កញ្ញា កុយ អេនណា តារាសម្ដែង តារាបង្ហាញម៉ូដ និងជាអ្នកតស៊ូមតិលើកទឹកចិត្តស្ត្រីដូចគ្នា តែងតែសកម្មក្នុងការងារថែរក្សាមរតកដូនតា ដែលជាសម្បត្តិវប្បធម៌ខ្មែរដ៏សម្បូរបែប។

ថ្មីៗនេះ អេនណា បានរៀបចំឈុតស្បៃ២ជាន់ ប្រពៃណីខ្មែរពណ៌ទឹកក្រូចក្នុងដែលជាស្បៃភ្លី និងស្បៃធំពណ៌ទឹកប៊ិចប៉ាក់ឌិនផ្កាភ្ញី ក្បូរក្បាច់រចនា យ៉ាងប្រណីត ព្រមជាមួយសំពត់ចងសម្លុយ ពណ៌ត្នោតក្រមៅ ដោយមានគ្រឿងអលង្ការខ្មែរគ្រប់សព្វ។
អ្វីដែលមិនអាចខ្វះបានគឺខ្សែឆៀង និងកន្លាស់អាវរូបចាប ដែលជាគ្រឿងបន្សល់ទុកតាំងពីសម័យមុន នៃបុព្វបុរសខ្មែរ។ កាន់តែពិសេសឈុតស្បៃដែល អេនណា គ្រងឈុតខ្មែរ ហើយនៅប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌពិភពលោក។

រូបសម្រស់ និងសម្លៀកបំពាក់ដែលនាងគ្រង បានទាក់ទាញភ្នែកមហាជននៅទីនោះ។ ពេលដែល កុយ អេនណា បានទៅថតនៅប្រាសាទបុរាណខ្មែរហើយក៏ទទួលបាការចាប់អារម្មណ៍ច្រើនពីសំណាក់ភ្ញៀវទេសចរបរទេស ដែលមកទស្សនាអង្គរវត្ត ហើយក៏បានថតរូបអនុស្សាវរីយ៍ថែមទៀតផង។
អេនណា បានរៀបរាប់ពីសម្លៀកបំពាក់ស្បៃខ្មែរប្រាប់ដល់បរទេស ឲ្យបានស្គាល់ និងដឹងពីឫសគល់សម្លៀកបំពាក់ដ៏ប្រណីត ដែលសុទ្ធសឹងធ្វើឡើងបង្កប់ដោយព្រលឹង វប្បធម៌ខ្មែរបញ្ចូលក្នុងនោះ។
ការគ្រងឈុតស្បៃរបស់ កុយ អេនណា រួមចំណែកដល់ការផ្សព្វផ្សាយវប្បធម៌ខ្មែរដែលជាមរតកផូរផង់ឲ្យគង់វងវង្ស និងឲ្យមហាជនទាំងក្នុង និងក្រៅប្រទេសដឹងថាស្បៃខ្មែរ ដែលមាននៅជាប់ជញ្ជាំងប្រាសាទអង្គរវត្តនោះតាំងពីសម័យបុរាណ បន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ៕











រូបភាព៖ Sbai Photography























































Account
Security
Favourite Content