ថ្មីៗនេះតារាសម្តែង ទ្រី តារាវុធ បានប្រាប់ឱ្យដឹងថា លោកបានទទួលថតខ្សែភាពយន្តខ្នាតធំ និងរឿងភាគទូរទស្សន៍សរុបជិត ១០ រឿង ក្នុងឆ្នាំ ២០២៤ នេះ។ ក្នុងនោះ រួមមាន៖ រឿងខ្នាតធំ ៦ (៣រឿងថតចប់រួចរាល់ ៣រឿងទៀតកំពុងបន្តធ្វើកុងត្រា) និងរឿងភាគទូរទស្សន៍ ២ របស់ស្ថានីយ៍ភីអិនអិន គឺ «ប្រហុកស្រែស្នេហ៍ខ្ញុំ វគ្គ២» និង «កូនប្រសាស្រី» វគ្គ «កូនប្រសាកាត់បំណុល»។

នេះមិនមែនជារឿងធម្មតានោះឡើយ ដែលតារាសម្តែងអាចទទួលថតបានរហូតដល់ទៅជិត ១០ រឿងបែបនេះ ព្រោះការសម្តែងរឿងត្រូវចំណាយពេលវេលាច្រើន ហើយការផ្លាស់ប្តូរចរិកតួអង្គមួយទៅតួអង្គមួយទៀតមិនមែនជារឿងងាយស្រួលនោះឡើយ។ ថ្វីដ្បិតតែមានភាពហត់នឿយខ្លាំងបន្តិចមែន តែ តារាវុធ សប្បាយចិត្តដែលលោកមានស្នាដៃថ្មីៗមកបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជនជាបន្តបន្ទាប់។ ម៉្យាង ប្រាក់ចំណូលក៏កើនទៅតាមនោះផងដែរ។

ទោះបីតារាសម្តែងរាងខ្ពស់ស្រឡះនេះមមាញឹកថតរឿងច្រើនបែបណាក៏ដោយ ក៏លោកនៅតែឆ្លៀតពេលចូលរួមកម្មវិធីសិល្បៈផ្សេងៗពុំដែលខាន ថែមទាំងលេចមុខធ្វើពិធីករ និងគណៈកម្មការកម្មវិធី beauty pageant ទៀតផង។
គួររំឮកថា ឆ្នាំនេះជាខួបគម្រប់ ១០ ឆ្នាំនៃការប្រឡូកសិល្បៈរបស់ លោក ទ្រី តារាវុធ។ ១០ ឆ្នាំកន្លងមកនេះ តារាវុធ បងង្កើតបានស្នាដៃសិល្បៈធំៗជាច្រើន ទាំងការសម្តែង ការដើរម៉ូដ និងធ្លាប់តំណាងកម្ពុជាទៅប្រកួតកម្មវិធីបុរសឯកនៅអន្តរជាតិទៀតផង។ មិនតែប៉ុណ្ណោះ លោកក៏ធ្លាប់ទទួលបានពាន Model Star Award នៅកូរ៉េ ថែមទៀតផង៕

























Account
Security
Favourite Content