Yoo Ah In ជាតារាសម្ដែងប្រុសលេចធ្លោម្នាក់ ដែលបានបង្ហាញខ្លួនក្នុងរឿងភាគ និងភាពយន្ដកុនជាច្រើន។ ប៉ុន្ដែអាជីពសិល្បៈដែលលោកខំសន្សំមករាប់ឆ្នាំ បែរជារលាយស្ទើរអស់ ក្រោយពីលោកធ្លាក់ខ្លួនជាប់ពាក់ព័ន្ធរឿងអាស្រូវប្រើប្រាស់គ្រឿងញៀន។ លោកត្រូវបានគេចោទប្រកាន់ថា លួចប្រើប្រាស់គ្រឿងញៀន ៥ មុខផ្សេងគ្នា ចាប់តាំងពីឆ្នាំ ២០២០ ដោយសារធាតុនោះរួមមាន កញ្ឆា ប្រូប៉ូហ្វុល កេតាមីន ហ្សូលភីឌឹម និងកូកាអ៊ីន។
នៅព្រឹកថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៤ ប្រភពព័ត៌មានកូរ៉េបានឲ្យដឹងថា តារាប្រុស Yoo Ah In នឹងត្រូវចូលខ្លួនទទួលការកាត់ក្ដីលើកទី ៧ ព្រោះរឿងអាស្រូវគ្រឿងញៀន ហើយការកាត់ក្ដីនឹងចាប់ផ្ដើមនៅម៉ោង ២ រសៀល។


កំលុងពេលកាត់ក្ដីលើកទី ២ តារាប្រុសរូបនេះ បានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់ កញ្ឆា និងថ្នាំ ប្រូផូហ្វូល ពិតមែន ប៉ុន្ដែលោកមិនបានជំរុញ និងលើកទឹកចិត្ដដល់អ្នកដទៃឲ្យប្រើប្រាស់ ដូចដែលគេបានចោទប្រកាន់ឡើយ។ ដោយសារតែរឿងអាស្រូវនេះ លោកក៏ធ្លាប់ត្រូវគេគប់មួយដបទឹកសុទ្ធផងដែរ។
តារាប្រុសរូបនេះត្រូវបានរាយការណ៍ថាមានវិបត្ដិផ្លូវចិត្ដយ៉ាងធ្ងន់ធ្ងរផងដែរ។ លោកធ្លាប់បានទៅជួបពិភាក្សាជាមួយគ្រូពេទ្យផ្លូវចិត្ដរហូតដល់ជាង ៤៦ ដង និងតែងតែមានអារម្មណ៍ ញ័រទ្រូង មានអាការភ័យខ្លាចនៅពេលជួបមនុស្ស និងចង់រត់ចោលកន្លែងថតរឿង និងកន្លែងធ្វើការ ព្រមទាំងមានគំនិតធ្វើអត្ដឃាត។ ជារឿយៗ លោកមានអារម្មណ៍មិនស្ងប់ ថប់បារម្ភ និងពិបាកក្នុងការផ្ដោតអារម្មណ៍។ ផ្នែកមួយដែលជំរុញឲ្យតារាប្រុសរូបនេះ ធ្លាក់ខ្លួនប្រើប្រាស់គ្រឿងញៀនគឺដោយសារបញ្ហាសុខភាពផ្លូវចិត្ដ និងដើម្បីបំបាត់ការឈឺចាប់នានាពីជំងឺរបស់លោក។


មែនទែនទៅ វិបត្ដិផ្លូវចិត្ដ និងរឿងអាស្រូវគ្រឿងញៀន បានធ្វើឲ្យស្ថានភាពជីវិតរបស់លោកហាក់មានភាពដុនដាបខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសការងារសិល្បៈក៏លែងមានធ្វើតទៅទៀត។ ថ្មីៗ នេះ ឈុតរបស់លោកដែលបានសម្ដែងក្នុងរឿង Good Bye Earth ក៏ត្រូវបានគេកាត់ចេញ។ រឿងមួយនេះ បានធ្វើឲ្យមហាជនជាច្រើនហាក់មានការអាណិតអាសូរចំពោះរូបលោក និងសង្ឃឹមលោកអាចឆ្លងផុតចំពោះរឿងក្ដីក្ដាំ និងកែខ្លួនចាប់ផ្ដើមសាជាថ្មីម្ដងទៀត៕


























Account
Security
Favourite Content