បើនិយាយពីតួឯកប្រុសក្នុងរឿងចិនដែលល្បីបំផុតនៅជំនាន់នេះគឺប្រាកជាមិនអាចរំលងកំលោះសង្ហាពោរពេញដោយសមត្ថភាព Yang Yang នោះឡើយ ដោយមិនថាចាប់ដៃគូជាមួយតារាស្រីរូបណាក៏ទទួលបានការពេញនិយម Rating ខ្ពស់ៗកប់ពពក។ ជាពិសេសថ្មីៗនេះភាពយន្តភាគ “Fireworks of My Heart” ដែលរូបគេបានសម្ដែងជាមួយតារាស្រី Wang Churan ក៏បានទទួលការពេញនិយមរហូតជាប់ចំណាត់ថ្នាក់លេខ១លើ IQIYI តាំងពីភាគដំបូងតែម្ដង។ ដូច្នេះហើយថ្ងៃនេះ AMS នឹងនាំប្រិយមិត្តមកស្គាល់ពី Yang Yang ឱ្យបានកាន់តែច្បាស់ ថារូបគេមិនមែនមានតែរូបរាងសង្ហានិងពូកែសម្ដែងរឿងប៉ុណ្ណោះទេ ប៉ុន្តែក៏មានលក្ខណៈពិសេសផ្សេងៗជាច្រើនទៀត ដែលអាចឱ្យអ្នកគាំទ្រដឹងហើយកាន់តែលង់ស្នេហ៍ទ្វេដង។

១. ចំណុចចាប់ផ្ដើមនៃអាជីពសិល្បៈ
និយាយពីការចាប់ផ្តើមអាជីពសិល្បៈ តាំងពីក្មេងមក Yang Yang មិនដែលមានគំនិតចង់ក្លាយជាតារាសម្ដែងឡើយ ប៉ុន្តែរូបគេមានសុបិនចង់ក្លាយជាទាហាន ដូច្នេះហើយក៏បានចូលរៀននៅមហាវិទ្យាល័យសិល្បៈរបស់កងទ័ពចិន ហើយមានឱកាសបានរៀនទាំងផ្នែកសិល្បៈ រៀនច្រៀង ជាពិសេសផ្នែករបាំបាឡេ ដែលរូបគេបានលះបង់យ៉ាងខ្លាំងក្នុងការហាត់សមរហូតក្លាយជាតំណាងចេញប្រកួត ហើយក៏ត្រូវបានអ្នកដឹកនាំរឿង “The Dream of Red Mansions” ប្រទះឃើញ និងបានអញ្ជើញគេឲ្យចូលសម្ដែងជាតួឯកក្នុងរឿងនេះតែម្ដង។ ស្នាដៃដំបូងនេះបានទទួលការគាំទ្រយ៉ាងខ្លាំងនិងធ្វើឱ្យគេទទួលបានពានរង្វាន់តារាសម្ដែងថ្មីឆ្នើមថែមទៀត។

យ៉ាងណាក្ដី វិថីនៃអាជីពសម្ដែងរបស់ Yang Yang មិនរលើបរលូនរហូតនោះឡើយ ដោយសារតែដំបូងឡើយៗ រូបគេតែងតែត្រូវបានវាយប្រហារចំពោះសមត្ថភាពសម្ដែង ប៉ុន្តែតារាវ័យ ៣១ឆ្នាំរូបនេះក៏មិនដែលបាក់ទឹកចិត្តឡើយ ហើយតែងតែអភិវឌ្ឍខ្លួនឯងជានិច្ចរហូតបានក្លាយជាតួឯកប្រុសលំដាប់ជួរមុខក្នុងឧស្សាហកម្មភាពយន្តចិន ជាមួយនឹងរឿងភាគជោគជ័យជាច្រើនដូចជា “The King’s Avatar”, “You Are My Glory” ដែលចាប់ដៃគូជាមួយតួឯកស្រីល្បី Dilraba, “Who Rules The World” ជាមួយ Zhao Lusi និងរឿងចុងក្រោយគឺ “Firework of My Heart”។




ភាពជោគជ័យក្នុងឋានៈជា Superstar ជួរមុខរបស់ Yang Yang មិនឈប់ត្រឹមប៉ុណ្ណឹងនោះទេ ដោយរូបគេត្រូវបានជ្រើសរើសជា Brand Ambassador របស់ក្រុមហ៊ុនល្បីៗដូចជា Bulgari និង Valentino ផងដែរ។


២. អត្តចរិត
ទស្សនិកជនជាច្រើនអាចនឹងស្គាល់ Yang Yang ថាជាសុភាពបុរស តាមរយៈអត្តចរិតតួអង្គក្នុងរឿងភាគដែលគេសម្ដែង និងស្ទីលស្លៀកពាក់ពេលចូលរួមកម្មវិធី ប៉ុន្តែតាមពិតទៅ Yang Yang គឺជាមនុស្សចូលចិត្តលេងសើច តែក៏ពូកែអៀនដែរ និងមិនដែលប្រកាន់ខ្លួនឡើយ ហើយតែងតែស្តាប់យោបល់អ្នកដទៃ ដែលចំណុចនេះហើយធ្វើឱ្យអ្នកដែលបានធ្វើការជាមួយគេគ្រប់គ្នាចង់ត្រលប់មកធ្វើការជាមួយគេម្តងទៀត។

៣. ចំណង់ចំណូលចិត្ត
ក្រៅពីការងារ អ្វីដែល Yang Yang ចូលចិត្តធ្វើនៅពេលទំនេរគឺការដើរកម្សាន្តទៅទីកន្លែងផ្សេងៗជាមួយគ្រួសារ និងមិត្តភ័ក្ដិ ទាំងក្នុងនិងក្រៅប្រទេស ដូចជាទៅហុងកុង អ៊ីតាលី តួកគី និង ប្រទេសថៃជាដើម។ លោកចូលចិត្តចេញក្រៅផ្ទះ ដោយសារតែវាធ្វើឱ្យលោកមានអារម្មណ៍ស្រស់ស្រាយនិងដូចជាការសាកថ្មជីវិតដែរ។


៤. ការងារសប្បុរសធម៌
បន្ថែមពីលើបុគ្គលិកលក្ខណៈដ៏កក់ក្តៅ Yang Yang ក៏បានដំណើរការមូលនិធិមួយឈ្មោះថា Sunshine Special Fund ដែលផ្តោតលើការជួយកុមារកំព្រា និងកុមារនៅតាមជនបទឱ្យទទួលបានការអប់រំថ្នាក់មូលដ្ឋាន និងជួយគាំទ្រដល់សុខុមាលភាពពួកគេផងដែរ ដោយលោកសង្ឃឹមថាការបង្កើតមូលនិធិនេះអាចជួយឱ្យក្មេងៗធំឡើងដោយមានក្ដីសុខបាន។ ឃើញបែបនេះហើយមិនបាច់ឆ្ងល់ទេថាហេតុអ្វីបានជា Yang Yang តែងតែទទួលបានការស្រលាញ់ពីសំណាក់អ្នកគាំទ្រ។

៥. បណ្ដាញសង្គម
សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់តាមដានសកម្មភាពរបស់កំលោះសង្ហាម្នាក់នេះ អាចតាមដានលើ Instagram ឈ្មោះ yang_0099 ដែលមានអ្នកតាមដានបច្ចុប្បន្ន ២លាននាក់ ឬតាមគណនី Weibo ឈ្មោះ 杨洋 (Yang Yang) ដែលមានអ្នកតាមដាន ៥៧លាននាក់ ៕

























































Account
Security
Favourite Content