ការជ្រើសរើសដៃគូជីវិត គឺជាការសម្រេចចិត្តដ៏សំខាន់បំផុតមួយក្នុងជីវិត ព្រោះថាការស្រឡាញ់គ្នាតែម្យ៉ាង ប្រហែលជាមិនគ្រប់គ្រាន់ដើម្បីធ្វើឱ្យទំនាក់ទំនងមួយនៅស្ថិតស្ថេរនោះទេ។ ខាងក្រោមនេះ AMS សូមណែនាំគោលការណ៍ចំនួន ៨ ដែលអាចជួយប្រិយមិត្តក្នុងការពិចារណាជ្រើសរើសដៃគូជីវិតបានត្រឹមត្រូវ។
១. មានការគិត និងគោលដៅជីវិតដូចគ្នា
មនុស្សពីរនាក់ដែលមានរសនិយម និងគោលដៅជីវិតដូចគ្នារមែងយល់ពីគ្នាងាយជាង ដូចជាពេលនិយាយអំពីគ្រួសារ សាសនា ការងារ ឬរបៀបរស់នៅជាដើម។
២. ទំនាក់ទំនងដោយបើកចំហ និងស្មោះត្រង់
ការប្រាស្រ័យទាក់ទងគ្នាគឺជាបេះដូងនៃទំនាក់ទំនង។ ដៃគូជីវិតល្អត្រូវចេះនិយាយគ្នាដោយបើកចិត្ត និងយល់ពីគ្នាដោយមិនលាក់លៀមអ្វីទាំងអស់។
៣. មានការគោរពគ្នាទៅវិញទៅមក
សេចក្ដីស្នេហាពិតត្រូវមកជាមួយគ្នានឹងការគោរព ការឱ្យតម្លៃ មិនមើលងាយ មិនធ្វើបាបចិត្ត ហើយមិនព្យាយាមគ្រប់គ្រងភាគីម្ខាងទៀត។
៤. ត្រៀមខ្លួនដើម្បីដោះស្រាយបញ្ហា និងឧបសគ្គជាមួយគ្នា
ជីវិតរៀបការឆ្លងកាត់ពេលវេលាល្អ និងពេលអាក្រក់។ មនុស្សត្រឹមត្រូវនឹងមិនទុកគ្នាចោលទេពេលមានបញ្ហា ប៉ុន្តែនឹងជួយគ្នារកដំណោះស្រាយ។
៥. មានភាពស្មោះត្រង់ និងជឿជាក់គ្នាទៅវិញទៅមក
ភាពស្មោះត្រង់គឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនង។ បើគ្មានការទុកចិត្ត ទំនាក់ទំនងអាចបែកបាក់បានដោយងាយ។
៦. មានក្ដីសុខពេលបាននៅជាមួយគ្នា
សាកកត់សម្គាល់មើលថាអ្នកមានអារម្មណ៍ស្រួលចិត្ត និងជាខ្លួនឯងឬទេពេលនៅជិតគ្នា។ ដៃគូជីវិតល្អគួរតែជាមនុស្សម្នាក់ដែលធ្វើឱ្យអ្នកញញឹបាន សូម្បីនៅថ្ងៃដ៏អាក្រក់បំផុតក៏ដោយ។
៧. ផ្តល់ភាពឯកជនឱ្យគ្នា និងគោរពសិទ្ធិគ្នាទៅវិញទៅមក
ទោះបីជាគូស្នេហ៍នឹងគ្នាក៏ពិតមែន ប៉ុន្តែក៏ត្រូវមានភាពឯកជនរបស់ខ្លួនខ្លះដែរ។ យើងមិនគួររំពឹងថាអ្នកដទៃនឹងនៅជាមួយយើងគ្រប់ពេលនោះទេ។
៨. មើលឃើញតម្លៃគ្នាទៅវិញទៅមក
ដៃគូជីវិតល្អមិនត្រូវធ្វើឱ្យអ្នកមានអារម្មណ៍ថាខ្លួនអ្នកគ្មានតម្លៃទេ។ គាត់គួរតែជាមនុស្សម្នាក់ដែលគាំទ្រ និងជំរុញអ្នកឱ្យក្លាយជាមនុស្សល្អជាងមុន។
ការជ្រើសរើសដៃគូជីវិតមិនមែនជាបញ្ហានៃជោគវាសនានោះទេ ប៉ុន្តែវាជាបញ្ហានៃការសម្រេចចិត្តដ៏ល្អ និងការពិចារណាយ៉ាងម៉ត់ចត់ ដើម្បីស្វែងរកដៃគូដែលត្រឹមត្រូវ និងអាចដើរជាមួយគ្នាពេញមួយជីវិត ៕



























Account
Security
Favourite Content