តារាកំប្លែងជើងចាស់មួយរូប ដែលមានឈ្មោះបោះសំឡេង ក្នុងអំឡុងឆ្នាំ ១៩៩០ និង ២០០០ លោក តាហ្វ៊ុយហ្សូ ស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យខណៈជំងឺសួតចាប់រើឡើងភ្លាមៗ។ នេះបើតាមការបង្ហោះជូនដំណឹងនៅលើផេកផ្លូវការសមាគមសិល្បករខ្មែរ។

តាមរយៈការជូនដំណឹងលើផេកផ្លូវការសមាគមសិល្បករខ្មែរម្សិលមិញបានឱ្យដឹងថា តារាសម្ដែងជើងចាស់និងជាតារាកំប្លែងលោក ស៊ូ សាវ៉ាង ហៅ តាហ្វ៊ុយហ្សូ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ខណៈជំងឺសួតរបស់លោកតាចាប់ផ្ដើមរើឡើង ដែលមកទល់ពេលនេះលោកតាកំពុងស្ថិតនៅក្នុងការព្យាបាលនិងមើលថែពីសំណាក់ក្រុមគ្រូពេទ្យនៅឡើយ។ គួររម្លឹកឱ្យដឹងដែរថា កាលឆ្នាំ ២០០៧ វីរសិល្បករជើងចាស់រូបនេះធ្លាប់បានធ្លាក់ខ្លួនឈឺម្ដងរួចមកហើយដោយកាលនោះរូបលោកឈឺជំងឺជាច្រើនមុខក្នុងនោះមានទាំងជំងឺបូសថ្លើមផងដែរ។




ជាក់ស្ដែង ដោយមើលឃើញពីស្ថានភាពលំបាករបស់លោកតាក៏ដូចជាក្រុមគ្រួសារ ខាងសមាគមសិល្បករខ្មែរបានរៀបចំកញ្ចប់ថវិកាដើម្បីជួយសម្រាលបន្ទុកខ្លះដល់ការព្យាបាលនិងបានអំពាវនាវដល់សប្បុរសជនជិតឆ្ងាយដែលតែងគាំទ្រសិល្បកររៀមច្បងរូបនេះចូលរួមបរិច្ចាគថវិកាតាមលទ្ធភាពដើម្បីរំលែកការលំបាកលើការចំណាយដ៏ច្រើនក្នុងការព្យាបាលជំងឺរបស់សិល្បកររៀមច្បងលោកតា ស៊ូ សាវ៉ាង ហៅហ្វ៊ុយហ្សូ។



គួរឱ្យដឹងដែរថា ពេញមួយជីវិតរបស់តារាសម្ដែង និងកំប្លែងលោក តាហ្វ៊ុយហ្សូ និងភរិយា បានបម្រើវិស័យសិល្បៈរហូតមក ព្រមទាំងបានលះបង់គ្រប់បែបយ៉ាង ក្នុងការបណ្ដុះបណ្ដាលជំនាញសិល្បៈ និងតន្ត្រីបុរាណដល់ក្មេងៗជំនាន់ក្រោយជាច្រើននាក់ជួយឱ្យពួកគាត់មានអាជីពនិងប្រាក់ចំណូលចិញ្ចឹមជីវិតទៀតផង៕
ប្រភពរូបភាព ៖ សមាគមសិល្បករខ្មែរ























Account
Security
Favourite Content