សែសិបប្រាំឆ្នាំ បន្ទាប់ពីបានមកដល់ទីក្រុង Los Angeles នៃសហរដ្ឋអាមេរិក លោក David Tran បានកែប្រែក្លាយទឹកម្ទេសម៉ាក Sriracha ទៅជាអាជីវកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារ។
នៅខែធ្នូ ឆ្នាំ ១៩៧៨ លោក David Tran ដែលគ្រានោះមានអាយុ ៣៣ បានចាកចេញពីផ្ទះរបស់ខ្លួននៅប្រទេសវៀតណាមជាមួយនឹងមាសជាង ២គីឡូក្រាម។ ពេលនោះមាស២គីឡូក្រាមមានតម្លៃស្មើនឹង ២មុឺនដុល្លារ ឬប្រហែល ៩មុឺនដុល្លារ សព្វថ្ងៃនេះ។ លោហៈដ៏មានតម្លៃនោះ ត្រូវបានលោក Tran ដាក់ក្នុងកំប៉ុងទឹកដោះគោខាប់នៅជាប់ខ្លួន ដើម្បីជៀសវាងអាជ្ញាធរកុម្មុយនិស្តវៀតណាម រកឃើញ និងចាប់យក។
លោក Tran បានធ្វើដំណើរតាមកប៉ាល់ដឹកទំនិញទៅកាន់ទីក្រុងហុងកុង ជាកន្លែងដែលលោកបានចំណាយពេល ៨ខែនៅក្នុងជំរុំជនភៀសខ្លួន មុនផ្លាស់ទៅទីក្រុងបូស្តុនរយៈពេលប្រាំមួយខែ និងក្រោយមកបន្តទៅរស់នៅក្នុងទីក្រុង Los Angeles មកទល់សព្វថ្ងៃ។ ពេលទៅដល់ទីក្រុង Los Angeles លោក Tran បានលក់មាសមួយចំណែក ហើយទិញអគារមួយទំហំ ៧៦២ មែត្រ នៅទីក្រុងជនជាតិចិនដែលគេនិយមហៅថា Chinatown។
បន្ទាប់មក លោកបានបង្កើតក្រុមហ៊ុនដំបូងរបស់ខ្លួនដោយដាក់ឈ្មោះ Huy Fong ជាឈ្មោះដាក់តាមកប៉ាល់ដឹកទំនិញដែលគាត់បានជិះ។ បន្ទាប់ពីនេះ លោក Tran បានបង្កើតទឹកម្ទេសមួយប្រភេទដែលមានឈ្មោះថា Sriracha ។
កន្លងមកជាង ៤ទសវត្សរ៍ទឹកម្ទេស Sriracha របស់លោក Tran រកឃើញជោគជ័យដ៏ត្រចះត្រចង់។ សូម្បីនៅលើស្ថានីយអវកាសអន្តរជាតិ និងនៅលើតុក្នុងអាហារដ្ឋាននានា ផលិតផលមួយនេះបានវាយលុកគ្រប់ទីកន្លែង។ យោងតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ NPD Group បានឱ្យដឹងថា ដបដែលមាននិមិត្តសញ្ញាសត្វមាន់ កម្របពណ៌បៃតងគឺមាននៅក្នុងផ្ទះបាយមួយក្នុងចំណោមផ្ទះបាយចំនួន ១០ នៅសហរដ្ឋអាមេរិក។ វាជាប់ចំណាត់ថ្នាក់ទី៣ នៅក្នុងចំណោមទីផ្សារទឹកម្ទេសដែលមានតម្លៃ ១,៥ ពាន់លានដុល្លារអាមេរិកបន្ទាប់ពីក្រុមហ៊ុន Tabasco ដែលជាកម្មសិទ្ធិរបស់គ្រួសារ McIlhenny។
Huy Fong ជាក្រុមហ៊ុនមានតម្លៃ ១ពាន់លានដុល្លារនាពេលបច្ចុប្បន្ននេះ បើគេផ្អែកលើការព្យាករណ៍ការលក់ដែលមានតម្លៃ ១៣១ លានដុល្លារក្នុងឆ្នាំ ២០២០ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ IBISWorld។ ការណ៍នេះបាន ធ្វើឱ្យលោក Tran ដែលមានវ័យ ៧៧ ឆ្នាំដែលជាម្ចាស់ក្រុមហ៊ុនទាំងមូល ក្លាយជាមហាសេដ្ឋីទឹកម្ទេសតែម្នាក់នៅសហរដ្ឋអាមេរិក។ ខណៈពេលដែល គូប្រជែងមួយចំនួនរបស់ Sriracha ត្រូវបានក្រុមហ៊ុនផ្សេងទិញក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
គូប្រជែងដ៏ស្វិតស្វាញរបស់ Sriracha គឺក្រុមហ៊ុន McCormick ត្រូវបានយីហោទឹកម្ទេស Cholula របស់ប្រទេសម៉ិកស៊ិកទិញផ្តាច់ក្នុងតម្លៃ ៨០០ លានដុល្លារក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ចំណែកឯលោក Tran ប្រកាសថាមិនមានគម្រោងលក់ Sriracha ទេ។ ដោយគាត់មានបំណងផ្ទេរអាជីវកម្មនេះទៅឱ្យកូនទាំង ២នាក់របស់គាត់គឺ វីលៀម អាយុ ៤៧ឆ្នាំ និង យ៉ាស៊ី អាយុ ៤១ឆ្នាំ។
Sriracha បានក្លាយជាក្រុមហ៊ុនយក្សតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៨០ ដោយមិនចំណាយប្រាក់មួយសេនលើការផ្សាយពាណិជ្ជកម្ម និងតម្លើងតម្លៃបោះដុំ។ ក្រុមហ៊ុនដដែលនេះក៏បានរួចផុតពីបណ្តឹងជុំវិញការបង្កក្លិនរបស់ចេញពីរោងចក្ររបស់ខ្លួន និងការខ្ជះខ្ជាយម្ទេស ដែលជាប់ទាក់ទងនឹងបញ្ហាអាកាសធាតុកាលពីនិទាឃរដូវឆ្នាំមុន ដែលបង្ខំឱ្យក្រុមហ៊ុន Hui Fong បញ្ឈប់ការផលិតជាបណ្តោះអាសន្នផងដែរ។
កត្តាទាំងនេះមិនអាចរារាំងដំណើរជោគជ័យរបស់លោក Tran ឡើយ។ លោក Tran ធ្លាប់បានពន្យល់ទស្សនាវដ្តី Forbes ថា លោកនៅតែចង់បន្តផលិតផលិតផលដែលមានគុណភាពល្អ ដូចជាការធ្វើទឹកជ្រលក់ហឹរហឹរ។
ដំណើរផ្លូវដ៏វែងអន្លាយមុនពេលលោកឈានដល់ចំណុចនេះ៖ លោក Tran មានទីកន្លែងកំណើត នៅខេត្តសុកត្រាង (អតីតដែនដីកម្ពុជាក្រោម) ប្រទេសវៀតណាម ក្នុងឆ្នាំ ១៩៤៥ ដែលពេលនោះ ស្ថិតក្រោមការគ្រប់គ្រងរបស់អាណានិគមបារាំង។ យោងតាមប្រវតិ្តផ្ទាល់មាត់នៃជីវប្រវត្តិរបស់លោក Tran បណ្ឌិត Thuy Vo Dang បានឱ្យដឹងថា ឪពុករបស់លោកគឺជាអ្នកជំនួញ និងមានម្តាយជាស្ត្រីមេផ្ទះ។
នៅអាយុ ១៦ឆ្នាំ យុវជន Tran ដើរតាមបងប្រុស ហើយបានផ្លាស់ទៅទីក្រុងសៃហ្គូន ដែលបច្ចុប្បន្នថាជាទីក្រុងហូជីមិញ ដើម្បីធ្វើការនៅក្នុងហាងលក់សារធាតុគីមី។ ក្រោយមក Tran បានត្រលប់ទៅខេត្តសុកត្រាង ដើម្បីរៀនវិទ្យាល័យ ហើយក្រោយពេលរៀនចប់ Tran ត្រូវបានគេចាប់ឱ្យទៅចូលទៅក្នុងកងទ័ពវៀតណាមខាងត្បូង។
លោក Tran បាននិយាយដោយផ្ទាល់មាត់ថា៖ «ខ្ញុំមិនមានជម្រើសទេ នៅពេលប៉ូលីសបានមកគោះទ្វារ នាយប់នោះ»។
យុវជន Tran មិនដែលធ្វើសង្គ្រាមនោះទេក្នុងអំឡុងពេលបម្រើការកងទ័ព ការងាររបស់គេភាគច្រើនជាចុងភៅនៅក្នុងជំរំ។ ក្រោយមកនៅ ១៩៧៥ លោក Tran បានលាលែងចេញពីកងទ័ព ស្របពេលដែលវៀតណាមខាងជើងដណ្តើមបានទីក្រុងសៃហ្គូន និងឈ្នះសង្រ្គាម។ បន្ទាប់ពីបានបញ្ចប់កាត្វកិច្ចយោធារបស់ខ្លួន លោក Tran បានធ្វើការជាមួយបងប្រុសរបស់គាត់ ដែលកំពុងដាំម្ទេសនៅលើដីរបស់ពួកគេនៅភាគឦសាននៃទីក្រុងសៃហ្គូន។
ពេលនោះជាពេលដែលគាត់ចាប់ផ្តើមធ្វើទឹកម្ទេសឡើង។ Tran ដែលធ្លាប់បានសាកល្បងធ្វើទឹកម្ទេសនៅក្នុងជំរំកងទ័ព បានរកឃើញថាទឹកជ្រលក់ទាំងអស់នៅលើទីផ្សារមិនសូវហឹរ និងខ្វះរសជាតិ។ ដូច្នេះហើយ គាត់សម្រេចចិត្តទិញម្ទេសស្រស់មករក្សាទុក ដោយប្រើជំនាញសាធាតុគីមីដែលខ្លួនចេះ ដើម្បីធ្វើឱ្យទឹកម្ទេស នៅស្រស់ និងហឹរ។
លោក Tran បាននិយាយឱ្យដឹងថា៖ «ខ្ញុំចង់ធ្វើវាព្រោះតែតម្លៃម្ទេសស្រស់… ឡើងចុះច្រើន ប្រសិនបើខ្ញុំអាចធ្វើវាបាន ហើយរក្សាវាឱ្យនៅស្រស់ និងរក្សាតម្លៃទាប… ពេល តម្លៃម្ទេសឡើង យើងនៅតែរក្សាតម្លៃដដែល ដូច្នេះយើងនឹងមានទីផ្សារ»។
លោក Tran រួមជាមួយបងប្រុស និងឪពុកក្មេករបស់គាត់បានធ្វើទឹកម្ទេសដាក់ក្នុងដប រក្សាទុកក្នុងពាងដើម្បីប្រើប្រាស់ឡើងវិញ តែត្រូវបានបោះចោលដោយទាហានអាមេរិកនៅក្នុងប្រទេសវៀតណាមនាពេលនោះ។ មកទល់នឹងឆ្នាំ ១៩៧៨ រដ្ឋាភិបាលកុម្មុយនិស្តបានដាក់សម្ពាធជនជាតិវៀតណាមដើមកំណើតចិនឲ្យចាកចេញពីប្រទេស។ ដូច្នេះហើយលោក Tran និងក្រុមគ្រួសាររបស់ខ្លួន ដែលមានដើមកំណើតជាចិនកាតាំង បានបន្សល់ទុកអ្វីៗគ្រប់យ៉ាងនៅវៀតណាម ហើយឡើងលើកប៉ាល់ដឹកទំនិញភៀសខ្លួនឆ្ពោះទៅទីក្រុងហុងកុង។
លោក Tran ភរិយា និងកូនប្រុស បានបន្តផ្លាស់ទៅរស់នៅទីក្រុង Los Angeles ក្នុងខែមករា ឆ្នាំ ១៩៨០ ដោយសារតែប្អូនថ្លៃរបស់លោក បានប្រាប់ថា នៅទីនោះគាត់អាចស្វែងរកម្ទេសស្រស់យ៉ាងងាយស្រួល។ ខែកុម្ភៈ ឆ្នាំ ១៩៨០ ដដែលនេះ លោក Tran បានចុះបញ្ជីក្រុមហ៊ុនឈ្មោះ Huy Fong ដោយជ្រើសរើសសត្វមាន់ជានិមិត្តសញ្ញារបស់ខ្លួន។
Tran បានចាប់ផ្តើមលក់ទឹកម្ទេស Sriracha ដំបូងតាមរយៈឡានពណ៌ខៀវម៉ាក Chevy មួយគ្រឿង។ នៅឆ្នាំ ១៩៨៧ តម្រូវការបានកើនឡើងយ៉ាងខ្លាំងដែលពួកគេបានផ្លាស់ប្តូរ Hu Fong ទៅកាន់អគារទំហំ ២៤០ ០០០ ម៉ែត្រការ៉េនៅតំបន់ Rosemead ភាគខាងកើតទីក្រុង Los Angeles ។ ចាយពេលមិនដល់ ១ទសវត្សរ៍ផង Hu Fong មានលទ្ធភាពបន្តទិញអតីតរោងចក្ររបស់ធំមួយរបស់ក្រុមហ៊ុន Wham-O។
លោក Tran និយាយថា៖ « ខ្ញុំចង់បន្តផលិតផលិតផលដែលមានគុណភាពល្អ ដូចជាធ្វើទឹកជ្រលក់ហឹរហឹរ… ហើយមិនចង់គិតពីការរកប្រាក់ចំណេញបន្ថែម»។
ក្នុងឆ្នាំ ២០១០ ក្រុមហ៊ុន Hui Fong បានផ្លាស់ប្តូរម្តងទៀតទៅកាន់ទីតាំងបច្ចុប្បន្ននេះ ដែលមានទំហំ ៦៥០ ០០០ ម៉ែត្រការ៉េនៅតំបន់ Irwindale។ ប៉ុន្តែជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រុមហ៊ុនមួយនេះក៏បានបញ្ហាប្រឈមមួយចំនួនផងដែរ៖ ក្នុងឆ្នាំ ២០១៣ អាជ្ញាធរក្រុង Irwindale បានប្តឹង Hui Fong ជុំវិញក្លិនម្ទេសដែលហុយចេញពីរោងចក្ររបស់ក្រុមហ៊ុននេះដោយអះអាងថាវាជា «ការរំខានដល់សាធារណៈជន»។ វាបង្កឱ្យមានភាពចម្រូងចម្រាសរវាងអ្នកនយោបាយក្រៅរដ្ឋ រួមទាំងសមាជិកព្រឹទ្ធសភា Ted Cruz Texas បានជំរុញឱ្យលោក Tran ចាកចេញពីតំបន់មួយនោះ។
ដើម្បីដោះស្រាយបញ្ហានេះ លោក Tran ស្រាប់តែ បើកទ្វាររោងចក្ររបស់ខ្លួនអនុញ្ញាត្តឱ្យសាធារណៈចូលទស្សនាដើម្បីបញ្ចប់មន្ទិលសង្ស័យទាំងនោះ។ ក្រោយមកនៅ ខែឧសភា ឆ្នាំ២០១៤ សាលាក្រុងបានទម្លាក់ពាក្យបណ្ដឹងរបស់ខ្លួនវិញ។
ដ្បិតថាចម្រូងចម្រាសច្រើននាប៉ុន្មានឆ្នាំចុងក្រោយ ប៉ុន្តែអស់រយៈពេលជាង ៤ទសវត្សរ៍មក នេះលោក Tran នៅតែស្វែងរកភាពជោគជ័យយ៉ាងត្រចះត្រចង់បាន ដោយការកែប្រែក្រុមហ៊ុន Hu Fong ពីអាជីវកម្មខ្នាតតូច ទៅជាសាជីវកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារ៕