យោងតាមលិខិតផ្លូវការមួយ ចេញដោយអ្នកតំណាង ក្រុមគ្រួសារ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បានចេញមកបញ្ចប់បញ្ហាការវែកញែកមិនចេះចប់លើបណ្ដាញសង្គម ពាក់ព័ន្ធនឹងការអះអាងរបស់លោក បឺត សំរេច ថាជាកូនឥតខាន់ស្លារបស់អធិរាជសំឡេងមាស។ យោងតាមលិខិតដែលមានស្នាមមេដៃចៅស្រីបង្កើត លោកតា ស៊ីន ស៊ីសាមុត ផងនោះ បានសរសេររៀបរាប់ដូចតទៅ៖
ក្នុងនាមយើងខ្ញុំជាតំណាងរបស់ក្រុមគ្រួសារអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត សូមជម្រាបជូន សាធារណជនមេត្តាជ្រាបថា តាមព័ត៌មានកន្លងមកដែលយើងខ្ញុំទទួលបាន មានបុគ្គលមួយចំនួនបានអះអាង ថា ជាកូនឬជាកូនឥតខាន់ស្លារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត។ យើងខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់ ទាំងព័ត៌មានកន្លងមក និងព័ត៌មានថ្មីៗ ហើយយល់ឃើញថា ការលើកឡើងបែបនេះមានច្រើនករណីមកហើយ មិនមែនជាលើកទីមួយទេ ដូចមហាជនបានដឹងបានឮព័ត៌មានតាមបណ្ដាញសង្គមកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ។

យើងខ្ញុំសូមបញ្ជាក់ថា ការអះអាងទាំងនេះ គឺពុំទាន់មានមូលដ្ឋានសំអាងប្រាកដប្រជានៅឡើយ។ មិនតែប៉ុណ្ណោះ ការអះអាង និងការជជែកវែកញែកខ្លះ បណ្ដាលឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរដ៏ឧត្តុង្គឧត្តមរបស់អធិរាជសំឡេងមាស ព្រមទាំងភរិយា និងក្រុមគ្រួសារ និងបានធ្វើឱ្យមានមតិចម្រូងចម្រាស់ និងខ្វែងគំនិតគ្នា រហូតដល់ប្រើពាក្យអសុរោះ និងខ្វះសីលធម៌ទៀតផង។ យើងខ្ញុំសូមប្រកាសមិនទទួលស្គាល់ចំពោះការអះអាងកន្លងមកនេះឡើយ។
ស្របពេលជាមួយគ្នានេះ ក៏មានបុគ្គលខ្លះបានជជែកវែកញែកអំពីសិទ្ធិលើកម្មសិទ្ធិបញ្ញា ដែលក្រុម គ្រួសារអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ទទួលបានដោយស្របច្បាប់។ ករណីនេះ យើងខ្ញុំសូមទុកជូន អ្នកច្បាប់ឬមេធាវី បកស្រាយជូនមហាជន ដោយផ្អែកតាមច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល នៅពេលក្រោយ។

ដូច្នេះយើងខ្ញុំសូមអំពាវនាវដល់បុគ្គលមួយចំនួនដែលកំពុងបញ្ចេញមតិតាមបណ្ដាញសង្គម សូមមេត្តា បញ្ចេញមតិដោយប្រើពាក្យសម្តីសមរម្យ ថ្លៃថ្នូរ និងសមហេតុសមផល ប្រកបដោយសុភនិច្ឆ័យ ដើម្បីរក្សាបាន នូវសេចក្ដីថ្លៃថ្នូរ ស័ក្តិសមជាប្រទេសអច្ឆរិយមួយដែលមានវប្បធម៌ដ៏ល្អផូរផង់។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕
























Account
Security
Favourite Content