នៅមិនប៉ុន្មានថ្ងៃទៀតនោះទេ តារាចម្រៀងរូបស្រស់ វីរៈ និច្ច នឹងបានឃើញមុខកូនប្រុសបណ្តូលចិត្តជាដំណក់ឈាមរួមគ្នាជាមួយស្វាមី ដែលនាងកំពុងពពោះគ្រប់ខែហើយ រង់ចាំតែថ្ងៃសម្រាលប៉ុណ្ណោះ។ ថ្មីៗនេះ ម្ចាស់បទ «អូនកាន់តែស្រលាញ់ បងកាន់តែខូច» បានឱ្យដឹងថា អំឡុងពេលពពោះជិតគ្រប់ខែនាងឡើងទម្ងន់រហូតដល់ ៧៨ គីឡូក្រាម ខណៈទម្ងន់នាងពីមុនត្រឹមតែ ៥៧ គីឡូក្រាមតែប៉ុណ្ណោះ ពោលទម្ងន់កូនទី១នេះ គឺនាងឡើងដល់ទៅ ២១ គីឡូក្រាម តែមិនជាថ្វី ស្រីនិច្ច រំភើបចិត្តខ្លាំងណាស់ ព្រោះនាង និងស្វាមីជិតបានជួបមុខកូនប្រុសរបស់ពួកគេហើយ។

ប៉ុន្មានថ្ងៃមុន អនាគតម៉ាក់ៗរូបនេះ បានបង្ហោះរូបថត ហ្វេសសិនបែបអ្នកមានផ្ទៃពោះស្អាតៗជាច្រើនសន្លឹកលើបណ្តាញសង្គមហ្វេសប៊ុក ចែកចាយឱ្យហ្វេនរបស់នាងបានឃើញ និងទុកជាអនុស្សាវរីយ៍សម្រាប់ក្រុមគ្រួសារ ពិសេសគឺទុកឱ្យកូនប្រុសនាងឃើញពីសម្រស់របស់អ្នកម្តាយអំឡុងពេលនាងពពោះ។







មិនត្រឹមតែថតរូបទុកជាអនុស្សាវរីយ៍ប៉ុណ្ណោះទេ តារាចម្រៀង វីរៈ និច្ច នៅឆ្លៀតស្រែកច្រៀងចម្រៀងដ៏មានអត្ថន័យទុកឱ្យកូនស្តាប់ទៀតផង ចំណងជើងថា «ឱកូនមាសម្តាយ» ដែលបទនេះស្តាប់ទៅពិតជាមានអត្ថន័យជ្រាលជ្រៅណាស់ចាក់ដោតដល់បេះដូងអ្នកម្តាយគ្រប់រូប ព្រោះបទនេះបង្ហាញឱ្យឃើញទំហំចិត្ត ការលះបង់ដ៏ធំធេងរបស់ម្តាយចំពោះកូន ដែលតស៊ូពពោះអស់រយៈពេល ៩ខែ១០ថ្ងៃ។

គ្រាន់តែបានស្តាប់ Official Teaser បទ «ឱកូនមាសម្តាយ» រួចភ្លាម ហ្វេនៗសរសើរថាបទនេះពីរោះខ្លាំង អត្ថន័យចាក់ដោតទម្លុះចិត្តអ្នកម្តាយគ្រប់រូបតែម្តង និងទទូចចង់ឱ្យ វីរៈ និច្ច ទម្លាក់បទចម្រៀងពេញឱ្យបានឆាប់ៗកាន់តែល្អ។
គួររំលឹកផងដែរថា តារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេ ចេង ស្រីនិច្ច ហៅ វីរៈ និច្ច បានផ្អាកការងារចម្រៀងមួយរយៈធំចាប់តាំងពីនាងដឹងថាខ្លួនឯងមានផ្ទៃពោះជាថ្មីម្តងទៀត ក្រោយបាត់បង់កូនភ្លោះកាលពីដើមឆ្នាំ ២០២២។ ទោះមិនបានកាន់ម៉ៃក្រូហ្វូនស្រែកច្រៀងដូចមុនពេលមានផ្ទៃពោះតែតារាចម្រៀងរូបនេះ នៅតែមានទីផ្សារ និងមានការងារថតផ្សព្វផ្សាយផលិតផល ក៏ដូចជាផលិតជាវីដេអូប្រម៉ូតផលិតផលថែរក្សាសុខភាពអ្នកម្តាយជាដើម៕

























Account
Security
Favourite Content