និយាយដល់បទចម្រៀង «កំលោះស្រុកខ្មែរ» ហ្វេនៗពិតជានឹកឃើញដល់កំលោះសង្ហាពីររូបដែលបកស្រាយបទនេះ នោះគឺ វណ្ណថាន និង វណ្ណដា ដែលអ្នកទាំងពីរបានធ្វើឱ្យបទចម្រៀងចូលឆ្នាំមួយបទនេះ ផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដី តាំងពីក្នុងប្រទេសធ្លាយរហូតដល់ទីផ្សារអន្តរជាតិទៀតផង ដោយគេឃើញមានអ្នកម្ចាស់ឆានែលបរទេសល្បីៗនាំគ្នាយកបទនេះទៅធ្វើ Video Reaction ឡើងព្រោងព្រាត។

ក្រឡេកមកមើល កំលោះស្រុកខ្មែរ វណ្ណថាន ឯណោះវិញ ថ្មីៗនេះទើបទម្លាយឱ្យដឹងក្នុងកិច្ចសម្ភាសន៍សិល្បៈមួយថា ការពិតទៅលោកធ្លាប់ជាអតីតសិស្សនៃសមាគមហ្វារពន្លឺសិល្បៈ ហើយឪពុករបស់លោកធ្លាប់ជាគ្រូបង្រៀននៅទីនេះដូចគ្នាដែរ។ វណ្ណថាន បញ្ជាក់បន្ថែមថា សម្រាប់លោកគឺមានសមត្ថភាពអាចលេងឧបករណ៍តន្រ្តីសម័យ-បុរាណ និងឧបករណ៍ភ្លេងប្រទេសផ្សេងៗសរុប ២៨ ប្រភេទផ្សេងគ្នា។


សិល្បកររូបនេះឱ្យដឹងបន្តថា លោកចេះឧបករណ៍ភ្លេងតាំងពីអាយុ ៨ឆ្នាំមកម៉្លេះ ដោយលោកចេះពីឪពុកលោក ដែលជាតន្ត្រីករបុរាណតែងតែយកលោកទៅតាមពេលគាត់ទៅលេងភ្លេង ដូច្នេះ រសជាតិនៃតន្រ្តីនិងឧបករណ៌ភ្លេងខ្មែរបានដិតដាមក្នុងចិត្តលោកតាំងពីពេលនោះមកម៉្លេះ។ លុះដល់ឆ្នាំ២០០០-២០០១ ទើបលោកបានចូលសិក្សារៀនសូត្រ នៅឯខេត្តបាត់ដំបង។


វណ្ណថាន រំឭកថា លោកមិនបានរៀនសូត្រគ្រប់ជ្រុងជ្រោយដូចសិស្សដទៃទេ ដោយសារតែឪពុកលោកមិនចង់ឱ្យមានពាក្យថា បង្រៀនតែកូនខ្លួនឯង ដូច្នេះ វណ្ណថាន ចូលទៅរៀនឧបករណ៍ភ្លេងតែពេលសិស្សគេចេញអស់ប៉ុណ្ណោះ ហើយត្រង់ណាជាឧបសគ្គទើបឪពុកលោកពន្យល់ណែនាំ។ ដោយសារមានឈាមជ័រឪពុកជាតន្រ្តីករបុរាណ ម៉្យាងសំឡេងភ្លេង និងសំឡេងឧបករណ៍តន្រ្តីខ្មែរបានជ្រាបចូលយ៉ាងជ្រៅក្នុងក្រអៅបេះដូងលោក ធ្វើឱ្យកំលោះកូនអ្នកខេត្តកំពង់ឆ្នាំងរូបនេះ ចេះឧបករណ៍តន្ត្រីបុរាណ- សម័យជាច្រើនមុខ គួបផ្សំឱ្យចេញទៅរៀននៅប្រទេសបារាំងរយៈពេល១ឆ្នាំផងនោះ ទើបលោកចេះលេងឧបករណ៍តន្រ្តីប្រទេសផ្សេងៗទៀតដូចសព្វថ្ងៃនេះ។
ក្រៅពីសមត្ថភាពលេងឧបករណ៍តន្រ្តីសម័យ-បុរាណ និងឧបករណ៍ភ្លេងប្រទេសផ្សេងៗសរុប ២៨ ប្រភេទ កំលោះសង្ហាសម្បុរស្រអែមស្រស់ វណ្ណថាន ដែលមានឈ្មោះពិតថា លី វណ្ណថាន ក៏មានសមត្ថភាពផ្នែកច្រៀងផងដែរ ដោយលោកមានទឹកដមសំនៀងពីរោះរណ្តំចិត្តតែម្តង៕































Account
Security
Favourite Content