យោងតាមប្រភពព័ត៌មាន 163 របស់ប្រទេសចិន បានឲ្យដឹងថា តារាសម្ដែងស្រី Zheng Shuang បានទម្លាយពីស្ថានភាពរបស់ខ្លួននាពេលបច្ចុប្បន្ន និងចេញបដិសេធព័ត៌មានចុះផ្សាយថាខ្លួននៅសល់ទ្រព្យសម្បត្ដិរាប់លានដុល្លារក្នុងខ្លួន។



យោងតាមការបញ្ជាក់របស់តារាស្រី Zheng Shuang ដែលបានបង្ហោះក្នុងគណនី Weibo របស់ក្រុមហ៊ុននាងបានឲ្យដឹងថា៖ នាងមានអារម្មណ៍ខុសឆ្គងយ៉ាងខ្លាំង ចំពោះក្រុមគ្រួសារ និងអ្នកជុំវិញដែលបានរងការប៉ះពាល់ដោយសារតែទង្វើរបស់នាង។ នាងពិតជាចង់ធ្វើរឿងគ្រប់យ៉ាងដើម្បីប៉ះប៉ូវចំពោះរឿងទាំងអស់ដែលបានកើតឡើង។ នាងសង្ឃឹម ខ្លួនអាចមានលទ្ធភាពរកប្រាក់ចំណូលដើម្បីសងដល់បំណុលទាំងឡាយ។ ស្ថានភាពរបស់នាងបច្ចុប្បន្នគឺគ្មានភាពល្អប្រសើរទេ និងពិបាកក្នុងការសងបំណុល។


នាងបន្ដថា៖ ប្រាក់របស់នាងបានអស់ហើយគ្មានសល់នោះទេ និងកំពុងស្ថិតជាប់ក្នុងបំណុលបន្ទាប់ពីជួបរឿងអាស្រូវ។ នាងមិនមានការងារធ្វើ និងត្រូវរស់នៅជាមួយឳពុកម្ដាយចាស់ជរានៅឯអាមេរិក។ ជាក់ស្ដែង នាងគ្មានទ្រព្យសម្បត្ដិច្រើនជាង ៣០ លានដុល្លារអាមេរិកដូចពាក្យចចាមអារ៉ាមនោះទេ ប្រសិនបើនាងមានប្រាក់ច្រើនដូច្នេះ នាងមិនរស់នៅវេទនាឡើយ។ ពាក្យចចាមអារ៉ាមបានលើកឡើង នាងមានប្រាក់ច្រើនសន្ធឹកសន្ធាប់តែព្យាយាមរត់គេចពីបំណុលមិនសង តែការពិតនាងគ្មានប្រាក់ទេ។



នាងក៏បានស្នើសុំដល់អ្នកលេងលើបណ្ដាញសង្គមឲ្យឈប់បញ្ចេញមតិអាក្រក់ៗ វាយប្រហារនាងទៀត នាងកំពុងព្យាយាមធ្វើឲ្យអ្វីគ្រប់យ៉ាងមានភាពល្អប្រសើរឡើងវិញ។ មតិអាក្រក់ៗ ទាំងនោះពិតជាធ្វើឲ្យប៉ះពាល់ដល់នាង និងមានការឈឺចាប់។
គួររំលឹកដែរថា Zheng Shuang ជាតារាស្រីមានឈ្មោះល្បីម្នាក់ក្នុងប្រទេសចិន រូបនាងបានបង្ហាញខ្លួនក្នុងរឿងភាគល្បីៗដូចជា F4 ២០០៩, Love O2O និង Rush to The Dead Summer ជាដើម។ រូបនាងក៏ជាប់ជាតារាស្រីចិនម្នាក់ដែលមានតម្លៃខ្លួនថ្លៃខ្លាំងម្នាក់ផងដែរ ប៉ុន្ដែដោយសាររឿងអាស្រូវគេចពន្ធ និងជួលគេពពោះជំនួសនៅដើមឆ្នាំ ២០២១ ធ្វើឱ្យអាជីពជាតារាសម្ដែងរបស់នាងត្រូវរលាយខ្ទេចត្រឹមមួយប៉ប្រិចភ្នែក ត្រូវបង្ខំចិត្ដចាកចេញពីសិល្បៈទៅរស់នៅឯសហរដ្ឋអាមេរិក៕

























Account
Security
Favourite Content