កាលពីពេលកន្លងទៅលោកជំទាវ ដួងច័ន្ទ ដែលអ្នកលេងហ្វេសប៊ុកស្គាល់ថាជា យាយតយ តែងបង្កសំណើចឲ្យអ្នកគាំទ្រអស់ទុក្ខកង្វល់ ជាមួយភាពកំប្លុកកំប្លែងរបស់ខ្លួន។ ថ្មីៗកន្លងទៅម្ដាយមីង ស្រីនា រូបនេះបានធ្វើឲ្យភ្ញៀវនៅផ្សារទំនើប Aeon 3 ភ្ញាក់ផ្អើលនឹងឈុតដែលស្លៀកចូលរួមក្នុងកម្មវិធី Road 2 the star។


យាយតយ បានជ្រើសរើសឈុតហូលខ្មែរពណ៌បៃតងមកច្នៃជារ៉ូបដ៏ប្រណីតវែងអន្លាយអូសដី រួមមានការប៉ាក់ឌិនត្បូងយ៉ាងភ្លឺចាំងចែងដើរលើកម្រាលព្រំខៀវ ចូលរួមកម្មវិធី Road 2 the star វគ្គផ្ដាច់ព្រ័ត្រ។ ឈុតនោះមានឈ្មោះថា ក្ងោកទេព ដោយចំណាយកំណាត់ហូលអស់ជិត ២០ ម៉ែត្រ បើគិតជាក្បិនអស់ ៥ ក្បិន ដើម្បីកាត់ចេញជារ៉ូប និងមានផ្ទែកកន្ទុយរ៉ូប។ បន្ថែមពីលើសម្លៀកបំពាក់ច្នៃពីហូល លោកជំទាវ ដួង ច័ន្ទ ក៏ពាក់ខ្សែក្រវាត់នាគ (ខឹមខាត់) របស់ខ្មែរ និងស្នៀតត្រចៀក (ចនត្រចៀក)។
សម្រាប់គោលបំណងដែល យាយតយ ជ្រើសរើសឈុតហូលត្បាញដោយខ្មែរទៅចូលរួមកម្មវិធីបែប Fashion នោះ ព្រោះចង់ឲ្យមហាជនគាំទ្រផលិតផលក្នុងស្រុក និងដឹងថាហូលអាចច្នៃបានស្លៀកបំពាក់គ្រប់ទម្រង់ឲ្យតែចេះច្នៃកំណាត់ប្រភេទនេះ ហើយអាចចូលរួមបានគ្រប់កម្មវិធី។ មួយវិញទៀតអ្នកនាង មានគំនិតចង់បំផុសឲ្យហូលខ្មែរ មានមុខគ្រប់ទីកន្លែងដូចប្រេនល្បីៗដទៃដែលបង្ហាញពីស្នាដៃទៅកាន់អ្នកប្រើប្រាស់ និងមានឥទ្ធិពលលើគ្រប់ជាតិសាសន៍។


លោកជំទាវ ដួងច័ន្ទ មានគោលដៅច្បាស់លាស់ក្នុងគ្រងឈុត ក្ងោកទេព ទៅកម្មវិធី Road 2 the star ព្រោះទីតាំងប្រារព្ធស្ថិតក្នុងផ្សារទំនើប ជាទីកន្លែងមានភ្ញៀវជាតិ អន្តរជាតិមកលេងជុំគ្នា។ ដូចនេះប្រាកដជាបានឃើញពីកំណាត់ខ្មែរដ៏ប្រណីតមួយប្រភេទនេះ ហើយភ្ញៀវបរទេសវិញបានលើកមេដៃបង្ហាញពីការស្ញប់ស្ញែង និងមានអ្នកសុំថតជាហូរហែពេលអ្នកជំនួញអនឡាញល្បីឈ្មោះរូបនេះគ្រងដើរទៅកម្មវិធី។ លោកជំទាវយល់ថា បើមានការពេញនិយមប្រើប្រាស់របស់ខ្មែរច្រើន នោះទីផ្សារការងារដល់ជនជាតិយើងក៏កើនឡើងដែរ។
ប្អូនស្រីថៅកែសម្អាងការប្រណិតនារី ក៏បានចូលរួមលើកកម្ពស់អ្នកមានសមត្ថភាពក្នុងស្រុកដទៃទៀត ដូចជា Designer, អ្នកដំឡើង និងជាងដេរផងដែរ ហើយវាដំណើរសេដ្ឋកិច្ចក្នុងស្រុកដើរផងដែរ ព្រោះអ្នកធ្វើទាំងអស់សុទ្ធតែជនជាតិខ្មែរ។ ឈុតក្ងោកទេពពិតជាមានភាពស្រស់ស្អាត ព្រមទាំងមើលទៅថ្លៃថ្នូរ ស័ក្តិសមនឹងតំណែង ព្រមជាមួយរូបរាង និងកម្មវិធីនោះតែម្ដង រហូតអ្នកចូលរួមក្នុងកម្មវិធីតាមសួរ និងសរសើរព្រោងព្រាត៕
































Account
Security
Favourite Content