យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានរៀបចំ “ពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា វត្ថុបុរាណដែលទទួលបានមកវិញនេះ គឺ ជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន និងជាព្រលឹងដូចតាខ្មែរជាច្រើនជំនាន់ ដែលត្រូវបានគេលួចនាំចេញដោយខុសច្បាប់ទៅក្រៅប្រទេស នៅក្នុងអំឡុងនៃសង្រ្គាមស៊ីវិលរ៉ាំរ៉ៃ និងអសន្តិសុខ ដែលបានកើតឡើងនៅកម្ពុជានាពេលកន្លងទៅនេះ។

គួរបញ្ជាក់ថា ក្នុងចំណោមវត្ថុបុរាណខ្មែរទាំងអស់នេះមួយផ្នែកបានមកពី កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោកឌូគ្លាស ឡាតហ្វដ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០។ បន្ថែមពីលើនេះ សម្បត្តិវប្បធម៌ខ្មែរសំខាន់ៗជាច្រើនដែលកាន់កាប់រក្សាទុកដោយសារមន្ទីរនានា ក៏ត្រូវបានបញ្ចូនត្រលប់មកកម្ពុជាវិញជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
ហើយថ្មីៗនេះ គ្រឿងអលង្ការបុរាណខ្មែរធ្វើពីមាស និងលោហៈមានតម្លៃទាំងធំ-តូចចំនួន ៧៧គ្រឿង ក៏ត្រូវបាននាំយកពីចក្រភពអង់គ្លេស មកដល់កម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយក្រុមការងារដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី។
គួរជម្រាបបន្ថែបថា ក្នុងចំណោមសម្បត្តិវប្បធម៌ខ្មែរ ដែលទទួលបានមកវិញ រូបបដិមាសំខាន់ៗ ក្នុងសម័យមុនអង្ករ និងសម័យអង្ករជាពិសេស បដិមាថ្មធំៗដូចជា៖ ព្រះឥសូរនិងព្រះស្តន្ទ, ព្រះស្កន្ទគង់លើក្ងោក និងព្រះគណេស ដែលមានប្រភពដើមពីរមណីយដ្ឋានប្រសាទកោះកេរ និងជាអតីតរាជធានីអាណាចក្រខ្មែរនៅសតវត្សទី១០នៃ គ.ស៕



























Account
Security
Favourite Content