មហាជនជាច្រើនប្រហែលជាបានស្គាល់តារាសម្ដែងប្រុសល្បីលោក Zhou YuMin ដោយសារលោកសម្ដែងជាអង្គល្បី Hua ZhaoLei ក្នុងរឿងភាគ F4 តៃវ៉ាន់កាលពីឆ្នាំ ២០០១។ បច្ចុប្បន្ន លោកនៅតែបន្ដអាជីពជាអ្នកសិល្បៈ និងសម្ដែងភាពយន្ដព្រមទាំងរឿងភាគនានា។ ភាពយន្ដថ្មីរបស់លោក “Be With Me” គ្រោងនឹងចាក់ផ្សាយនៅថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ។



ថ្មីៗនេះដែរ តារាប្រុសវ័យ ៤១ រូបនេះបានផ្ដល់បទសម្ភាសន៍ជាមួយខាង MOMOTV និងបាននិយាយពីបទពិសោធន៍មួយចំនួនរបស់ខ្លួនកំឡុងពេលថតកុន។ មិនតែប៉ុណ្ណោះក៏បាននិយាយពីជំងឺរបស់ខ្លួនប្រាប់ទៅកាន់មហាជនផងដែរ។
Zhou YuMin បានទម្លាយថា៖ លោកមានជំងឺភ័យខ្លាចកន្លែងមានមនុស្សច្រើន និងមិនចូលចិត្តជួបមនុស្សប្លែកមុខទេ។ ប្រសិនបើចៀសបាន លោកនឹងចៀស។ កាលនៅពីក្មេងដើម្បីតែគេចពីមនុស្សលោកសុខចិត្ដងើបតាំងពីម៉ោង ៥:៣០ និងរៀបចំខ្លួនទៅរៀននៅម៉ោង ៦ លោកមានអារម្មណ៍មិនស្រណុកចិត្ដប្រសិនបើមានមនុស្សដើរនៅក្បែរលោក។ មែនទែនទៅ ធ្លាប់មានម្ដងលោកភ្ញាក់ពីគេងយឺត លោកសម្រេចចិត្តមិនទៅសាលាព្រោះតែនឹងត្រូវជួបមនុស្សច្រើននៅតាមផ្លូវ លោកមានអារម្មណ៍មិនល្អ និងភ័យខ្លាច។



លោកបន្ថែមថា៖ លោកជាមនុស្សចូលចិត្តស្ដាប់ជាងនិយាយ។ លោកអាចអង្គុយស្ដាប់គេនិយាយ ប៉ុន្ដែមិនចូលចិត្តនោះឡើយបើឲ្យលោកនិយាយច្រើន។ បច្ចុប្បន្ន ការរស់នៅរបស់លោកក៏ជាលក្ខណៈឯកជន មិនរញ៉េរញ៉ៃខ្លាំងជាមួយអ្នកដទៃ។
ជាចុងក្រោយ លោកបានលើកឡើងថា បន្ទាប់ពីសម្ដែងក្នុងរឿងច្រើនជំងឺនេះមិនសូវជាមានអាការធ្ងន់ធ្ងរពេកនោះទេ គ្រាន់តែលោកនៅតែមិនសូវចូលចិត្តនិយាយច្រើន ខណៈបើអាចជៀសបានគឺនឹងជ្រើសកន្លែងស្ងប់ស្ងាត់ ៕


























Account
Security
Favourite Content