«សាកថ្មជីវិត» ឬ «Battery Life» ជាកម្មវិធីថ្មីសន្លាងមួយដែលតារាសម្តែងឆ្នើមលំដាប់ប្រទេស លោក ខាត់ វ៉ៃហាំង ទើបបង្កើតឡើង នឹងត្រៀមចាក់បញ្ចាំងជូនសាធារណជនទស្សនាឆាប់ៗនេះ។ កម្មវិធីថ្មីដែល វ៉ៃហាំង ចំណាយទាំងកម្លាំងកាយចិត្តផលិត បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ក៏ដូចជាការបង្ហាញឱ្យគ្រប់គ្នាដែលមមាញឹកការងារ ឱ្យចេះស្រលាញ់ និងផ្តល់ពេលវេលាដល់ខ្លួនឯង។
តារាសម្តែងដ៏មានប្រជាប្រិយភាពនេះឱ្យដឹងថា ហេតុផលជំរុញឱ្យលោកផលិតកម្មវិធីនេះឡើង គឺដោយសារលោកមើលឃើញថា មនុស្សជុំវិញខ្លួនលោកម្នាក់ៗសុទ្ធតែរវល់ការងាររៀងៗខ្លួន ស្ទើរតែភ្លេចថាខ្លួនឯងចង់បានអ្វីទៅហើយ ម៉្យាងលោកផ្ទាល់ក៏ចង់មានចំណែកចូលរួមលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាផងនោះ ក៏សម្រេចផលិតកម្មវិធីនេះឡើងតែម្តង។
ហេតុអ្វីដាក់ឈ្មោះកម្មវិធីថា «សាកថ្មជីវិត» ឬ «Battery Life»? គឺព្រោះយើងយកជីវិតយើងផ្ទាល់ខ្លួនមកវិភាគហើយយកមកបញ្ចេញតាមរយៈវីដេអូនោះ ដូច្នេះទើបលោកដាក់ឈ្មោះនេះឱ្យត្រូវចំណង់ចំណូលចិត្តរបស់ខ្លួនឯង។ តារាសម្តែង ខាត់ វ៉ៃហាំង បញ្ជាក់។ ក្រៅពីការចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងស្រុកហើយនោះ កម្មវិធីថ្មីរបស់លោកក៏នឹងបញ្ច្រៀបសារអប់រំចិត្តគំនិតដល់អ្នកទស្សនាផងដែរ។
តួឯកប្រុសស្ទើរគ្រប់រឿងទម្លាយថា កម្លាំងជំរុញចិត្តដ៏ធំឱ្យលោកផលិតកម្មវិធីនេះ គឺគូស្នេហ៍លោក ស៊ីន យូប៊ីន ព្រោះសព្វថ្ងៃលោកមើលឃើញថា យូប៊ីន រវល់ការងារខ្លាំងណាស់ស្ទើរគ្មានពេលឱ្យខ្លួនឯងទេ ហើយកន្លងមកលោកដាស់តឿនគូស្នេហ៍ញឹកញាប់ដែល តែនាងមិនសូវធ្វើតាមទើបលោកបង្កើតកម្មវិធីនេះឱ្យនាងឃើញតែម្តងទៅ។ លោកសង្ឃឹមថា អ្នកគាំទ្រលោក និង យូប៊ីន នឹងគាំទ្រកម្មវិធីមួយនេះ ហើយបន្ទាប់ពីមើលវីដេអូដែលផលិតនោះហើយ គ្រប់គ្នានឹងងាកមកគិតឡើងវិញ ហើយឆ្លៀតពេលខ្លះផ្តល់ក្តីសុខដ៏ខ្លួនឯង ទោះតិចតួចក្តីក៏គួរតែមានពេលធ្វើខ្លះ។
ថ្មីៗនេះ វីដេអូ Trailer ផ្លូវការកម្មវិធី «សាកថ្មីជីវិត» ត្រូវបញ្ចេញជាផ្លូវការលើទំព័រហ្វេសប៊ុក សាកថ្មជីវិត – Battery Life ហើយ។ គួរឱ្យចាប់អារម្មណ៍ វីដេអូនេះបានបង្ហាញឱ្យឃើញតំបន់ទេសចរណ៍ស្អាតៗជាច្រើនកន្លែង ធ្វើឱ្យគាំទ្រទទូចចង់ឱ្យកម្មវិធីនេះចាក់បញ្ចាំងឆាប់ៗ។
សូមជម្រាបថា កាលពីចុងឆ្នាំ ២០២២ លោក ខាត់ វ៉ៃហាំង និងកញ្ញា ស៊ីន យូប៊ីន ទើបត្រឡប់ពីទទួលពានរង្វាន់នៅប្រទេសថៃ។ ក្នុងនោះ អ្នកទាំងពីរទទួលបានពានរង្វាន់ សរុប ៥ រួមមាន ពានរង្វាន់ពីកម្មវិធី Thailand Digital Award 2022 ចំនួន ៣ ពាន គឺ ពានរង្វាន់តួឯកប្រុស និងតួឯកស្រីតាំងពីចាប់ផ្តើមរហូតដល់បច្ចុប្បន្ន (ម្នាក់មួយ) ពានរង្វាន់ដៃគូសម្តែងដ៏សាកសមបំផុតរបស់ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំប្រទេសកម្ពុជាប្រចាំឆ្នាំ ២០២២ (មួយ) និងពានរង្វាន់ពីកម្មវិធី THE BEST OF K-BEAUTY AWARD 2022 ចំនួន ២ ពាន គឺ The Best International Actor and Actress 2022 (ម្នាក់មួយ)៕























Account
Security
Favourite Content