរយៈការទស្សនានូវមាតិកាទាំងនោះ។ ក្នុងងនោះរួមមាន៖
១.ដុកទ័រ សេម រតនា
ក្រៅពីវេជ្ជបណ្ឌិតក្នុងវិស័យសុខាភិបាល ដុកទ័រ សេម រតនា ដែលអ្នកទាំងអស់គ្នាស្គាល់តាមរយៈទំព័រហ្វេសប៊ុកផេក Doctor Sem Ratana តែងតែបង្កើតនូវមាតិកាវីដេអូល្អៗ ដែលទាក់ទងនឹងចំណេះដឹងទូទៅលើពិភពលោក ប្រវត្តិសាស្ត្រ រឿងរ៉ាវអាថ៌កំបាំង អប្បិយជំនឿ និងតែងចេញវីដេអូប្រតិកម្មទៅនឹងរឿងរ៉ាវផ្សេងៗដែលកំពុងកើតឡើងលើពិភពលោក និងក្នុងសង្គមប្រទេសកម្ពុជា។ អ្នកទស្សនាអាចទទួលបាននូវចំណេះដឹងថ្មីៗជាច្រើន ពីអ្នកបង្កើតមាតិកាមួយនេះ ពិសេសរឿងរ៉ាវមួយចំនួនដែលយើងគ្រប់គ្នាមិនធ្លាប់បានដឹងពីមុនមក។

២.Poly Ratanak
មកដល់យុវជនវ័យក្មេងរូបនេះវិញ ចាប់ផ្ដើមមានឈ្មោះល្បីល្បាញលើបណ្ដាញសង្គម តាមរយៈការចែករំលែក ចំណេះដឹងទូទៅដ៏ទូលំទូលាយ តាមរយៈការអានសៀវភៅ។ ដ្បិតតែវ័យក្មេង តែ ប៉ូលី រតនៈ មានចំណេះដឹងជ្រាលជ្រៅទៅលើទស្សនៈ ការយល់ឃើញក្នុងផ្លូវបែបវិជ្ជមាន និងតែងតែផ្ញើសារអប់រំ លើកទឹកចិត្ត និងគន្លឹះល្អៗជាច្រើនទាក់ទងនឹងជីវិត ការរស់នៅ ការសិក្សារៀនសូត្រ។ ការចែករំលែកខ្លឹមសារ និងមាតិកាល្អៗប្រកបដោយគុណតម្លៃនេះហើយ ទើបធ្វើឱ្យយុវជនពេញដោយទេពកោសល្យម្នាក់នេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង។ គិតមកដល់បច្ចុប្បន្ននេះ ទំព័រហ្វេសប៊ុកផេក Poly Ratanak មានតាមដានជិត 900K ហើយ។

៣.គ្រីស ឌីណា
កំលោះសង្ហា គ្រីស ឌីណា ក្រៅពីជា Content Creator និង Influencer ពោរពេញដោយមន្តស្នេហ៍ហើយនោះ យុវជនម្នាក់នេះក៏ជាអ្នកចែករំលែកចំណេះដឹង ការវិភាគវែកញែក រកហេតុផល ប្រកបដោយសំនួនវោហារមិនចេះរីងស្ងួត។ រាល់វីដេអូដែលយុវជនរូបនេះបង្កើត និងចែកចាយ តែងតែផ្សាភ្ជាប់នូវចំណេះដឹង ការពញ្ញាក់សតិបញ្ញាស្មារតី ឱ្យអ្នកទស្សនាចេះវិភាគ ចេះវែកញែក ឈរនៅចំណុចកណ្ដាល ចំពោះហេតុការណ៍ទាំងឡាយណាដែលកំពុងកើតឡើង។ អ្វីដែលគួរឱ្យសរសើរនោះ រាល់វីដេអូរបស់ គ្រីស ឌីណា គឺសុទ្ធតែមានភស្តុតាង និងអំណះអំណាងច្បាស់លាស់ មិនមែនចេះតែនិយាយតាមការនឹកឃើញរបស់ខ្លួនឯងនោះទេ។

៤.Fong Seanter
ដោយឡែកចុងក្រោយនេះ គឺកំលោះសង្ហា Fong Seanter រូបគេក៏ជាអ្នកបង្កើតមាតិកាមួយរូប ប្រកបដោយគុណតម្លៃដល់អ្នកទស្សនា។ វីដេអូរបស់យុវជនរូបនេះ ភាគច្រើន គឺនាំអ្នកទស្សនាឱ្យដឹងពីរឿងរ៉ាវជាច្រើនជុំវិញពិភពលោក មិនថាជីវិតបុគ្គលល្បីៗ និងចំណេះដឹងទូទៅជាច្រើនទៀត។ អ្វីដែលធ្វើឱ្យអ្នកទស្សនាចូលចិត្តនោះ គឺការនិយាយរបស់Fong ងាយយល់ ច្បាស់ៗ ខ្លីៗ ចំៗចំណុច និងមានអំណះអំណាងច្បាស់លាស់៕



























Account
Security
Favourite Content