កាលពីថ្ងៃទី ៣១ ខែឧសភា សារព័ត៌មានហុងកុង HK01 បានរាយការណ៍ថា តារាសម្ដែងចិន Jet Li បានបង្ហាញមុខសាធារណៈយ៉ាងដ៏កម្រ សម្រាប់ការផ្សាយពាណិជ្ជកម្មរបស់ម៉ាកយីហោមួយ។


យោងតាម HK01 រូបភាពថ្មីរបស់តារាក្បាច់គុននេះបានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើល ខណៈផ្ទៃមុខរបស់លោកបានបង្ហាញភាពចាស់ជាងវ័យយ៉ាងច្បាស់ និងមានស្នាមជ្រីវជ្រួញជាច្រើន។ អ្នកគាំទ្រខ្លះបានបញ្ចេញមតិថា ក្នុងវ័យ ៦០ឆ្នាំ លី លានជា មើលទៅចាស់ខ្លាំងជាងតារាសម្ដែងរៀមច្បង Simon Yam ដែលមានវ័យ ៦៨ឆ្នាំទៅទៀត។
សារព័ត៌មាន Sina បានរៀបរាប់ថា ភាពចាស់ជាងវ័យរបស់ លី លានជា កើតចេញពីការដែលលោកធ្លាប់មានជំងឺក្រពេញទីរ៉ូអ៊ីត (hyperthyroidism ) និងរងរបួសរាងកាយជាច្រើនអំឡុងពេលថតភាពយន្ត និងសម្ដែងក្បាច់គុន។

Jet Li បានឈប់សម្ដែងក្នុងឆ្នាំ ២០១៨ បន្ទាប់ពីបញ្ចប់ភាពយន្ត “Mulan” ។ បន្ទាប់ពីចាកចេញពី សិល្បៈ លោកបានផ្លាស់ទៅរស់នៅក្រៅប្រទេស ហើយម្តងម្កាលបានត្រលប់ទៅប្រទេសចិនវិញដើម្បីជួបជុំ និងសួរសុខទុក្ខមិត្តភក្តិ។
មួយរយៈចុងក្រោយ តារាប្រុសរូបនេះបានជ្រើសរើសរស់នៅបែបឯកជន ដោយមានបំណងធ្វើដំណើរជុំវិញពិភពលោក និងមើលថែប្រពន្ធកូន។ លី លានជា ចែករំលែកថា លោកចូលចិត្តធ្វើសមាធិនៅលើភ្នំ ឆ្ងាយពីឧបករណ៍បច្ចេកវិទ្យា និងបណ្តាញសង្គម។ លោកក៏ចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្តដើម្បីជួយអ្នកដែលត្រូវការជំនួយផងដែរ។ សកម្មភាពទាំងនេះបានជួយឱ្យលោកមានភាពសប្បាយរីករាយ និងសុខភាពផ្លូវចិត្តល្អប្រសើរជាងមុន។




គួររំឭកថា Jet Li ឬ លី លានជា គឺជាតារាក្បាច់គុនកំពូលមួយរូបរបស់ពិភពលោក និងត្រូវបានចាត់ទុកថាជាមោទនភាពសម្រាប់វិស័យភាពយន្តប្រទេសចិន។ ទោះយ៉ាងណា មិនបានយូរប៉ុន្មាន ភាពរុងរឿងនៃអាជីពរបស់លោកក៏ត្រូវបញ្ចប់ដោយសារតែជំងឺ។
ក្នុងឆ្នាំ ២០១០ Jet Li បានប្រកាសលាឈប់សម្ដែងភាពយន្តក្បាច់គុន ដោយសារតែជំងឺក្រពេញទីរ៉ូអ៊ីត ។ លោកក៏ទទួលរងពីបញ្ហាសុខភាពផ្សេងទៀតដែរដូចជារបួសឆ្អឹងខ្នង និងចង្វាក់បេះដូងមិនប្រក្រតី ប៉ុន្តែក្រោយសម្រាកព្យាបាលអស់រយៈពេលជាយូរមកដល់បច្ចុប្បន្ន សុខភាពរបស់លោកមានសភាពនឹងនរហើយ ៕
























Account
Security
Favourite Content